ព័ត៌មានជាតិ
ពិធីបំបួសកុលបុត្រ កុលធីតា អបអរបុណ្យវិសាខបូជា នៅខេត្តសៀមរាប
សាលាអនុគណក្រុងសៀមរាប សហការជាមួយអាជ្ញាធរខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំពិធីបំបួសកុលបុត្រ កុលធីតាខ្មែរ ចំនួន ១០២ រូប នៅបរិវេណវត្តទេពពោធិវង្ស ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានរយៈពេលមួយអាទិត្យ ចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣។
ក្នុងនោះ គោលបំណងអប់រំបន្ទុំនិស្ស័យតាមបែបពុទ្ធសាសនា ជាការតបគុណចំពោះមាតាបិតា ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមប្រារព្ធបុណ្យវិសាខបូជា ដែលជាបុណ្យជាតិ និងអន្តរជាតិ ផងដែរ។
បុណ្យវិសាខបូជា និងបំបួសកុលបុត្រកុលធីតានេះ ក្រោមវត្តមាននិមន្ត និងអញ្ជើញចូលរួមពីព្រះវិជ័យរង្សី ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរគណខេត្ត និងជាព្រះគ្រូអនុគណក្រុងសៀមរាប និងលោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងឲ្យ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីសង្ឃ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ព្រមទាំងសីលវន្តសីលវន្តី ផងដែរ។
តាមសង្ឃរាយការណ៍របស់ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ប្រធានគណៈកម្មការបុណ្យវិសាខបូជា និងបំបួសកុលបុត្រ-កុលធីតា បានឲ្យដឹងថា នេះជាឆ្នាំទី ១០ ហើយ ជាកម្មវិធីបួសអបអរបុណ្យវិសាខបូជានៅខេត្តសៀមរាប។ ក្នុងពិធីបំបួសកុលបុត្រ កុលធីតា ក្នុងថ្ងៃបុណ្យវិសាខបូជានេះ ពិតជាមានសារសំខាន់បំផុត ដើម្បីឆ្លុះបញ្ចាំងពីប្រពៃណីសាសនាផង ដើម្បីឲ្យកុលបុត្រ កុលធីតាខ្មែរ កាន់តែយល់ច្បាស់ពីតម្លៃព្រះពុទ្ធសាសនាផង។ ម្យ៉ាងទៀតព្រឹត្តិការណ៍នេះ អាចឲ្យពុទ្ធបរិស័ទទាំងអស់ ចូលរួមអភិវឌ្ឍន៍វិស័យសាសនា ឲ្យមានលំនឹង និងសុក្រឹតភាព តាមព្រះធម៌ រំលឹកឲ្យកូនខ្មែរដឹងពីប្រវត្តិ នៃថ្ងៃបុណ្យវិសាខបូជា និងចូលរួមអនុមោទនាចាប់យកចំណែកបុណ្យកុសលដោយក្តីជ្រះថ្លា ហើយបានក្លាយជាប្រពៃណីមួយសម្រាប់អ្នកខេត្តសៀមរាប ក៏ដូចជាក្លាយជាកម្មវិធីប្រចាំឆ្នាំរបស់ខេត្តផងដែរ។
មានប្រសាសន៍សំណេះសំណាលជាមួយសមណេ សីលវន្តី របស់លោកស្រី យូ សុភា បានលើកឡើងថា ពិធីបំបួសកុលបុត្រ កុលធីតា និងបុណ្យវិសាខបូជានេះ គឺដើម្បីរំលឹកដល់នក្ខត្តសម័យកាលទាំងបីរបស់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត ការយាងត្រាស់ដឹងនូវសព្វញ្ញូពុទ្ធ ព្រមទាំងកាលដែលព្រះអង្គទ្រង់យាងចូលបរិនិព្វាន ហើយក៏សម្ដែងនូវកតញ្ញូ កតវេទីតា ថ្វាយចំពោះអច្ឆរិយបុគ្គលព្រះអង្គ ដែលបានសាងបុណ្យបារមី ដោយលះបង់ព្រះកាយពល និងសេចក្ដីសុខ និងព្រះជន្ម ដើម្បីស្វែងរកព្រះធម៌ បម្រើផលប្រយោជន៍មនុស្សជាតិនៅលើភពផែនដីនេះឲ្យមានសុខសន្តិភាពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាជារៀងដរាបមក។
លោកស្រីអភិបាលរងខេត្តបានបន្តទៀតថា ព្រឹត្តិការណ៍ដ៏អធិកអធមនៅតាមវត្តអារាមទូទាំងប្រទេស ប្រមុខរាជរដ្ឋាភិបាល បានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ដោយបានចារិកក្នុងរដ្ឋធម្មនុញ្ញ (ជាសាសនារបស់រដ្ឋ)។ ដូច្នេះពុទ្ធសាសនិកម្នាក់ៗតែងតែប្រតិបត្តិ គោរព ស្រឡាញ់ចំពោះព្រះពុទ្ធសាសនា និងចង់ឲ្យវិស័យព្រះពុទ្ធសាសនានៅតាមទីវត្តអារាមបំពេញ និង បន្តវេននូវតួនាទីរបស់ខ្លួន ដើម្បីឧត្ដមប្រយោជន៍ដល់ពុទ្ធបរិស័ទសង្គមជាតិ និងសម្រាប់ជាទីពឹងពំនាក់របស់ពុទ្ធបរិស័ទគ្រប់រូបទៀតផង។
លោកស្រីបានបញ្ជាក់ថា បុណ្យវិសាខបូជា ជាពិធីបុណ្យជាតិដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ហើយការប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ពិសេសចំនួន ៣ ធំៗ ដូចជា ការប្រសូត ការត្រាស់ដឹង និងការចូលព្រះនិព្វាន។ ព្រះពុទ្ធមានព្រះនាមថា សិទ្ធត្ថ (អានថា សិត-ធ័ត)។ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជ ចំនួន ៦២៣ ឆ្នាំ។ ព្រះអង្គត្រាស់ដឹងជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ នាវេលាទៀបភ្លឺ។ ព្រះអង្គ ទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ វស្សា។ ដោយសារតែទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន នៅក្នុងថ្ងៃ ១៥ កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺខុសតែឆ្នាំតែប៉ុណ្ណោះ ហើយបុណ្យវិសាខបូជា គឺជាការរំលឹកដល់ថ្ងៃទាំង ៣ របស់ព្រះអង្គ។
បើតាមការសិក្សាស្រាវជ្រាវ ឲ្យដឹងថា នៅប្រទេសមួយចំនួនដូចជា ប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា ជាដើម ពិធីបុណ្យពិសាខបូជា ត្រូវបានធ្វើតាំងពីប៉ុន្មានរយឆ្នាំ ក្រោយពេលព្រះពុទ្ធបរិនិព្វានម្ល៉េះ។ ចំណែកនៅប្រទេសកម្ពុជា ទើបតែត្រូវបានធ្វើឡើងនៅឆ្នាំ ១៨៥៥ គឺក្នុងរជ្ជកាលព្រះបាទអង្គឌួង តែប៉ុណ្ណោះ ដោយកាលណោះ ពិធីបុណ្យនេះ ធ្វើនៅរាជធានីឧដុង្គ។ ចំណែកអ្នកដែលបានប្រារព្ធពិធីបុណ្យពិសាខបូជា មុនគេ គឺ ព្រះសង្ឃ និងពុទ្ធបរិស័ទ ផ្នែកខាងធម្មយុត្តិកនិកាយ។ លុះដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ទើបព្រះសង្ឃ និងពុទ្ធបរិស័ទខាងគណៈមហានិកាយ ប្រារព្ធធ្វើជាផ្លូវការរហូតមកដល់សព្វថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីក៏បានធ្វើការក្រើនរំលឹកដល់ ព្រះសង្ឃ សាមណេរ សីលវន្តី និង ពុទ្ធបរិស័ទទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ក្នុងការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីរស់នៅក្រោមដំបូលសន្តិភាពនៅកម្ពុជាតទៅអនាគត៕
អត្ថបទ ៖ គឿនវេត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់