ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ការពង្រឹងសហគមន៍អាស៊ាន មិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ការពង្រឹងសហគមន៍អាស៊ាន មិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ។
ការលើកឡើងខាងលើនេះ នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២, កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន, កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំទាំងនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. អាស៊ានត្រូវឆ្លើយតបចំពោះបញ្ហាប្រឈមទាំងឡាយ ទាំងនៅក្នុងតំបន់ និងសាកលលោក ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងបុរេសកម្ម ជាពិសេសបញ្ហាដែលអាស៊ានពុំអាចទទួលបានកុងសង់ស៊ីស ដោយមិនទុកឲ្យបញ្ហាទាំងនោះប៉ះពាល់ដល់ដំណើរការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មតំបន់ឡើយ។
២. ការពង្រឹងសហគមន៍អាស៊ាន មិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ ជាពិសេសគោលការណ៍ ស្តីពី ការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើការពិគ្រោះយោបល់ និងកុងសង់ស៊ីស និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។
៣. ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ត្រូវឆ្លើយតបចំពោះនិន្នាការតំបន់ និងសាកល ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជារបៀបវារៈបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាទំនើប ខ្សែចង្វាក់តម្លៃសកល ការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភាជាដើម ក្នុងបំណងធានាឲ្យបានថា អាស៊ានត្រៀមខ្លួនរួចជាស្រេច និងនៅតែរឹងមាំ ហើយធន់នៅពេលអនាគត។
៤. នៅខណៈពេលដែលទទួលស្គាល់អំពីតម្រូវការ ដើម្បីរៀបចំចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ ២០២៥ ឲ្យបានប្រកបដោយទស្សនវិស័យវែងឆ្ងាយ ការបំផុសគំនិត និងការសំឡឹង ឆ្ពោះទៅមុខ ប្រមុខដឹកនាំអាស៊ាន បានគូសបញ្ជាក់នូវតម្រូវការក្នុងការធ្វើឲ្យមានតុល្យភាព រវាងភាពជាក់ស្ដែងនិយម និងបំណងប្រាថ្នាដែលចង់បាន។ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥នេះ គួរតែផ្តោតលើសកម្មភាពជាក់ស្តែង និងតម្កល់ប្រជាជនជាស្នូលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន។
៥. ចំពោះបញ្ហាមីយ៉ាន់ម៉ា វាមានសារៈសំខាន់ក្នុងការធានាឲ្យបាន នូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងការពិនិត្យឡើងវិញ និងសេចក្តីសម្រេចរបស់ប្រមុខដឹកនាំអាស៊ាន ដែលបានអនុម័តនៅឆ្នាំ ២០២២កន្លងមក ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ អាស៊ានគួរប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ភាពបត់បែន និងការច្នៃប្រឌិតខ្ពស់ ហើយស្វែងរកវិធីសាស្រ្តណាដែលមានសក្តានុពល អាចជួយមីយ៉ាន់ម៉ាស្ដារសន្តិភាព និងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
៦. នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច អាស៊ានត្រូវលើកកម្ពស់ភាពពាក់ព័ន្ធរបស់ខ្លួន ហើយត្រូវពង្រឹងយន្តការទាំងឡាយដែលដឹកនាំដោយអាស៊ាន ដើម្បីធ្វើយ៉ាងណាឲ្យអាស៊ានបន្តដើរតួនាទីស្នូល និងនាំមុខក្នុងការដោះស្រាយការប្រឈមនានា ក្នុងតំបន់ និងសកលលោក។
កម្ពុជាក៏បានរំលេចផងដែរថា អាស៊ានគួរស្វាគមន៍គំនិតផ្ដួចផ្ដើមទាំងឡាយណារបស់ដៃគូខ្លួន ដរាបណាគំនិតផ្តួចផ្ដើមទាំងនោះ ស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ហើយមិនត្រូវយកទៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងភាគីដទៃទៀតឡើយ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់