ព័ត៌មានជាតិ
ប្រធានរដ្ឋឡាវ នឹងអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នៅកម្ពុជា
លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នឹងអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ការចូលរួមនេះ ស្របពេលប្រធានរដ្ឋឡាវរូបនេះ នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ៣ថ្ងៃ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលផ្សព្វផ្សាយនៅថ្ងៃទី ២ ខែឧសភានេះ បានឲ្យដឹងថា តបតាមការយាងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ទី ៦ ខែឧសភា ឆ្នាំ ២០២៣។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកបណ្ឌិត ថងលុន ស៊ីសុលីត នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
នៅក្នុងនោះដែរ លោកបណ្ឌិត ថងលុន ស៊ីសុលីត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីការធ្វើឲ្យស៊ីជម្រៅ បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្ដីបារម្ភរួម។
លោកបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ លោកបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងនិងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ចាប់ពីថ្ងៃទី ៥ ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។
បើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជាលើកនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់