ព័ត៌មានជាតិ
នគរបាលរាជធានីភ្នំពេញជាង ៣,៤០០នាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខសណ្ដាប់ធ្នាប់ស៊ីហ្គេម បានយ៉ាងល្អ
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា កម្លាំងនគរបាលរាជធានីភ្នំពេញជាង ៣,៤០០នាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយទើបតែបញ្ចប់កាលពីយប់ថ្ងៃទី ១៧ ខែឧសភា។ ជារួមនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២នេះ គឺសន្តិសុខសណ្ដាប់ធ្នាប់ត្រូវបានធានា ១០០ភាគរយ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោកស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជា និងផែនការច្បាស់លាស់ ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលទើបនឹងបញ្ចប់កាល ពីយប់មិញ។

អ្នកនាំពាក្យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យដឹងបែបនេះថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជា និងផែនការច្បាស់លាស់ ជាមួយគ្នានេះដែរគឺបានធ្វើការជួបប្រជុំជាច្រើនលើកច្រើនសារ ជាមួយលោក-លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង ១៤ និងមន្ត្រីពាក់ព័ន្ធទាំងអស់សរុបជាង ៣,៤០០នាក់»។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា បានឲ្យដឹងបន្តថា កម្លាំងនគរបាលរាជធានីភ្នំពេញទាំងជាង ៣,៤០០នាក់នោះ គឺជាកម្លាំងត្រៀមប្រចាំបញ្ជាអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោង, កម្លាំងចេញល្បាតនៅតាមគោលដៅនានា, កម្លាំងត្រៀមបង្ការពន្លត់អគ្គិភ័យ, កម្លាំងចរាចរណ៍ និងសណ្ដាប់ធ្នាប់។

លោកបានបញ្ជាក់ថា សម្រាប់ការការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានប្រព្រឹត្តទៅយ៉ាងល្អ ជាពិសេសសន្តិសុខត្រូវបានពង្រឹង ១០០ភាគរយ។ «ជារួមទាំងកន្លែងប្រកួត កន្លែងស្នាក់នៅ កន្លែងកម្សាន្ដនានា ត្រូវបានពង្រឹង និងធានាបាននូវសន្តិសុខល្អ ១០០ភាគរយ»។ នេះជាការបញ្ជាកបន្ថែមរបស់លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា។

ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។ ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម កាលពីយប់មិញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែង ថា ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ បើសិនជាចង់ឲ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឲ្យបានគង់វង្ស៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ