ព័ត៌មានជាតិ
តំណាងអង្គការ ILO៖ ពីមុន ពេលមានបញ្ហាអ្វីមួយកម្មករចេញបាតុកម្មតាមដងផ្លូវ
លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា បានឱ្យដឹងថា នៅកម្ពុជាកាលពីពេលមុន ធ្លាប់តែមានបញ្ហាអ្វី គឺមានកម្មករនិយោជិតចេញបាតុកម្មតាមដងផ្លូវ ប៉ុន្តែបច្ចុប្បន្ននេះមានការផ្លាស់ប្ដូរពីការធ្វើបាតុកម្មមកអង្គុយចរចាគ្នាដើម្បីដោះស្រាយវិវាទលក្ខណៈស្ថាបនាវិញ។
ថ្លែងក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅទីស្តីការ ក្រសួងការងារ លោក ទុន សោភ័ណ មានប្រសាសន៍បន្តថា ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនេះ គឺជាកត្តាសំខាន់មួយជំរុញឱ្យមានវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។ លោកបានប្ដេជ្ញាបន្តថា នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីបន្តការងារលើកកម្ពស់ការងារសមរម្យ និងការដោះស្រាយបញ្ហារួមគ្នា សំដៅការពារផលប្រយោជន៍ជូនកម្មករនិយោជិត និយោជក និងគ្រប់ភាគីដទៃទៀត។
លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា សហព័ន្ធនិយោជកនឹងបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់និយោជក ក៏ដូចជាជំរុញឱ្យនិយោជកទាំងអស់ចូលរួមលើកស្ទួយសុខមាលភាព សុវត្ថិភាព និងសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ដោយអនុលោមទៅតាមបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិ។
លោកស្រី ទេព គឹមវណ្ណារី ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា បានទទួលស្គាល់ថា កម្ពុជាបានផ្ដល់សិទ្ធិសេរីភាពយ៉ាងពេញលេញជូនដល់កម្មករ និងនិយោជកក្នុងការបង្កើត និងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មានការបង្ខិតបង្ខំ គំរាមកំហែង គ្មានការរំលោភបំពាន ឬធ្វើទុក្ខបុកម្នេញដោយសារការធ្វើសកម្មភាពស្របច្បាប់ឡើយ ដែលបង្ហាញពីវឌ្ឍភាពនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ហើយបើមានបញ្ហាអ្វីគ្រប់ភាគីបានខិតខំចរចាគ្នាដោះស្រាយបញ្ហាប្រកបដោយភាពចាស់ទុំ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពី ការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
លោករដ្ឋមន្ត្រីបានបន្តថា ការបើកចំហសេរីភាពអង្គការវិជ្ជាជីវៈបានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ អង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីមានចំនួនសរុប ៦ ០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន ៥ ៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន ៤២ និងសមាគមនិយោជកចំនួន ១៣។
លោករដ្ឋមន្ត្រីបានជំរុញឱ្យបន្តខិតខំអនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុច នៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានដាក់ចេញក្នុងពេលជួបសំណេះសំណាលជាមួយកម្មករនិយោជិត។ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិ សំដៅពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ។ បន្តខិតខំអនុវត្តគោលនយោបាយលើកទឹកចិត្តឱ្យទទួលបានកិច្ចគាំពារនានា ដូចជា ការទទួលបាននូវរបបសន្តិសុខសង្គម បណ្ណមូលនិធិសមធម៌សុខាភិបាល ការទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យបន្តខិតខំលើកទឹកចិត្ត និងបង្កលក្ខណៈការងារក្នុងជួរកម្មករនិយោជិត និងសហជីពឱ្យចូលរួមក្នុងសកម្មភាពសង្គម ធ្វើអំពើល្អនៅតាមមូលដ្ឋាន។ បន្តខិតខំយកចិត្តទុកដាក់ការងារក្នុងជួរសហគ្រិន និងបុគ្គលិក បុគ្គលស្វ័យនិយោជន៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានអត្ថប្រយោជន៍ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលព្រមទាំងបន្តខិតខំយកចិត្តទុកដាក់ការងារក្នុងជួរពលករនៅក្រៅប្រទេសបន្ថែមទៀត ដូចជាប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ីដែលកំពុងស្នាក់នៅ និងធ្វើការនៅបណ្តាប្រទេសទាំងនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ