ព័ត៌មានជាតិ
មកដឹងពីជីវប្រវត្តិខ្លះៗរបស់ លោកបណ្ឌិត អាំង ជូលាន នរវិទូខ្មែរ
លោកបណ្ឌិត អាំង ជូនលាន គឺជានរវិទូ និងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនរវិទ្យា នៅឆ្នាំ១៩៨២ ពីប្រទេសបារាំង ព្រមទាំងទទួលបានពានរង្វាន់ និងគ្រឿងឥស្សរិយយសចំនួន២ ពីប្រទេសជប៉ុន។ លោកក៏ជាអតីតប្រធានអាជ្ញាធរជាតិអប្សរាផងដែរ។

លោកបណ្ឌិត អាំង ជូលាន
លោកបណ្ឌិត អាំង ជូនលាន កើតនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៤៩ នៅភូមិនកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀបរាប។ លោកមានឪពុកជាមន្ត្រីរាជការ និងម្តាយជាស្ត្រីមេផ្ទះ។ លោកបណ្ឌិត ជាអតីតសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បន្ទាប់មកនៅឆ្នាំ១៩៧៤ លោកបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យបុរាណវិទ្យា។ ក្រោយមក លោកបណ្ឌិត អាំង ជូលាន ក៏ទទួលបានអាហារូបករណ៍បន្តការសិក្សានៅប្រទេសបារាំង។
កំឡុងឆ្នាំ១៩៩០ លោកបានវិលត្រឡប់មករស់នៅកម្ពុជាវិញ ដោយនាំយកចំណេះវិជ្ជាដែលលោកមាន មកបង្រៀនដល់និស្សិតខ្មែរ និងបម្រើដល់ប្រទេសជាតិ។ លោកជាអ្នកស្រាវជ្រាវសិលាចារឹកដ៏ល្បីល្បាញមួយរូប និងជាសាស្ត្រាចារ្យនៅមហាវិទ្យាបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

លោកសា្រស្ត្រាចារ្យមានការយល់ដឹងខ្ពស់ពីសិលាចារឹក វប្បធម៌ និងប្រជាជន ហើយបានក្លាយជាប្រធាន និងជាទីប្រឹក្សានាយកដ្ឋានកិច្ចការបុរាណវត្ថុ និងវប្បធម៌ នៃអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ (ហៅថាអាជ្ញាធរជាតិអប្សរា) ដែលត្រូវបានបង្កើតឡើងនៅកម្ពុជាឆ្នាំ ១៩៩៥។ កំឡុងពេលលោកជាប្រធានអាជ្ញាធរជាតិអប្សរា លោកបានគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិរក្ស និងជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀត។ មិនត្រឹមតែយកចិត្តទុកដាក់ជួសជុលប្រាសាទក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ អតីតប្រធានអាជ្ញាធរជាតិអប្សរារូបនេះ ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយជប៉ុន ក្នុងការជួសជុស ស្រាវជ្រាវបេតិកភណ្ឌជប៉ុនផងដែរ។
ក្រោមការខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត អាំង ជូលាន ក្នុងនាំជាអ្នកស្រាវជ្រាវសិលាចារឹក និងជាអ្នកជំនាញផ្នែកបុរាណវិទ្យាមួយរូប លោកក៏ទទួលបានពានរង្វាន់ឆ្នើម Grand Prize ពីប្រទេសជប៉ុន ក្នុងការស្រាវជ្រាវនៅឆ្នាំ២០១១។ ក្រោយមកនៅឆ្នាំ ២០២២ លោកក៏ទទួលបានគ្រឿងឥស្សរិយយសពីប្រទេសជប៉ុនមួយទៀត ដែលមានឈ្មោះថា “The Order of the Rising Sun, Gold Rays with Neck Ribbon”។ ចំពោះគ្រឿងឥស្សរិយយសនេះ ត្រូវបានបំពាក់ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជូនទៅលោកបណ្ឌិត អាំង ជូលាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។ មូលហេតុដែលលោកបណ្ឌិតទទួលបានគ្រឿងឥស្សរិយយសឆ្នាំ២០២២ ប៉ុន្តែ ទើបតែបំពាក់ជូននៅឆ្នាំ២០២៣ គឺដោយសារការពន្យាពេលព្រោះតែជំងឺរាតត្បាតកូវីដ-១៩។

ការបំពាក់គ្រឿងឥស្សរិយយសជូនលោកបណ្ឌិត អាំង ជូនលាន ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី
ពានរង្វាន់ក្រុង Fukuoka ឈ្មោះថា Grand Prize និងគ្រឿងឥស្សរិយយស ដែលលោកទទួលបានពីប្រទេសជប៉ុន គឺជាពានរង្វាន់ដែលទទួលស្គាល់ពីសមិទ្ធផលប្រគល់ជូនដល់បុគ្គលណាដែលខិតខំសិក្សាស្រាវជ្រាវលើវប្បធម៌ ដោយធ្វើដើម្បីប្រយោជន៍រួមជាធំ មិនមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ការផ្តល់ជូននេះ គឺមិនប្រកាន់ជាតិសាសន៍ណាមួយឡើយ។
សូមជម្រាបថា លោកបណ្ឌិត អាំង ជូលាន មិនត្រឹមតែជាសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវនោះទេ លោកក៏បានសរសេរសៀវភៅជាច្រើនប្រភេទផងដែរ។ សៀវភៅរបស់លោក មានដូចជា សៀវភៅសិក្សាឯកទេស វប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ នៃការរស់នៅរបស់មនុស្សពីជំនាន់មុន។ សៀវភៅដែលរៀបរាប់ពីប្រាសាទនានាក្នុងប្រទេសកម្ពុជា រហូតដល់សៀវភៅប្រលោមលោក ដែលមានប្រជាប្រិយភាពខ្លាំងពីសំណាក់សិស្សនិស្សិត និងប្រជាជនខ្មែរជាច្រើន៕

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកបណ្ឌិត អាំង ជូលាន

លោកបណ្ឌិត អាំង ជូលាន

គ្រឿងឥស្សរិយយសផ្តល់ជូនដោយជប៉ុន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា