ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញប្រធានមន្ទីរថ្មី ត្រូវសហការជាមួយរដ្ឋបាលខេត្ត ទប់ស្កាត់ឲ្យបានរាល់ការសង់សំណង់ខុសច្បាប់នៅខេត្តប៉ៃលិន
មានប្រសាសន៍កាលពីព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានថ្លែងជំរុញ ដល់ប្រធានមន្ទីរថ្មី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន ត្រូវចូលរួមទប់ស្កាត់ការរំលោភលើដីសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សោភណភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមទីក្រុង ទីប្រជុំជន ជាពិសេសការទប់ស្កាត់ឲ្យបានរាល់ការសាងសង់សំណង់ខុសច្បាប់។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន, លោក លោកស្រីប្រធានមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង/ស្រុក លោក លោកស្រី តំណាងវិស័យឯកជន ជាច្រើននាក់ផងដែរ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្ត ព្រមទាំងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងខេត្តប៉ៃលិន ដែលរយៈពេលកន្លងមក បានរួមសហការគ្នាខិតខំបំពេញភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះដែរ លោកស្រីអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្របខណ្ឌយុទ្ធសាស្ត្រ នៃគោលនយោបាយដីធ្លីឲ្យបានសម្រេច និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ឆាន់ សាផាន បានថ្លែងជំរុញដល់មន្ត្រីជំនាញ និងប្រធានមន្ទីរថ្មី ត្រូវពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ ក្នុងមន្ទីរឲ្យបានល្អ ពោលគឺសំដៅលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ បង្កើនប្រសិទ្ធភាពការងារលើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលមករកសេវាពីមន្ទីរ។ ជាមួយគ្នានោះ ត្រូវរៀបចំនីតិវិធីក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋឲ្យសម្រេចតាមផែនការ។ ក្នុងនោះពាក់ព័ន្ធវិស័យសំណង់ ត្រូវចាត់មន្ត្រីចុះពិនិត្យគុណភាពសំណង់ ជំរុញដល់ប្រជាពលរដ្ឋ ស្នើសុំច្បាប់អនុញ្ញាត មុនពេលសាងសង់ ធ្វើកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យការងារមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។ លើសពីនេះ ត្រូវបន្តផ្សព្វផ្សាយ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍន៍អចលវត្ថុ ឲ្យយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យសំណង់ និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ព្រមទាំងរដ្ឋបាលខេត្តផងដែរ។

ជាការឆ្លើយតប លោក ហុង ពៅ ដែលទើបទទួលការតែងតាំងថ្មី បានបញ្ជាក់ថា លោកនឹងប្ដេជ្ញាចិត្តដឹកនាំស្ថាប័នមួយនេះឲ្យមានប្រសិទ្ធភាពខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អ សហការជាមួយជំនាញនានា និងអាជ្ញាធរខេត្ត ដើម្បីចូលរួមបម្រើសេវាឲ្យបានលឿន រហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ




-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ