ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ កត្តាសន្តិភាពបានជំរុញឲ្យ កម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងអាណាចក្រ និង ពុទ្ធចក្រ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា កត្តាសន្តិភាពបានជំរុញឲ្យកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សទាំងអាណាចក្រ និងពុទ្ធចក្រ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តលក្ខរាជា ស្ថិតនៅឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជាង ១.៥០០ នាក់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពី សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ នៅឃុំកំពង់ចក ក៏ដូចជានៅទូទាំងស្រុករំដួល។

សម្ដេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា សមិទ្ធផលដែលកើតឡើងនៅទីវត្តលក្ខរាជានេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាព នៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សម្ដេច បានបន្តទៀតថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ និងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការចូលរួមចំណែកកសាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងបានធ្វើឲ្យមានសុខុដុមនីយកម្មសាសនា ជាក់ស្ដែងសមិទ្ធផលដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះរួមមាន ៖ ឧបដ្ឋានសាលា ខ្លោងទ្វារ ពុទ្ធស្ថានទាំងបីកន្លែង ស្រះទឹក របងវត្ត ធ្វើផ្លូវបេតុង ចាក់បេតុងក្នុងទីធ្លាវត្ត កុដិ ២ ខ្នង ដែលបានចំណាយថវិកាសាងសង់អស់ ១.០៨៣.០០០ ដុល្លារ គឺជាការចូលរួមវិភាគទាន ដែលជាសិល្បៈ នៃការចែករំលែករបស់ លោកស្រី ម៉ៅ ណារ៉ា និង លោក ជូ វិជិត្ត រួមជាមួយនឹងសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លាចូលរួមក្នុងការកសាងសមិទ្ធផលនាថ្ងៃនេះ។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវទៅកាន់ពិធីនេះនូវបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.រួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព
២.ចូលរួមអនុវត្តឲ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព
៣.ចូលរួមថែរក្សានូវសមិទ្ធផលដែលបានកសាងនៅក្នុងវត្តលក្ខរាជានេះឲ្យបានគង់វង្សសម្រាប់ជាទីសក្ការៈដល់ពុទ្ធសាសនិកគ្រប់រូប ដើម្បីជាប្រយោជន៍ជាតិ និងចូលរួមចំណែកក្នុងការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា។
៤.សូមបងប្អូនទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយប្រជាជន៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?