ព័ត៌មានជាតិ
ក្រុមប្រឹក្សាធម្មនុញ បដិសេធបណ្ដឹងតវ៉ារបស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ចំពោះការចុះបញ្ជីគណបក្ស
ទីបំផុតទៅគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបានក្រុមប្រឹក្សាធម្មនុញសម្រេចបដិសេធបណ្ដឹងតវ៉ា ជុំវិញការមិនចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការសម្រេចបែបនេះ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ កាលពីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣នេះ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចលើ៖

១. បណ្ដឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្ដីសម្រេចរបស់ គ.ជ.ប ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន ២៥ មណ្ឌល រាជធានី-ខេត្ត។
២. បណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ ប្តឹងសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសម្រេចពីលទ្ធភាព ស្តីពី ការចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖
១- ទទួលពាក្យបណ្ដឹងចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ របស់ឈ្មោះ ទាវ វណ្ណល ឈ្មោះ ហុង សុខហួរ និងឈ្មោះ គីមសួរ ភីរិទ្ធ តំណាងគណបក្សភ្លើងទៀន ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
២- ទទួលពាក្យបណ្តឹងចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ របស់ឈ្មោះ ហ៊ាង គឹមសឿន ប្រធាន ស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានចេញសេចក្ដីសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន ២៥មណ្ឌលរាជធានី-ខេត្ត ដោយមូលហេតុគណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឲ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី ២ និងចំណុចទី ១ ក្នុងមាត្រា ២៧ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ។
ចំណែកកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ បានចេញសេចក្ដីសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលមាន ៧មណ្ឌលរាជធានី-ខេត្ត ដោយមូលហេតុគណបក្សមហាសាមគ្គីជាតិខ្មែរ មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឲ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី ២ និងចំណុចទី ១ ក្នុងមាត្រា ២៧ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ។
ចំពោះការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹង ទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនេះ គឺសាមីគណបក្សនយោបាយ ឬតំណាងអាចប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចបដិសេធដោយ គ.ជ.ប លើបញ្ជីបេក្ខជននៃគណបក្សនយោបាយរបស់ខ្លួន។ គណបក្សនយោបាយអាចប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាមនីតិវិធី។
មាត្រា ៣៤ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ បានបញ្ជាក់ថា ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញយល់ព្រមលើបណ្ដឹងតវ៉ា ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវចេញសេចក្ដីសម្រេចយល់ព្រម និងជូនដំណឹងទៅសាមីគណបក្សនយោបាយ ឬតំណាង ហើយបង្គាប់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះឈ្មោះសាមីគណបក្សនយោបាយទៅក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដជាបន្ទាន់។ បន្ទាប់ពីទទួលសេចក្ដីសម្រេចពីក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចេញលិខិតបញ្ជាក់អំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជូនសាមីគណបក្សនយោបាយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្ញើលិខិតនេះមួយច្បាប់ទៅក្រុមប្រឹក្សាធម្មនុញ្ញ។
ចំណែកមាត្រា ៣៥ បានបញ្ជាក់ដែរថា ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបដិសេធបណ្ដឹងតវ៉ា សេចក្ដីសម្រេចនេះ គឺជាសេចក្ដីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្ដល់សេចក្ដីសម្រេចបដិសេធនេះមួយច្បាប់ ទៅសាមីគណបក្សនយោបាយ ឬតំណាង និងផ្ញើសេចក្ដីសម្រេចបដិសេធមួយច្បាប់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ