ព័ត៌មានជាតិ
ក្រុមអភិរក្សត្រីមេពូជ ព្រមានចាត់វិធានការអ្នកប្រើឧបករណ៍នេសាទខុសច្បាប់ ពេលចុះល្បាតក្នុងទន្លេមេគង្គលើ
ក្រុមអភិរក្សត្រីមេពូជ ថា នឹងចាត់វិធានការទៅលើអ្នកនេសាទណាដែលប្រើឧបករណ៍នេសាទខុសច្បាប់ នៅពេលចុះល្បាតក្នុងដងទន្លេមេគង្គលើ ក្នុងពេលខេត្តស្ទឹងត្រែង បានប្រកាសរដូវបិទនេសាទ ចាប់ពីថ្ងៃទី ១ ខែឧសភា មក ដើម្បីរួមគ្នាអភិរក្សត្រីមេពូជឲ្យវាពងកូន និងសម្បូរបែបឡើងវិញ។

លោក ជួប ផល្លា ប្រធានក្រុមប្រចាំការស្នាក់ការរងបរិស្ថានស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយក្នុងរដូវបិទនេសាទនេះ មានជនខិលខូចមួយចំនួនលួចប្រើឧបករណ៍ នេសាទខុសច្បាប់ ដូចជា ឆក់ក្ដៅ ឆក់ត្រជាក់ និងលួចដាក់មងតាមតំបន់ហាមឃាត់ជាដើម បើសិននៅបន្តសកម្មភាពនេះ សមត្ថកិច្ចឃាត់ខ្លួនបាន នឹងត្រូវទទួលទោសតាមផ្លូវច្បាប់។

លោកបន្តថា ប្រជាអ្នកនេសាទមួយចំនួនគាត់បានចូលរួមគោរពច្បាប់ជលផលបានត្រឹមត្រូវ មិនហ៊ានចុះធ្វើនេសាទនៅតាមតំបន់ហាមឃាត់ទេ ព្រោះពួកគាត់ភាគច្រើនរកត្រីគ្រាន់តែបរិភោគជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ហើយមន្ត្រីផ្នែកបរិស្ថានបានសហការជាមួយប្រជាសហគមន៍ចុះធ្វើល្បាតជារៀងរាល់ថ្ងៃ។

លោក ធាង សុផាត តំណាងឲ្យប្រជាសហគមន៍នេសាទនៅភូមិស្រឡៅ បានទទួលស្គាល់ថា ក្នុងករណីនេះ ក៏នៅមានជនសង្ស័យប្រព្រឹត្តបទល្មើសបានគំរាមកំហែងមកដល់ប្រជាសហគមន៍ ទើបការបង្ក្រាបមិនមានប្រសិទ្ធភាព ព្រោះជនសង្ស័យមានគ្នាច្រើន គួបផ្សំយើងខ្វះមធ្យោបាយផង។

លោកបន្តថា បញ្ហាប្រឈមនេះប្រជាសហគមន៍បានត្រឹមតែរាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ នៅពេលការចុះបង្ក្រាបបទល្មើសធ្វើមិនឈ្នះ ព្រោះជនសង្ស័យភាគច្រើនធ្វើសកម្មភាពឆក់ពេលយប់ ឬពេលជិតភ្លឺតែម្ដង។

លោកបន្ថែមថា នៅតាមភូមិជួរទន្លេមេគង្គលើ ប្រជាពលរដ្ឋយើងភាគច្រើនគាត់ធ្វើស្រែចម្ការ និងប្រកបមុខរបរធ្វើនេសាទនេះបន្ថែម ទើបក្នុងរដូវបិទនេសាទនៅតែមានអ្នកដាក់មងចងសន្ទូចបានត្រីខ្លះសម្រាប់តែដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។

លោកបន្តទៀតថា លោក វីផលលុយ តំណាងឲ្យក្រុមនិស្សិតសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ករណីនេះគួរតែប្រជាអ្នកនេសាទនាំគ្នាចៀសវាង និងងាកមកអនុវត្តច្បាប់ស្ដីពីការនេសាទលេខ ៤៤០ ចុះថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមអភិរក្សធនធានមច្ឆជាតិឲ្យមានភាពសំបូរបែប។

លោកបន្តថា បងប្អូនត្រូវមានឆន្ទៈស្រឡាញ់ធនធានជីវចម្រុះនៅតាមដងទន្លរមេគង្គរបស់យើងទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបិទនេសាទនេះ ចៀសវាងកុំប្រើប្រាស់ឧបករណ៍នេសាទណា ដែលច្បាប់ហាមឃាត់ ព្រោះពេលសមត្ថកិច្ចបង្ក្រាបបាន នឹងមានទោសទណ្ឌ។

សូមបញ្ជាក់ថា នៅទន្លេមេគង្គលើ មានអន្លង់អភិរក្សត្រីមេពូជ ៦២ កន្លែង និងសម្បូរទៅដោយព្រៃលិចទឹក ជាសំបុកត្រីពងកូន ជាពិសេសពូជត្រីសំខាន់ៗ ដូចជា ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ា ត្រីរមាស ត្រីរាជ ត្រីនាគ ត្រីកន្ត្រប់ខ្លា ត្រីឆ្មាក្រពើ ត្រីត្រសក់ ត្រីថ្ក ត្រីខ្លា ត្រីក្របី ជាដើម។ ល៕
អត្ថបទ ៖ ងិន លីម

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?