ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យសើរើ និងដកហូតដីចម្ការស្រល់របស់រដ្ឋមកវិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឲ្យមានការសើរើ និងដកហូតមកវិញ នូវការទន្ទ្រានយកទៅកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីមួយចំនួនដែលជាដីត្រូវបានធ្វើសម្បទានសេដ្ឋកិច្ចសម្រាប់ដាំដើមស្រល់ នៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ការឯកភាពនេះ ធ្វើឡើងនៅលើលិខិតស្នើសុំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
នៅក្នុងសំណើដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន បានរៀបរាប់ថា ផ្ទៃដីដែលរាជរដ្ឋាភិបាល អនុញ្ញាតឲ្យក្រុមហ៊ុន វូជីសាន និង ក្រុមហ៊ុន ហួរ លីង វិនិយោគដាំដើមស្រល់ស្ថិតនៅក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានរំលោភកាន់កាប់ខុសច្បាប់ជាហូរហែយ៉ាងអនាធិបតេយ្យអស់ជាច្រើនពាន់ហិកតា តាមរយៈការរំលោភទន្ទ្រានយកកាន់កាប់ពីជនមួយក្រុមតូចបំពានសិទ្ធិស្របច្បាប់ដោយគ្មានខ្លាចរអែងច្បាប់ និងក្រុមហ៊ុនវិនិយោគ។
លិខិតលោក វេង សាខុន បានបន្ថែមថា ដីដែលគេរំលោភកាន់កាប់នេះ ទីតាំងខ្លះ មានការបញ្ជាក់ទិញ-លក់ដី ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់របស់អាជ្ញាធរមូលដ្ឋាន កន្លែងខ្លះទៀត មានទាំងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៀតផង។
ជាមួយគ្នានេះ ផ្ទៃដីព្រៃធម្មជាតិ ដែលបានរក្សាទុកការពារតាមជ្រលងដងអូរក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងពីរនេះ ក៏ត្រូវទទួលរងការកាប់រានទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ផងដែរ។ ក្រៅពីព្រៃស្រល់ និងព្រៃធម្មជាតិនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងពីរខាងលើ ក៏មានការកាប់រាន ដុត ឈូសឆាយនិងហ៊ុមព័ទ្ធវាតយកធ្វើជាកម្មសិទ្ធិខុសច្បាប់នូវដីចម្ការឈើស្រល់របស់រដ្ឋ និងដីចម្ការឈើស្រល់ ដែលព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងដាំក្នុងពិធីរុក្ខទិវាជាតិ ឆ្នាំ២០០៥ផងដែរ។
ជាមួយការរៀបរាប់ពីសកម្មភាពទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជននេះ លោក វេង សាខុន បានស្នើសម្តេចតេជោ ហ៊ុន សែន ចំនួន៤ចំណុច ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃការរំលោភកាន់កាប់ដីរដ្ឋ ដែលកើតឡើងដដែលៗទៀត។ ក៏ដូចជាការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគរួមមាន៖
១៖ រដ្ឋបាលខេត្តត្រូវចេញលិខិតនិរាករណ៍លិខិតទាំងឡាយណាដែលចេញដោយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត មានភាពមិនស្របតាមនីតិវិធីពេញលេញកន្លងមក និងត្រូវចេញដីកាដកហូតដីទាំងនេះ មកជាសម្បត្តិរដ្ឋវិញ។
២៖ រដ្ឋបាលខេត្ត ត្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យលើ ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងការរៀបចំឯកសារក្លែងក្លាយ,ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលរឹងទទឹង ឬពុំព្រមអនុវត្តស្របតាមវិធាននានា ដែលអាជ្ញាធរដាក់ចេញកន្លងមក និងនៅជាធរមាន,ចំណាត់ការផ្លូវច្បាប់លើអ្នកចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមិនប្រក្រតីលើដី ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ចំណាត់ការផ្លូវច្បាប់លើរាល់ការបំប្លែងដីរដ្ឋនៅក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មកជាដីកម្មសិទ្ធិឯកជនមិនមានប្រក្រតីភាព ដោយមិនបានសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម ។
៣៖ រដ្ឋបាលខេត្តត្រូវរៀបចំផែនការសកម្មភាពដើម្បីបើកយុទ្ធនាការបោសសំអាតទ្រង់ទ្រាយធំលើការរំលោភទន្ទ្រានហ៊ុមព័ទ្ធយកដីរដ្ឋខុសច្បាប់តាមគ្រប់រូបភាពដោយមានកិច្ចសហការគាំទ្រចូលរួមពីកម្លាំងចម្រុះថ្នាក់ជាតិ។
៤៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវពិនិត្យលទ្ធភាពអាចស្នើធ្វើនិយ័តកម្ម ឬប្តឹងទៅតុលាការ មោឃភាពចំពោះវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុដែលមិនបានបំពេញនីតិវិធីពេញលេញនៅជាធរមាន។ សម្តេចតេជោ ហ៊ុន សែន បានចារឯកភាពរាល់សំណើទាំង៤នេះ ផងដែរ។
សូមបញ្ជាក់ថា ការរំលោភទន្ទ្រានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ មិនមែនជារឿងថ្មីនោះទេសម្រាប់ខេត្តខេត្តមណ្ឌលគិរី។ កាលពីឆ្នាំ២០២០ក៏មានការសើរើលើករណីរំលោភទន្ទ្រានដីនៅភូមិសាស្ត្រស្រុកអូររាំងនិងស្រុកកែវសីមាផងដែរ ។ កាលនោះជនពាក់ព័ន្ធនឹងការចេញលិខិតលក់ទិញដីទាំងនេះ បានរងការពិន័យ ហើយក្នុងនោះ អភិបាលស្រុកកោះញែកលោក ស៊ិន វណ្ណវុឌ្ឍ ត្រូវបានដកហូតតំណែងផងដែរ៕
អត្ថបទ ៖ ណារី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ