ព័ត៌មានជាតិ
រុស្ស៊ីគ្រោងនឹងបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ (Sputnik V)មកឲ្យកម្ពុជា
លោក អាណាតូលី បូរ៉ូវីគ (H.E. Anatoly BOROVIK ) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីរបស់សហព័ន្ធរុស្ស៊ី បានថ្លែងថា ប្រទេសរុស្ស៊ី គ្រោងនឹងបញ្ជូនវ៉ាក់សាំងប្រយុទ្ធកូវីដ១៩ (Sputnik V) របស់រុស្ស៊ីមកឲ្យប្រទេសកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ។ រុស្ស៊ីនឹងពិភាក្សាជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបញ្ជូនវ៉ាក់សាំងនេះមកអោយកម្ពុជា ។
ថ្លែងក្នុងឱកាសសម្ដែងការគួរសមរវាងលោក អាណាតូលី បូរ៉ូវីគ (H.E. Anatoly BOROVIK ) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីរបស់សហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ លោក អាណាតូលី បូរ៉ូវីគ បានមានប្រសាសន៍លើកឡើងពីទំនាក់ទំនងការទូតជាមួយនឹងព្រះរាជាណាចក្រកម្ពុជាមានរយៈពេល៦៥ឆ្នាំហើយ។ ទំនាក់ទំនងនេះបានធ្វើឲ្យប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកអាណាតូលី បូរ៉ូវីគ បានបន្តទៀតថា ស្ថានភាពជំងឺកូវីដ-១៩ បានធ្វើអោយប៉ះពាល់ដល់បណ្ដាលប្រទេសជាច្រើននៅលើពិភពលោក ។ ក្នុងនោះព្រះរាជាណាចក្រកម្ពុជា ក៏ជាប្រទេសមួយដែលប្រឈមនឹងជំងឺកូវីដ-១៩នេះផងដែរ។ ប៉ុន្តែដោយការខិតខំប្រឹងប្រែងទប់ស្កាត់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឲ្យស្ថានភាពជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈល្អប្រសើរ ពិសេសគឺការគ្រប់គ្រងនូវព្រឹត្តិការណ៍២៨វិច្ឆិកាបានយ៉ាងល្អប្រសើរ។


លោកបន្តទៀតថា ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ ប្រទេសរុស្ស៊ីបង្កើតបានវ៉ាក់សាំង (Sputnik V)ដើម្បីចាក់ការពារជំងឺនេះ ហើយវ៉ាក់សាំងនេះប្រទេសរុស្ស៊ី គ្រោងនឹងបញ្ជូនមកឲ្យប្រទេសកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ យើងនឹងពិភាក្សាជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបញ្ជូនវ៉ាក់សាំងនេះមកអោយកម្ពុជា ។
ក្នុងជំនួបសម្ដែងការគួរសមនោះ ក៏បានលើកឡើងពីទំនាក់ទំនងនៃការចងសម្ព័ន្ធភាពរវាងទីក្រុងពីររបស់ប្រទេសរុស្ស៊ីជាមួយនឹងរាជធានីភ្នំពេញដែលនៅក្នុងនោះ គឺទីក្រុងម៉ូស្គូចង់ ចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ និងទីក្រុងណូវ៉ូស៊ីប៊ីស ចងសម្ព័ន្ធមេត្រីភាពជាមួយនិងរាជធានីភ្នំពេញដែរ។ ប៉ុន្តែដោយស្ថានភាពកូវីដ-១៩ការចុះហត្ថលេខាទៅលើការចងសម្ព័ន្ធមេត្រីភាពនេះ ត្រូវបានអូសបន្លាយពេល។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការចុះហត្ថលេខាលើអនុសារណៈយោគយល់ស្ដីពីការបង្កើតចំណងមិត្តភាពរវាងរាជធានីភ្នំពេញនិងទីក្រុងទាំងពីររបស់ប្រទេសរុស្ស៊ីនេះគ្រោងនឹងធ្វើឡើងនៅពេលដ៏ខ្លីខាងមុខ ពោលគឺក្រោយពីស្ថានភាពកូវីដ-១៩បានធូរស្រាល។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅក្នុងជំនួបសម្ដែងការគួរសមនោះ ក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រទេសរុស្ស៊ីដែលបានជួយឧបត្ថមគាំទ្រជាច្រើនមកប្រទេសកម្ពុជាក្រោយឆ្នាំ១៩៧៩។មិនត្រឹមតែប៉ុណ្ណោះទេ រុស្សីនៅបានបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាថែមទៀត។ ជាក់ស្តែងអ្វីដែលយើងបានឃើញនោះ ប្រទេសរុស្សីបានកសាងមន្ទីរពេទ្យមួយនៅក្នុងរាជធានីភ្នំពេញ នោះគឺមន្ទីរពេទ្យរុស្ស៊ី ដែលបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយបានឃើញ ។
លោក ឃួង ស្រេង បន្តទៀតថា មន្ទីរពេទ្យរុស្ស៊ីនៅរាជធានីភ្នំពេញខណៈកូវីដ-១៩មន្ទីរពេទ្យនេះមានតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺកូវីដ-១៩។
ជាការឆ្លើយតបទៅនឹងអ្វី ដែលបានលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ឃួង ស្រេង បានថ្លែងការអរគុណនូវសន្ដានចិត្តដ៏ល្អរបស់ប្រទេសរុស្ស៊ី ដែលគ្រោងនឹងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ Sputnik Vមកព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាសន្តានចិត្តដ៏ប្រសើរបំផុតរបស់ប្រទេសរុស្ស៊ី ដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងអ្នកវិនិយោគទុនរបស់ប្រទេសរុស្ស៊ីគ្រោងថា នឹងមកបណ្ដាក់ទុនរកស៊ីនៅព្រះរាជាណាចក្រកម្ពុជានោះ លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ គឺបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងសម្រាប់អ្នកវិនិយោគទុនរបស់ប្រទេសរុស្ស៊ីដែលចង់មកបណ្ដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា វ៉ាក់សាំងរុស្ស៊ី Sputnik Vបានដំណើរការចាក់ជូនពលរដ្ឋនៅប្រទេសរុស្ស៊ីរួចហើយ ក្នុងនោះ ប្រធានាធិបតីរុស្សីលោក ពូ ទីន ក៏បានចាក់វ៉ាក់សាំងនេះរួចហើយដែរ។ វ៉ាក់សាំងរុស្ស៊ី Sputnik Vត្រូវចាក់ពីរ ដូស មានប្រសិទ្ធភាព៩២ភាគរយរក្សាទុកក្នុងសីតុណ្ហភាព ទូទឹកកកធម្មតាតម្លៃប្រហែល១០ដុល្លារ/ដូស ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ