ព័ត៌មានជាតិ
មន្ត្រី គ.ជ.ប បញ្ជាក់ករណីលោក រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ករណីដែលលោក រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧នេះ។ ការបញ្ជាក់នេះ គ្រាដែលលោក មាន សទិ សមាជិក គ.ជ.ប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពី បច្ចុប្បន្នភាព នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត កាលពីព្រឹកថ្ងៃទី ៩ ខែឧសភានេះ។

នៅក្នុងកិច្ចប្រជុំនេះ មានសំណួររបស់ភាគីចូលរួមក្នុងកិច្ចប្រជុំ ពាក់ព័ន្ធនឹងនីតិវិធីនៃការពិនិត្យពាក្យសុំចុះបញ្ជី របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ការដកខ្លួនចេញរបស់ បេក្ខជនដែលបានឈរឈ្មោះបោះឆ្នោត និងការចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិ។

តំណាង គ.ជ.ប បានឆ្លើយក្នុងអង្គប្រជុំនោះថា គ.ជ.ប ពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងយូរ ៧ ថ្ងៃ បន្ទាប់ពីទទួលបានពាក្យសុំ។ ក្នុងករណី គ.ជ.ប យល់ព្រមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវចេញ លិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជូនសាមីគណបក្សនយោបាយ។
ក្នុងករណី គ.ជ.ប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយ ពុំបានបំពេញលក្ខខណ្ឌ ណាមួយដូចមាន ចែងក្នុងច្បាប់ និងនីតិវិធី គ.ជ.ប ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយវិញ ដើម្បីបំពេញបន្ថែម។ គណបក្សនយោបាយ ត្រូវបំពេញលក្ខខណ្ឌដែលខ្វះខាតយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីថ្ងៃដែលសាមីគណបក្សនយោបាយ បានទទួលលិខិតជូនដំណឹងពី គ.ជ.ប។
តំណាង គ.ជ.ប បានបញ្ជាក់ទៀតថា ករណីបេក្ខជនឈរឈោ្មះបោះឆ្នោតរបស់គណបក្សនយោបាយ គ.ជ.ប បានសុំការបញ្ជាក់ពីក្រសួងយុត្តិធម៌ អំពីភាពមាននីតិសម្បទាឡើងវិញរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ដោយក្រសួងយុត្តិធម៌ បានឆ្លើយបញ្ជក់មក គ.ជ.ប វិញថា ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញទេ។ ដូចនេះ ឈោ្មះ រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ។ ចំពោះការដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត តំណាង គ.ជ.ប បានបញ្ជាក់ដែរថា ករណីនេះជាសិទ្ធិរបស់បុគ្គល និងកិច្ចការរបស់គណបក្សនយោបាយ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣នេះ បានស្នើឲ្យប្រធានគណបក្សភ្លើងទៀន ត្រូវបំពេញចំណុចខ្វះខាតក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧។ ក្នុងនោះ គណបក្សភ្លើងទៀន ក៏ត្រូវប្ដូរបេក្ខជនថ្មីជំនួសលោក រ៉ុង ឈុន ដែលត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែម ជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី ១ មណ្ឌលខេត្តកណ្តាល៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ