Connect with us

ព័ត៌មានជាតិ

​ផ្លូវទឹកតាមទន្លេបាសាក់ពីភ្នំពេញ ទៅកាន់សមុទ្រកែបតម្លៃ​​១.៧ពាន់លានដុល្លារ ត្រូវបានប្រសិទ្ធនាមថា «ព្រែកជីក​ហ្វូណន​តេជោ»

បានផុស

នៅ

គម្រោងផ្លូវទឹកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រខេត្តកែប តម្លៃ ១.៧ពាន់លានដុល្លារ ត្រូវបានកិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី សម្រេចទទួលយកគម្រោងវិនិយោគ ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដោយប្រសិទ្ធនាមថា «ព្រែកជីក​ហ្វូណន​តេជោ» នៅថ្ងៃទី ១៩ ខែ ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ បានសម្រេចប្រគល់ភារកិច្ចជូនលោក អូន ព័ន្ធមុនី​រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ដឹកនាំសិក្សា និងរៀប​ចំ​គម្រោងវិនិយោគខាងលើនេះឱ្យបានលម្អិត និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព រួចធ្វើរបាយ​ការណ៍​ជូនប្រមុខរាជរដ្ឋាភិបាល។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានប្រគល់ភារកិច្ច​ដល់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជូនដំណឹងពាក់ព័ន្ធ​គម្រោងសា​ង​សង់​ផ្លូវ​នាវាចរណ៍ទន្លេបាសាក់នេះ ទៅបណ្តាប្រទេសជាសមាជិកនៃគណៈកម្មការ​ទន្លេ​មេ​គង្គ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកប​ដោយចីរភាពនៃតំបន់​អាងទន្លេ​មេគង្គឆ្នាំ១៩៩៥ ហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ផងដែរ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គឺជា​គម្រោង​ប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវ​ទឹករបស់កម្ពុជា ដើម្បីតភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គនិងផ្លូវសមុទ្រ។ គម្រោងនេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាព​នៃការ​ប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់​សកម្ម​ភាពសេដ្ឋកិច្ច​-សង្គមឱ្យកាន់​តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម​និងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សា​សមិទ្ធិ​លទ្ធភាពរួចរាល់ ដោយបាន​ប្រើប្រាស់រយៈពេលសរុប ២៦ខែ។ តាមការ​សិក្សា បានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែក​តាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។

ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនា​វាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

ការរចនាប្លង់វិស្វកម្មនិងស្ថាបត្យកម្មរបស់ផ្លូវទឹកនេះ ត្រូវបានប្រើប្រាស់ស្តង់ដា​អន្តរ​ជាតិ ​ដែលអាចធានាភាពធន់ និងមានគុណភាពខ្ពស់ ដោយគិតគូរគ្រប់ជ្រុង​ជ្រោយ​លើផ្នែកបច្ចេកទេសនិងបរិស្ថាន​សម្រាប់ការ​ប្រើប្រាស់​រយៈពេលយូរអង្វែង។

គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង, សាងសង់ស្ពាន​ចំនួន ១១កន្លែង, សាងសង់ផ្លូវ​អមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ, មាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀត ដោយប្រើរយៈពេលសាងសង់ ៤ឆ្នាំ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈ​ពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយ​គាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ប្រតិកម្ម​អន្តរជាតិ ក្រោយអាមេរិក​ផ្អាក​ជំនួយ​​ដល់​អ៊ុយក្រែន

ខេត្តប៉ៃលិន
ព័ត៌មានជាតិ៤២ នាទីutes មុន

អភិបាលខេត្តប៉ៃលិន៖ រាជរដ្ឋាភិបាលនីតិកាលទី​៧​ បានបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

Sokha Hotels

ព័ត៌មានពេញនិយម