ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចំនួនមេដាយដែលកម្ពុជាទទួលបានមានចំនួនច្រើន រហូតអាចបំបែកឯតទគ្គកម្មរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រ
នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តព្រះសីហនុ នៅសណ្ឋាគារ ឯករាជ ក្រុងព្រះសីហនុ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចូលរួមអបអរសាទរជាមួយសមណនិស្សិត និងនិស្សិតជ័យលាភីទាំង ៥២៥អង្គ/នាក់ ដែលត្រូវទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង បន្ទាប់ពីការយកចិត្តទុកដាក់រៀនសូត្រ និងការជម្នះរាល់ការលំបាកនានាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ភាពជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រគ្រប់សព្វបែបយ៉ាងពីសំណាក់ក្រុមគ្រួសារអាណាព្យាបាល ក៏ដូចជាគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ក្នុងនាមជាកម្លាំងសរុបវិញចូលគ្នាជាធ្លុងមួយជួយជំរុញឱ្យទទួលបាននូវសមិទ្ធផលធនធានមនុស្សទាំងអស់នេះ។ ការវិនិយោគលើវិស័យអប់រំ គឺជាការចូលរួមចំណែកក្នុងការបណ្តុះចំណេះដឹង សមត្ថភាព គុណធម៌ និងសីលធម៌ ជាគុណវុឌ្ឍិផ្នែកខាងក្នុងរបស់មនុស្ស ដែលជាទ្រព្យធនដ៏មានសារៈសំខាន់ចំបាច់បំផុតសម្រាប់ប្រទេសជាតិនីមួយៗ។ ក្នុងន័យនេះ សូមកោតសរសើរដល់សាកលវិទ្យាល័យ UME ដែលបានវិនិយោគលើវិស័យអប់រំក្នុងរយៈកាល២៥ឆ្នាំកន្លងមកនេះ ដោយបានអភិវឌ្ឍខ្លួនឈានឡើងជាបន្តបន្ទាប់ រហូតមានវត្តមាននៅក្នុងខេត្តចំនួន៦ នៅទូទាំងប្រទេស ដែលនេះគឺជាការចូលរួមចំណែកមិនអាចខ្វះបានជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាសម្រេចទិសដៅនៃការអភិវឌ្ឍវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការដែលឃើញនូវដំណើរការដោយរលូន នៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា គឺជាមោទកភាពដ៏វិសេសវិសាលបំផុតក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ហើយជោគជ័យនេះ ក៏បានឆ្លុះបញ្ចាំងអំពីការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីភាពជាតិខ្មែរ នៅក្នុងការបង្ហាញប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន រួមទាំងអំពីទឹកចិត្តដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរយើងក្នុងការទទួលស្វាគមន៍រាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី។ ជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួន, ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានបង្ហាញនូវភាពលេចធ្លោលើទិដ្ឋភាព២ សំខាន់ៗ៖ ទី១. គឺការដឹកនាំ និងការរៀបចំគ្រប់សកម្មភាពពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងការប្រកួតប្រកបដោយភាពរលូន ត្រឹមត្រូវ យុត្តិធម៌ និងទំនុកចិត្ត ស្របតាមកម្រិតស្តង់ដារកំណត់របស់ក្រុមប្រឹក្សាសហព័ន្ធកីទ្បាអាស៊ីអាគ្នេយ៍, និងទី២. គឺសមត្ថភាពធនធានមនុស្សរបស់កម្ពុជានៅក្នុងវិស័យកីឡា ត្រូវបានលើកកម្ពស់ជាលំដាប់គួរឱ្យកត់សម្គាល់។

ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នេះ គឺចំនួនមេដាយដែលកម្ពុជាទទួលបានមានចំនួនច្រើន រហូតអាចបំបែកឯតទគ្គកម្មរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រ ហើយក៏នឹងកំពុងបន្តកើនឡើងជាប់ទៅមុខរហូត។ វឌ្ឍនភាពនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែវាជាផ្លែផ្កាដែលកើតឡើងក្រោមបរិស្ថានអំណោយផលនៃសុខសន្តិភាព-ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ដូចគ្នានេះវិនិយោគិនបរទេសក៏មានការរំពឹងទុកតែមួយផងដែរ ចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយទី១. ត្រូវពិនិត្យមើលលើកត្តាសន្តិភាព-ស្ថិរភាព និងទី២.កម្រិតសមត្ថភាពធនធានមនុស្សរបស់កម្ពុជា ដែលត្រូវមានជំនាញបម្រើឱ្យដំណើរការផលិតកម្មក្នុងគម្រោងវិនិយោគរបស់ពួកគេ។ សូមសិស្ស-និស្សិតកម្ពុជាគ្រប់រូបត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រទាំងលើជំនាញរឹង និងជំនាញទន់ ឱ្យមានគុណវុឌ្ឍពិតប្រាកដច្បាស់លាស់ ដើម្បីក្លាយខ្លួនជាមូលធនមនុស្សរបស់កម្ពុជា ដែលនឹងដើរតួនាទីសំខាន់នៅក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិយើងក្នុងចរន្តសាកលភាវូបនីយកម្ម និងការចាប់យកនូវសក្តានុពលថ្មីៗបម្រើឱ្យការកសាងអភិវឌ្ឍប្រទេសនៅពេលខាងមុខ៕
អត្ថបទ៖ ស៊ុយ ចាន់ធា





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ