ព័ត៌មានជាតិ
ជប៉ុន ផ្តល់គ្រឿងឥស្សរិយយសជូននរវិទូកម្ពុជា អាំង ជូលាន
លោកបណ្ឌិត អាំង ជូលាន នរវិទូ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់ជូននូវគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២២។ ការផ្តល់ជូននេះ ធ្វើឡើងដោយឯកអគ្គរាជទូតជប៉ុននៅស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ។

គ្រឿងឥស្សរិយយសដែលជូនចំពោះលោកបណ្ឌិត អាំង ជូលាន មានឈ្មោះថា The Order of the Rising Sun, Gold Rays with Neck Ribbon ជាគ្រឿងឥស្សរិយយសដែលរដ្ឋាភិបាលជប៉ុនផ្តល់ជូនជនបរទេសដែលចូលរួមចំណែកដ៏គួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមកជាមួយប្រទេសជប៉ុន។
ចំពោះលោកបណ្ឌិត អាំង ជូលាន គឺជប៉ុនបានទទួលស្គាល់ពីការចូលរួមវិភាគទានរបស់លោកបណ្ឌិត ក្នុងការជំរុញផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងជប៉ុន និងកម្ពុជា។ រីឯ ការអភិរក្ស ឬ ជួសជុលវត្ថុបុរាណផ្សេងៗ លោកបណ្ឌិត អាំង ជូលាន ក៏បានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងជាមួយអ្នកស្រាវជ្រាវ ព្រមទាំង អង្គការពាក់ព័ន្ធរបស់ជប៉ុនផងដែរ។ ពោល គឺលោកបណ្ឌិត បានជំរុញយ៉ាងពេញទំហឹងជុំវិញនឹងការអភិរក្សនេះ។
លោកបណ្ឌិត អាំង ជូនលាន បានលើកឡើងក្នុងពិធីប្រគល់ឥស្សរិយយសថា ឥស្សរិយយសដែលបានមកពីរដ្ឋាភិបាលជប៉ុន គឺជាកិត្តិយសយ៉ាងធំធេងសម្រាប់រូបលោក។ អ្វីដែលបាននៅពេលនេះ សុទ្ធតែជាការលើកទឹកចិត្តដែលទទួលស្គាល់ពីការងារផ្សេងៗ ធ្វើឡើងក្នុងវិស័យសិក្សាស្រាវជ្រាវ និងវិស័យវប្បធម៌ លើសពីការឃើញពីប្រយោជន៍ផ្ទាល់ខ្លួន តែជាប្រយោជន៍រួម។

លោកបណ្ឌិត បានមានប្រសាសន៍ថា៖ “អ្វីដែលមើលតែមួយភ្លែតទៅហាក់ដូចជាលទ្ធផល ឬជោគជ័យនៃមនុស្សម្នាក់ តាមពិតទៅ ច្រើនតែជាលទ្ធផលដែលកើតឡើងដោយមានសហការ ឬក៏មានការជ្រោមជ្រែងពីគេឯងច្រើន ពីមិត្តភក្តិ ពីសហសេវិក។ ក្នុងករណីខ្ញុំផ្ទាល់ ខ្ញុំតែងតែប្រាស្រ័យការងារជាមួយគេឯង និងមិត្តភក្តិឯទៀត ជាខ្មែរក្តី បរទេសក្តី”។
ចំណែក លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាវិញ បានចូលរួមអបអរសាទរយ៉ាងស្មោះចំពោះលោកបណ្ឌិត អាំង ជូលាន។ សម្រាប់លោកឯកអគ្គរាជទូតជប៉ុន ក្នុងនាមជាសាស្ត្រាចារ្យនរវិទ្យានៃកម្ពុជា លោកបណ្ឌិត អាំង ជូលាន បានសិក្សាពីទំនៀមទម្លាប់ និងបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធការជួសជុល និងអ្នកស្រាវជ្រាវក្នុងវិស័យបេតិកភណ្ឌនៅជប៉ុន។ ជាពិសេស ការណែនាំរបស់លោកបណ្ឌិតចំពោះសាកលវិទ្យាល័យសូហ្វីយ៉ា លើការអភិរក្សជួសជុលស្ពានហាលខាងលិចអង្គរវត្ត និងសកម្មភាពស្រាវជ្រាវ និងអភិរក្សជួសជុលប្រាសាទជាដើម។

លោកអគ្គរាជទូតមានប្រសាសន៍ថា៖ “បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់សាស្ត្រាចារ្យ អាំង ជូលាន និងមិត្តភាពយូរអង្វែងជាមួយអ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធក្នុងវិស័យបេតិកភណ្ឌនៅក្នុងប្រទេសជប៉ុន នឹងមិនត្រឹមតែពង្រឹងទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជាក្នុងវិស័យបេតិកភណ្ឌប៉ុណ្ណោះទេ។ ប៉ុន្តែ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគីទាំងមូល”។
គួរជម្រាបជូនថា ការពិត ពិធីបំពាក់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២២ ជូនទៅលោកបណ្ឌិត អាំង ជូលាន នេះ គឺត្រូវធ្វើឡើងតាំងពីដើមឆ្នាំ២០២២ម្លេះ ប៉ុន្តែ ត្រូវបានខកខានទៅវិញ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ទើបតែពេលនេះទេ ដែលជាពេលវេលាសមស្របក្នុងការផ្តល់ជូនគ្រឿងឥស្សរិយយសនេះដល់លោកបណ្ឌិត អាំង ជូលាន៕






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ