ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់បរិស្ថាន អបអរសាទរការធ្វើបានជោគជ័យលើការភ្ញាស់បែបសិប្បនិម្មិត ចំពោះពងសត្វខ្សឹប
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន អបអរសាទរក្រុមអ្នកជំនាញមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវចម្រុះ (ACCB) ធ្វើបានជោគជ័យលើការភ្ញាស់បែបសិប្បនិម្មិតចំពោះពងសត្វខ្សឹបចំនួនពីរគ្រាប់ ដែលត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹបនៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបង្ហោះកាលពីព្រឹកថ្ងៃទី ២៣ ឧសភានេះ លោករដ្ឋលេខាធិការ បានសរសេរថា «នេះពិតជាមានព័ត៌មានដ៏អស្ចារ្យសម្រាប់ក្រុមអ្នកអភិរក្ស និងប្រជាជនកម្ពុជា ហើយការបង្កាត់ពូជសត្វខ្សឹបក្រៅជម្រកធម្មជាតិ ចូលរួមចំណែកដល់ការរស់រានមានជីវិត នៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ»។
លោករដ្ឋលេខាធិការ បានសរសេរទៀតថា កាលពីថ្មីៗនេះ ពងខ្សឹបចំនួនពីរគ្រាប់ ត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹបនៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។ ពងខ្សឹបដែលបានប្រមូលមក ត្រូវបានបញ្ជូនទៅកាន់កន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) ជាកន្លែងដែលពងទាំងនេះត្រូវបានភ្ញាស់បែបសិប្បនិម្មិតដោយជោគជ័យ។ ពងខ្សឹបទាំងពីរគ្រាប់នេះ បានញាស់ក្នុងសប្ដាហ៍ទីមួយ នៃខែឧសភា ហើយកូនខ្សឹបទាំងពីរក្បាល ត្រូវបានចិញ្ចឹមបញ្ចុកចំណីដោយអ្នកថែទាំសត្វដ៏មានបទពិសោធន៍របស់ពួកយើង។ ពួកវានឹងត្រូវបានដាក់បញ្ចូលទៅក្នុងចំនួនរបាយប្រជាសាស្ត្រសត្វខ្សឹបក្រៅជម្រកធម្មជាតិនៅ ACCB ដែលពួកវានឹងចូលរួមចំណែកដល់ការរស់រានមានជីវិត នៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ។
លោករដ្ឋលេខាធិការ បានបន្ថែមថា ផ្អែកលើទិន្នន័យសិក្សាស្រាវជ្រាវ នៃការធ្វើជំរឿនសត្វខ្សឹប នៅតាមទីជម្រកបន្តពូជសំខាន់ៗជុំវិញតំបន់ទំនាបលិចទឹកបឹងទន្លេសាប ឆ្នាំ ២០២១ កន្លងទៅ ចំនួនសត្វខ្សឹបឈ្មោលដែលបង្អួតខ្លួននៅរដូវបន្តពូជមានប្រមាណ ២២៩ ក្បាល ខណៈការប៉ាន់ស្មានចំនួនសត្វខ្សឹបទាំងអស់ មានប្រមាណ ៥៥០ ក្បាល។ នេះគឺជាទិន្នន័យខ្ពស់បំផុតដែលធ្លាប់បានសិក្សាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លទ្ធផលល្អនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នពាក់ព័ន្ធ ក្នុងនោះរួមមានក្រសួងបរិស្ថាន អង្គការ WCS, ACCB, សហគមន៍តំបន់ការពារធម្មជាតិ និងម្ចាស់ជំនួយដែលបានគាំទ្របច្ចេកទេស និងការដាក់ចុះនូវវិធានការចាំបាច់ផ្សេងៗ ដើម្បីការពារតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប។
គួរបញ្ជាក់ថា សត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា។ សត្វប្រភេទនេះ មាននៅប្រទេសកម្ពុជា និងធ្លាប់មាននៅវៀតណាម។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនតិចជាង ៥០០ ក្បាល នៅលើពិភពលោក។ សកម្មភាពការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះ ត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប» គ្របដណ្ដប់លើផ្ទៃដីទំហំ ៣១.១៥៩ ហិកតា លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ធំ និងសៀមរាប៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ