ព័ត៌មានជាតិ
ដើម្បីក្លាយជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺជាការការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាដែលជាតំណាងឲ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ គណបក្សដែលមានបំណងសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះ គឺត្រូវរៀបចំបែបបទ និងពាក្យសុំពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដោយមានភ្ជាប់ជាមួយសំណុំឯកសារពាក់ព័ន្ធ។

ដើម្បីអាចក្លាយជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតដ៏សំខាន់មួយនេះ តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
បើតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គណបក្សដែលបានដាក់ពាក្យសុំចុះបញ្ជីនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះពេញសិទ្ធិយ៉ាងតិចចំនួន១/៣ (មួយភាគបី) នៃចំនួនអាសនៈក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ។ ក្នុងន័យនេះ គណបក្សត្រូវមានចំនួនកំណត់បេក្ខជនពេញសិទ្ធិយ៉ាងតិច៤២រូបនៃចំនួនអាសនៈសរុបក្នុងរដ្ឋសភា។
ទន្ទឹមនេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនេះ គឺត្រូវមានសញ្ញាតិខ្មែរ ពីកំណើត មានអាយុ២៥ឆ្នាំឡើងទៅ មានលំនៅឋាន ឬទីសំណាក់ក្នុងប្រទេសកម្ពុជា ហើយត្រូវមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការ ជាពិសេស គឺមានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីចូលរួមបោះឆ្នោត។

ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានកំណត់ពីបុគ្គលមួយចំនួនដែលមិនអនុញ្ញាតឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រក្នុងបោះឆ្នោតជាតិមួយនេះឡើយ។ បុគ្គលដែលត្រូវបានហាមឃាត់នេះ រួមមាន៖ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬជនដែលត្រូវបានតុលាការផ្ដន្ទាទោស ហើយមិនទាន់មាននីតិសម្បទាឡើងវិញ ឬជនដែលត្រូវដកសិទ្ធិបោះឆ្នោត ឬដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត រួមទាំងជនដែលត្រូវបានលុបឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ដោយឡែក មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងបព្វជិតសាសនា ក៏ស្ថិតក្នុងចំណោមបុគ្គលដែលមិនអនុញ្ញាតឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រផងដែរ។ តែបើទោះបីយ៉ាងនេះក្ដី ត្រង់មាត្រា២៥ នៃច្បាប់នេះ ក៏បានបើកសិទ្ធិពិសេសសម្រាប់បុគ្គលទាំងនេះដែលមានបំណងឈរឈ្មោះជាបេក្ខជន គឺអាចដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។

ក្នុងករណីបានជាប់ឆ្នោត គឺមន្ត្រីខាងលើនេះត្រូវដាក់ពាក្យសុំតាមឋានានុក្រមទៅសាមីក្រសួង ឬសាមីអង្គភាព ដើម្បីទៅបម្រើការក្រៅក្របខណ្ឌដើមក្នុងរយៈពេលអាណត្តិរបស់ខ្លួន។ ក្នុងអំឡុងស្ថិតនៅក្រៅក្របខណ្ឌដើមនេះទៀតសោត សាមីខ្លួនត្រូវមានសិទ្ធិឡើងឋានន្តរសក្ដិ និងឡើងថ្នាក់ដោយស្វ័យប្រវត្តិ និងរក្សាអតីតភាពការងារសម្រាប់ទទួលសោធននិវត្តន៍ ។ នៅពេលចប់អាណត្តិជាតំណាងរាស្ត្រ សាមីខ្លួនអាចសុំត្រឡប់មកបម្រើការនៅក្រសួង ឬអង្គភាពដើមវិញ ប៉ុន្តែមុខងារអាស្រ័យដោយសាមីក្រសួង ឬសាមីអង្គភាពជាអ្នកសម្រេច៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?