ព័ត៌មានជាតិ
ខេត្តកោះកុង រៀបចំយុទ្ធនាការអន្ទាក់សូន្យលើកទី ២ ដោយបញ្ឈប់ការបរិភោគសាច់សត្វព្រៃ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អង្គការស៊ីវិល និងរដ្ឋបាលខេត្តកោះកុង បានរួមគ្នាធ្វើយុទ្ធនាការអន្ទាក់សូន្យជាលើកទី ២ ដើម្បីបង្ហាញសារទៅកាន់មហាជនបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ខណៈមានការយកចិត្តទុកដាក់អភិរក្ស។
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី ២ ប្រព្រឹត្តទៅក្នុងរយៈពេល ៥ ខែ ដោយចាប់ផ្ដើមនៅថ្ងៃទី ៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួន ៥ គឺ ៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង ប៉ៃលិន និងសៀមរាប។
ដោយឡែកខេត្តកោះកុង បានធ្វើយុទ្ធនាការ និងដង្ហែក្បួនជាលើកទី ២ ហើយ នៅថ្ងៃទី ១៦ ខែឧសភា នេះ ក្នុងគោលបំណងបំផុសស្មារតីដល់សាធារណជនចូលរួមស្រឡាញ់ទប់ស្កាត់តាមរយៈការមិនបរិភោគសត្វព្រៃគ្រប់ប្រភេទដែលកំពុងរស់នៅក្នុងព្រៃតំបន់ការពារ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថា ក្រសួងនៅតែបង្កើតកម្មវិធីយុទ្ធនាការអន្ទាក់សូន្យនេះឡើង ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនទៅអំពីផលវិបាក នៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមាន ហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិ។
លោក នេត្រ ភក្ត្រា អះអាងទៀតថា ចាប់ពីបង្កើតជាយុទ្ធនាការអន្ទាក់សូន្យ កម្ពុជាមានភាពជោគជ័យលើការទប់ស្កាត់បទល្មើស ពង្រឹងយន្តការច្បាប់ និងអប់រំផ្សព្វផ្សាយជាសកល។ ហើយបើគិតមកដល់ពេលនេះ មានភោជនីយដ្ឋាន ៨៦ កន្លែង នៅក្នុងខេត្តចំនួន ៨ រួមមាន ៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង បានប្រកាសមិនលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃឡើយ ដើម្បីចូលរួមក្នុងការកាត់បន្ថយការបរបាញ់ និងសម្លាប់សាច់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ និងអភិរក្សសត្វព្រៃ។
ក្រសួងបរិស្ថាន អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ មិនបញ្ឈប់សកម្មភាពប្រឆាំងនឹងអន្ទាក់ត្រឹមពេលនេះ ពោលគឺមានទិសដៅ ព្រមទាំងយុទ្ធសាស្ត្រជាច្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាធានាការពារអាយុជីវិតសត្វកម្រដែលជិតផុតពូជនៅក្នុងព្រៃ។
លោក អេឌី តំណាងអង្គការសម្ព័ន្ធសត្វព្រៃ បានលើកឡើងថា អន្ទាក់ គឺជាឃាតកលាក់មុខ ហើយបាននិងកំពុងគំរាមកំហែងខ្លាំងចំពោះការរស់រានរបស់សត្វព្រៃ។ អន្ទាក់បានបង្កផលប៉ះពាល់ដល់ដំណើរការអភិរក្សព្រៃឈើ សត្វ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសហគមន៍។
លោក អេឌី ជឿជាក់ថា នៅពេលមានការសហការទប់ស្កាត់ និងលុបបំបាត់អន្ទាក់នៅក្នុងព្រៃអស់ កម្ពុជានឹងអាចស្តារបានឡើងវិញនូវចំនួនសត្វព្រៃ កែប្រែឥរិយាបថឈប់បរិភោគសាច់សត្វព្រៃ និងផ្តល់ក្តីសង្ឃឹមដល់សត្វផ្សេងៗដែលជិតផុតពូជរស់នៅដោយភាពសុខសាន្ត។
តាមរបាយការណ៍ឆ្នាំ ២០២០ របស់អង្គការ WWF បង្ហាញថា អន្ទាក់ប្រមាណ ១២ លានអន្ទាក់ គេរកឃើញនៅក្នុងតំបន់ការពារ នៃប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ី។ អន្ទាក់ទាំងនេះជាដើមចមធ្វើឲ្យបាត់បង់នូវសត្វកម្រមួយចំនួនដូចជា សត្វខ្លាធំ ខ្លារខិន ខ្លាពពក ឆ្កែព្រៃ ខ្លាឃ្មុំ ជាដើម។
លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង ថ្លែងថា ខេត្តកោះកុង មានតំបន់ការពារអភិរក្សសរុប ១០ តំបន់ ដែលមានធនធានធម្មជាតិ និងជីវចម្រុះដ៏សំបូរបែប។ ព្រៃឈើ បានដើរតួនាទីយ៉ាងខ្លាំងក្នុងការរក្សាស្ថិរភាព នៃអាកាសធាតុរបស់មនុស្ស សត្វ និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ជុំវិញតំបន់ព្រៃឈើ។
លោកអភិបាលរងខេត្ត ក៏ចាត់ទុកថា ការកាប់បំផ្លាញព្រៃឈើ និងដាក់អន្ទាក់ចាប់សត្វព្រៃលក់ធ្វើជាអាហារ ជារឿងដែលមិនគួរឲ្យកើតមានបន្តទៀតនោះទេ។ បញ្ហានេះដែរ រដ្ឋបាលខេត្ត និងសមត្ថកិច្ចជំនាញ កំពុងសហការគ្នាយ៉ាងស្អិតទប់ស្កាត់បង្ក្រាបល្មើសដែលច្បាប់ហាមឃាត់ជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី