ព័ត៌មានជាតិ
ស្វែងយល់អំពីសិទ្ធិអំណាចរបស់ស្ថាប័នអយ្យការអមសាលាជម្រះក្ដី
នៅសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់របស់កម្ពុជាត្រូវអមដោយស្ថាប័នអយ្យការមួយ ដែលមានមុខងារធ្វើបណ្ដឹងអាជ្ញា និងអនុវត្តមុខងារផ្សេងៗទៀតតាមការកំណត់របស់ច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ក្នុងនោះ អយ្យការអមសាលាដំបូងរាជធានី-ខេត្ត តំណាងដោយព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ខណៈមហាអយ្យការអមសាលាឧទ្ធរណ៍ និងតុលាការកំពូល តំណាងដោយអគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញា។
បើតាមច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ស្ថាប័នអយ្យការ គឺជាអ្នកទទួលបន្ទុកស្វែងរកបទល្មើសព្រហ្មទណ្ឌ ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងសុំឲ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ។ ក្នុងរឿងក្ដីរដ្ឋប្បវេណី និងរឿងក្ដីផ្សេងទៀត តំណាងអយ្យការអាចចូលរួមក្នុងនីតិវិធីតុលាការ និងបញ្ចេញយោបល់បាន ប្រសិនបើយល់ឃើញថាជាផលប្រយោជន៍សាធារណៈ។ ស្ថាប័នអយ្យការ ក៏ត្រូវធានារ៉ាប់រងលើការអនុវត្តសេចក្ដីសម្រេចខាងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងធានាយកចិត្តទុកដាក់លើការផ្សព្វផ្សាយដីកាបង្គាប់ឲ្យចាប់ខ្លួន។
ទន្ទឹមនេះ ក្នុងនាមជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង គឺត្រូវធ្វើរបាយការណ៍អំពីបទល្មើស និងសកម្មភាពការងាររបស់ខ្លួនជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
និយាយដោយឡែក បើតាមច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត មានអំណាចលើព្រះរាជអាជ្ញារងទាំងអស់ដែលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវចាត់តាំង និងបែងចែកការងារដល់ព្រះរាជអាជ្ញារងទាំងអស់។ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង មានសិទ្ធិធ្វើអធិបញ្ជាព្រះរាជអាជ្ញារងធ្វើការ ចោទប្រកាន់ ឬចាត់ឲ្យចោទប្រកាន់ ឬធ្វើសេចក្តីសន្និដ្ឋាន។ សេចក្តីសន្និដ្ឋានរបស់ព្រះរាជអាជ្ញារង ត្រូវតែបញ្ជូនទៅព្រះរាជអាជ្ញាពិនិត្យនៅមុនពេលសវនាការ។ ប៉ុន្តែនៅពេលឡើងសវនាការ ព្រះរាជអាជ្ញារងអាចធ្វើការកត់សម្គាល់ដោយផ្ទាល់មាត់បានដោយសេរីតាមការយល់ឃើញ ស្របតាមសតិសម្បជញ្ញៈរបស់ខ្លួន ហើយមិនមានការចោទប្រកាន់ខាងវិន័យចំពោះតំណាងអយ្យការឡើយ។
សម្រាប់អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល មានសិទ្ធិអំណាចគ្រប់គ្រងលើអគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាអមតុលាការកំពូល។ អគ្គព្រះរាជអាជ្ញានៃសាលាជម្រះក្ដីទាំងពីរថ្នាក់នេះមានសិទ្ធិធ្វើអធិបញ្ជាអគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ ឬចាត់ឲ្យចោទប្រកាន់ ឬធ្វើសេចក្តីសន្និដ្ឋាន ហើយសេចក្តីសន្និដ្ឋាននោះត្រូវបញ្ជូនទៅអគ្គព្រះរាជអាជ្ញាពិនិត្យជាមុន ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ