ព័ត៌មានជាតិ
ធនាគារជាតិនឹងជំរុញការអភិវឌ្ឍប្រព័ន្ធធនាគារឱ្យកាន់តែទំនើប ថែមទៀត
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាជាទឹសដៅធនាគារជាតិនឹងបន្តរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជំរុញការអភិវឌ្ឍប្រព័ន្ធធនាគារឱ្យកាន់តែទំនើប ប្រកបដោយបរិយាបន្ននិងភាពទុកចិត្តខ្ពស់ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ និងស្របតាមការវិវត្តនៃទំនាក់ទំនងនិងដំណើរការសេដ្ឋកិច្ចក្នុងបរិការណ៍នៃ«ប្រក្រតីថ្មី»សំដៅគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលស្តារកំណើនសេដ្ឋកិច្ចឡើងវិញ។

ការដាក់ទិសដៅនេះ បានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅល្ងាចថ្ងៃទី២១មករានេះបានឲ្យដឹងថា ឆ្នាំ២០២០ធនាគារជាតិនៃកម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈការរក្សាបានស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់ ព្រមទាំងគរពូនទុនបម្រុងអន្តរជាតិ ក្នុងកម្រិតគ្រប់គ្រាន់សម្រាប់បម្រើដល់គោលនយោបាយរូបិយវត្ថុ។

ជាមួយគ្នានេះ វិស័យធនាគារក៏បានគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់មកលើអាជីវកម្មនិងប្រជាជនក្រីក្រ ដោយបានដាក់ចេញនូវវិធានការមួយចំនួន រួមមាន ការបង្កើនសាច់ប្រាក់ក្នុងដៃរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្រាប់ការពារហានិភ័យដែលអាចកើតឡើងជាយថាហេតុ និងគាំទ្រការផ្តល់ឥណទានទៅកាន់វិស័យចម្បងៗនៃសេដ្ឋកិច្ច និងការរៀបចំឥណទានឡើងវិញ ជាមួយនឹងការលើកលែងកម្រៃពាក់ព័ន្ធ ចំពោះអាជីវកម្មនិងប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់ពីវិបត្តិ។
លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជាបានយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចការពារអតិថិជននិងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុស្របពេលដែលបរិយាបន្នហិរញ្ញវត្ថុបានកើនឡើងនិងស្ថិតក្នុងបរិការណ៍ប្រឈមនឹងវិបត្តិតាមរយៈការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុនៅតាមមូលដ្ឋាន,ការទទួលសំណួរនិងសំណើរបស់សាធារណជនពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងយុទ្ធនាការនានា ដែលបានបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់សាធារណជន។

ម្យ៉ាងទៀត ធនាគារជាតិនៃកម្ពុជាក៏បានគាំទ្រដល់នវានុវត្តបច្ចេកវិទ្យាដោយបានអនុញ្ញាតឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលគាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានដាក់ឲ្យប្រើប្រាស់និងអភិវឌ្ឍប្រព័ន្ធទូទាត់ ផ្អែកលើបច្ចេកវិទ្យាទំនើប។ ក្នុងចំណោមនោះ ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ត្រូវបានដាក់ឲ្យប្រើប្រាស់ និងកំពុងសម្រួលដល់ការទូទាត់ទូទៅតាមរយៈទូរសព្ទដៃ ដោយអាចទូទាត់ឆ្លងគ្រឹះស្ថាន និងអាចទទួលបានទឹកប្រាក់ទូទាត់ភ្លាមៗ។

ម្យ៉ាងទៀតការដាក់ចេញនូវវិធានការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិបានទទួលជោគជ័យជាពិសេសក្នុងការជំរុញការទូទាត់ប្រាក់រៀលចំពោះប្រតិបត្តិការតូចៗកាន់តែទូលំទូលាយ ជាមួយនឹងការកើនឡើងគួរឲ្យកត់សម្គាល់នៃការសន្សំនិងការផ្តល់ឥណទានជាប្រាក់រៀល ដែលបានរួមចំណែកពង្រឹងអត្តសញ្ញាណជាតិ អធិបតេយ្យរូបិយវត្ថុជាតិ និងប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ។
គួរបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរនិងផ្សព្វផ្សាយអំពីលទ្ធផលដែលធនាគារជាតិនៃកម្ពុជាទទួលបាននៅឆ្នាំកន្លងទៅព្រមទាំងទស្សនវិស័យនិងទិសដៅការងារឆ្នាំ២០២១នេះសំដៅឈានទៅសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ប្រព័ន្ធធនាគារនិងសេដ្ឋកិច្ចកម្ពុជា៕
ដោយ ៖ សំអឿន



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់