Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ​មាន​កាស៊ីណូ ៩៧ កន្លែង ខណៈ ៦០ កន្លែង កំពុង​ធ្វើអាជីវកម្ម

បានផុស

នៅ

ខេត្ត​ព្រះសីហនុ​មាន​កាស៊ីណូ​ចំនួន ៩៧ កន្លែង ក្នុង​នោះ​កាស៊ីណូ ៦០ កន្លែង កំពុង​ដំណើរការ​អាជីវកម្ម។

លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់នៅ​ក្នុង​សន្និសីទ​របស់​រដ្ឋបាល​ខេត្ត​កន្លងទៅ​នេះ​ថា ខេត្ត​ព្រះសីហនុ​ទទួល​បាន​​គម្រោង​វិនិយោគ​ជាច្រើន ខណៈ​ខេត្ត​ជាប់​ឆ្នេរ​នេះ​ក៏​ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​ការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ លោក​គួច ចំរើន បាន​បញ្ជាក់​ថា បច្ចុប្បន្ន​​ខេត្តព្រះសីហនុ​​ក៏​មាន​ការ​វិនិយោគ​អាជីវកម្ម​កាស៊ីណូ​ជាច្រើន​​កន្លែង​ផង​ដែរ។ លោក​បន្ត​ថា កាស៊ីណូ​ទូទាំង​ខេត្ត​មាន​ចំនួន ៩៧ កន្លែង ខណៈ ៦០ កន្លែង​កំពុង​ធ្វើ​​អាជីវកម្ម។

ជុំវិញ​ការ​គ្រប់​គ្រង​អាជីវកម្ម​កាស៊ីណូ​​ លោក គួច ចំរើន​ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​​ខេត្ត​កំពុង​រៀបចំ​កសាង​ផែនទី​ដើម្បី​គ្រប់គ្រង​អាជីវកម្ម​កាស៊ីណូ​​ ចៀសវាង​កើត​មាន​បទ​ល្មើស​ដែល​បង្ក​បញ្ហា​អសន្តិសុខ​ដល់​សង្គម។

បើតាម​លោកអភិបាល​ខេត្ត កន្លង​ទៅ​ធ្លាប់​មាន​ជន​ឧក្រិដ្ឋ​មួយ​ចំនួន​យក​ទីតាំង​កាស៊ីណូ​ប្រព្រឹត្តិ​បទ​ល្មើស ​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​​ឈឺក្បាល​មិន​តិច​នោះទេ។ យ៉ាងណា​តាម​រយៈ​ការ​កសាង​ផែនទីនេះ នឹង​ធ្វើ​ឲ្យ​អាជ្ញាធរ​ងាយស្រួល​គ្រប់គ្រង​បទល្មើស​តាម​ទីតាំង​កាស៊ីណូ​​ឲ្យមានប្រសិទ្ធភាព​។

«យើង​កំពុង​​រៀបចំ​កសាង​ផែនទី​គ្រប់គ្រង​ឲ្យ​ច្បាស់លាស់ ដើម្បី​ពិនិត្យ​កាស៊ីណូ​ពី ១ ទៅ ៩៧ កន្លែង​ហ្នឹង​ តើ​កន្លែង​មួយ​ៗ​មាន​អី​ខ្លះ មាន​ថៅកែ​គ្រប់គ្រង​ណាខ្លះ?។ ពី​មុន​ដោយសារ​មាន​ការ​ចន្លោះប្រហោង ទើបមាន​​បទ​ល្មើស​ជ្រាប​បាន​។ ដូច្នេះ​ការ​រៀបចំ​​ផែនទី​នេះ អាច​រកឃើញ​​អ្នក​បង្កប់ អ្នក​​ប្រព្រឹត្តិបទល្មើស​ ​កន្លែង​ណា​ត្រូវ​បិទ ផ្តន្ទាទោស ឬ​ផាក​ពិន័យ​តាម​បទ​ល្មើស​ដែល​មាន»។

កន្លងទៅ​​អាជ្ញាធរ​ខេត្តព្រះសីហនុ បាន​ទទួល​ពាក្យ​បណ្ដឹង​លើ​ការ​បង្ខាំង​មនុស្ស​នៅ​ទីតាំង​កាស៊ីណូ ដោយ​បានចុះ​ធ្វើ​អន្តរាគមន៍​ ហើយ​ជនល្មើស​ក៏​ត្រូវ​យក​ទៅ​អនុវត្ត​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក​គួច ចំរើន បាន​អះអាងថា តាម​រយៈ​ការ​កសាង​ផែនទី​នេះ នឹង​អាច​បង្កើន​ប្រសិទ្ធភាព​លើ​ការ​គ្រប់គ្រង​អាជីវកម្ម​កាស៊ីណូ និង​អាចឆ្លើយតប​​ចាត់វិធានការ​ទប់​ស្កាត់​បទល្មើស​បាន​ទាន់​ពេល​វេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម