ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា-សហភាពអឺរ៉ុប បានធ្វើឲ្យប្រសើរឡើងភាពជាដៃគូ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា កម្ពុជា-សហភាពអឺរ៉ុប បានធ្វើឲ្យប្រសើរឡើងភាពជាដៃគូ តាមរយៈការប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ទោះស្ថិតក្នុងកាលៈទេសៈ នៃការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ និងសង្រ្គាម ដែលកំពុងបន្តមាននៅអ៊ុយក្រែនក៏ដោយ។

ការលើកឡើងនេះ គឺតាមរយៈសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនលោក អើសូឡា វ៉ាន់ឌើលេន ប្រធានគណៈកម្មការអឺរ៉ុប ក្នុងនាឱកាសនៃ “ទិវាអឺរ៉ុប”។
តាមរយៈសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា នាឱកាសនៃ “ទិវាអឺរ៉ុប” តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនលោកស្រី ព្រមទាំងប្រជាជនទាំងអស់ នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប សូមបានប្រកបនូវសុខភាពល្អបរិបូណ៌ សុភមង្គល និងវិបុលភាព។
សម្ដេចតេជោ ហ៊ុន សែន សរសេរបន្តថា នៅពេលសម្ដេចគិតអំពីទ្វីបអឺរ៉ុប សម្ដេចមិនត្រឹមតែមើលឃើញអំពីសហគមន៍នៃប្រទេសរដ្ឋសមាជិកប៉ុណ្ណោះទេ។ ប៉ុន្តែជាការប្រមូលផ្តុំនៃប្រទេសជាច្រើនទៀតដែលជាមិត្ត និងដៃគូរបស់សហភាពអឺរ៉ុប ផងដែរ។ ស្ថិតក្នុងស្មារតីនេះ ពួកយើងគួរតែចងចាំផងដែរថា ឆ្នាំក្រោយគឺជាខួបគម្រប់ ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប។ មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើង ពិតជាធន់នឹងការសាកល្បងនៃពេលវេលា ក្នុងអំឡុងរយៈពេល ៣ទសវត្សកន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំសូមឆ្លៀតយក ឱកាសនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការអឺរ៉ុប រួមជាមួយបណ្តារដ្ឋសមាជិក ទាំងអស់នៃសហភាពអឺរ៉ុប ចំពោះការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពដល់ប្រទេសកម្ពុជា»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ទោះស្ថិតក្នុងកាលៈទេសៈនៃការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ និងសង្រ្គាមដែលកំពុងបន្តមាននៅអ៊ុយក្រែនក៏ដោយ ប្រទេសកម្ពុជា និងសហភាពអឺរ៉ុប បានធ្វើឲ្យប្រសើរឡើងភាពជាដៃគូ តាមរយៈការប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការពង្រឹងពហុភាគីនិយមក៏ដូចជា សម្រេចបាននូវលទ្ធផលជាក់ស្តែងសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដែលកម្ពុជាមាន មោទនភាពបានរៀបចំកាលពីឆ្នាំ ២០២១។ ភាពជោគជ័យដ៏ធំធេងនៃភាពជាប្រធានអាស៊ានរបស់ កម្ពុជាកាលពីឆ្នាំកន្លងទៅ គឺជាសក្ខីភាពដ៏រឹងមាំផងដែរនៃកិច្ចសហការនេះ ដើម្បីដោះស្រាយបញ្ហា តំបន់ និងសកល ក្នុងគោលបំណងថែររក្សានូវសន្តិភាព និងស្ថិរភាព សម្រាប់តំបន់ទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅចុងឆ្នាំនេះ កម្ពុជាទន្ទឹងរង់ចំាដល់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-អឺរ៉ុប លើកទី ១២ ហើយសម្ដេចជឿជាក់យ៉ាងមុតមាំថាភាគីទាំងពីរ នឹងនៅតែបន្តប្តេជ្ញាចិត្តដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អរបស់យើង ដើម្បីជាប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិយើង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ