Connect with us

ព័ត៌មានជាតិ

អគារតេស្ត​កូវីដ ១៩ ថ្មី​មួយ​ទៀត ជិត​រួចរាល់ អាច​សម្រាល​បន្ទុក​ការងារ​នៅ​ប៉ាស្ទ័រ

បានផុស

នៅ

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអះអាងថា អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្ដនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុសម្រាប់ធ្វើការវិភាគសំណាករកមេរោគកូវីដ-១៩ និងប្រភេទជំងឺឆ្លងផ្សេងៗទៀតសាងសង់សម្រេចបាន ៩០ ភាគរយហើយគ្រោងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា«នៅពេលមន្ទីរពិសោធន៍របស់យើងសាងសង់ និងបំពាក់ឧបករណ៍រួចរាល់នឹងមានភាពងាយស្រួលក្នុងការវិភាគរកមេរោគកូវីដ-១៩នៅទីនេះខណៈដែលកន្លងមកយើងយកសំណាកភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលមានការសង្ស័យមានជំងឺកូវីដទៅកាន់វិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញ វាជួបហានិភ័យច្រើន និងមានការយឺតយ៉ាវ»។
ថ្លែងនៅពីធីសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលមកពីមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តនៅទី២០ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន បានជម្រុញឱ្យក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំងអស់បញ្ជូនមន្ត្រីរបស់ខ្លួនចូលរួមហ្វឹកហ្វឺនយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ដើម្បីត្រៀមបង្ការទុកជាមុន ប្រសិនបើមានករណីកូវីដ-១៩ ផ្ទុះក្នុងសហគមន៍។

លោកអភិបាលខេត្តបានបន្តថា«យើងត្រូវមានមន្ត្រីសុខាភិបាលដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវក្នុងការចូលរួមបំពេញការងារបានល្អ ធានាបាននូវភាពម្ចាស់ការ ក្នុងការយកសំណាក និងព្យាបាលបានទាន់ពេលវេលា ព្រោះជំងឺកូវីដនៅតែជាប្រធានបទក្តៅ មិនទាន់មានប្រទេសណាមួយធានាថា មិនមានការឆ្លងជំងឺនេះនៅឡើយ មានតែត្រៀមបង្ការកុំឱ្យឆ្លងចូលសហគមន៍របស់ពួកគេតែប៉ុណ្ណោះ ខេត្តព្រះសីហនុរបស់យើង ក៏ត្រូវត្រៀមបង្ការទុកជាមុន»។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានបញ្ជាក់ថារដ្ឋបាលខេត្តមានគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមមណ្ឌលសុខភាព ដើម្បីកែលម្អសោភ័ណភាព បរិស្ថាននៅតាមមណ្ឌលសុខភាពនានាក្នុងខេត្តព្រះសីហនុ និងត្រូវសាងសង់មណ្ឌលសុខភាពណាដែលមានប្រជាពលរដ្ឋរស់នៅច្រើន ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋមកទទួលសេវានៅមណ្ឌលសុខភាពដែលនៅជិតផ្ទះពួកគាត់ដើម្បីភាពងាយស្រួល ។

លោកបានបន្ថែមថា« យើងមានថវិកាមួយចំនួនបំរើឱ្យវិស័យសុខាភិបាលនៅខេត្តព្រះសីហនុ កាន់តែល្អប្រសើរឡើងថែមទៀត ជំហានដំបូងយើងរៀបចំសាងសង់របងនៅតាមមណ្ឌលសុខភាព ដើម្បីធានាសុវត្ថិភាពជូនក្រុមគ្រូពេទ្យរបស់យើង និងបង្កើនសោភ័ ណភាព បរិស្ថាន និងជំនឿទុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋាន»។

អគារមន្ទីរពិសោធន៍នេះមានទំហំសរុប ៤៥៨,២០ ម៉ែត្រការ៉េ ដែលក្នុងនោះគណៈអភិបាលខេត្ត ជាអ្នកទទួលបន្ទុកក្នុងការសាងសង់អគារ។ ចំណែកម៉ាស៊ីនធ្វើតេស្ត ព្រមទាំងសម្ភារបរិក្ខារមន្ទីរពិសោធន៍ផ្សេងៗ ត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលនសាធារណរដ្ឋប្រជាមានិតចិននិងអង្គការមូលនិធិសាកលដែលគ្រោងនឹងបញ្ចប់ការសាងសង់នាដើមឆ្នាំ២០២១នេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម