ព័ត៌មានជាតិ
រដ្ឋាភិបាលកូរ៉េ ផ្ដល់ជំនួយបរិក្ខារវេជ្ជសាស្ត្រផ្នែកជំងឺភ្នែកទំនើបៗ តម្លៃជិត ១១ ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារជាតិ
រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានផ្ដល់ជំនួយបរិក្ខារវេជ្ជសាស្ត្រផ្នែកជំងឺភ្នែកទំនើបៗ ដែលមានតម្លៃជិត ១១ ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីចូលរួមលើកកម្ពស់សុខភាពភ្នែកដល់ទារក និងកុមារកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ថ្លែងក្នុងពិធីប្រគល់ និងទទួលផ្ដល់ជំនួយបរិក្ខារវេជ្ជសាស្ត្រផ្នែកជំងឺភ្នែក កាលពីព្រឹកថ្ងៃទី ២២ ឧសភា នៅមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា សម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្នែកជំងឺភ្នែកនេះមានតម្លៃប្រមាណជិត ១១ ម៉ឺនដុល្លារ ជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់ពិនិត្យ ព្យាបាលជំងឺជូនទារកទើបនឹងកើតភ្លាមៗ កុមាររហូតដល់មនុស្សពេញវ័យ។
លោកសាស្ត្រាចារ្យ បានបន្តថា តាមរយៈសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្នែកជំងឺភ្នែកនេះ មន្ទីរពេទ្យកុមារជាតិ នឹងបើកដំណើរការពិនិត្យ ព្យាបាលជំងឺភ្នែក សម្រាប់ទារក កុមារ ក៏ដូចជាមនុស្សចាស់ ដើម្បីលើកកម្ពស់សុខភាពភ្នែកដល់ទារក និងកុមារកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកសាស្ត្រាចារ្យ បានបន្តទៀតថា «សម្ភារៈនេះមានសារៈសំខាន់ណាស់សម្រាប់ពិនិត្យមើលភ្នែកទារកទើបនឹងកើតភ្លាមៗ ពិសេសទារកកើតមិនគ្រប់ខែ ដែលភាគច្រើនមានបញ្ហាជំងឺបាតភ្នែក ព្រោះកន្លងមកយើងមានបញ្ហាហ្នឹងជួបការលំបាកក្នុងការស្វែងកន្លែងផ្ដល់សេវាបាន បើមានក៏ត្រូវបញ្ជូនទៅឆ្ងាយដែរ។ នេះជាការអភិវឌ្ឍន៍ថ្មីមួយទៀតរបស់មន្ទីរពេទ្យកុមារជាតិយើង»។
លោកសាស្ត្រាចារ្យ បានបន្ថែមទៀតថា នៅពេលមន្ទីរពេទ្យបើកដំណើរការសេវាព្យាបាលជំងឺភ្នែកកុមារ វានឹងជួយដល់ទារក និងកុមារ ពិសេសទារកកើតមកមិនគ្រប់ខែ ដែលមានបញ្ហាជំងឺបាតភ្នែក ឲ្យទទួលបានការព្យាបាលមួយប្រកបដោយប្រសិទ្ធភាព ចៀសផុតពីពិការភាព។ ក្រៅពីនេះ ក៏មានឧបករណ៍ទំនើបៗ ផ្សេងៗទៀត សម្រាប់ឆ្លុះ និងវាស់ភ្នែកស្រលៀង ក៏ដូចជាទារក ឬកុមារមានបញ្ហាកែវភ្នែក នឹងផ្ដល់សេវាព្យាបាល ព្រមទាំងវះកាត់តូចៗ ផងដែរ។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា តាមគម្រោង មន្ទីរពេទ្យ នឹងបើកដំណើរការសេវាព្យាបាលភ្នែកកុមារនេះ នៅក្នុងឆ្នាំ ២០២៣ នេះហើយ។ ក្នុងនោះ បន្ទាប់ពីមន្ទីរពេទ្យទទួលបានបរិក្ខារពេទ្យទំនើបៗនេះ ពីអង្គការ កយកា។ ហើយខែក្រោយនេះ មន្ទីរពេទ្យ នឹងបញ្ជូនបុគ្គលិកជំនាញភ្នែកនេះ ទៅបន្តការសិក្សារយៈពេល ១ ខែកន្លះ នៅសាធារណរដ្ឋកូរ៉េ ដើម្បីសិក្សាបន្ថែមពីបច្ចេកទេសថ្មីៗ នៃការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកដល់ទារក និងកុមារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកសាស្ត្រាចារ្យ បានឲ្យដឹងទៀតថា ជំនួយរបស់អង្គការ កយកា នេះ ក៏ជាផ្នែកមួយ នៃគម្រោងរបស់រដ្ឋាភិបាលកូរ៉េ ដែលនឹងជួយសាងសង់អគារកម្ពស់ ៥ ជាន់ ទំហំជាង ៨៣០០ ម៉ែត្រការ៉េ គ្រោងនឹងសាងសង់នៅពាក់កណ្ដាលឆ្នាំ ២០២៤ និងបញ្ចប់រយៈពេល ៣ ទៅ ៣ ឆ្នាំកន្លះ ខាងមុខនេះ ដោយចំណាយថវិកាប្រមាណ ១៦ លានដុល្លារ។
លោកសាស្ត្រាចារ្យ បានបន្ថែមទៀតថា ពេលអគារថ្មីសាងសង់រួចរាល់ សេវាព្យាបាលជំងឺភ្នែកកុមារ នឹងលើកទៅដាក់នៅអគារនោះ ដោយមានបំពាក់សម្ភារៈបរិក្ខារពេទ្យទំនើបបន្ថែមទៀត សម្រាប់បម្រើដល់ការព្យាបាលជំងឺភ្នែកទូទៅ និងវះកាត់ជំងឺភ្នែកតូច-ធំផងដែរ៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល