ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ យកខេត្តព្រះសីហនុ ជាខេត្តអាទិភាព ដាក់ពង្រាយប្រព័ន្ធគមនាគមន៍ Internet
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួង បានរៀបចំផែនការយកខេត្តព្រះសីហនុ ជាខេត្តអាទិភាព ក្នុងការដាក់ពង្រាយប្រព័ន្ធគមនាគមន៍ Internet ប្រព័ន្ធតភ្ជាប់កាមេរ៉ាសុវត្ថិភាព និងភ្ជាប់ Wifi តាមតំបន់ឆ្នេរ ដើម្បីឲ្យខេត្តនេះក្លាយជាខេត្តស៊ីវិល័យនៅតំបន់និរតី នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងបិទសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី ២) នៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ២៥ ឧសភា លោក ជា វ៉ាន់ដេត បានបន្តថា ការរៀបចំផែនការដាក់ខេត្តព្រះសីហនុជាខេត្តអាទិភាពនេះ ដោយសារខេត្តនេះមានការអភិវឌ្ឍរីកចម្រើនខ្លាំង វិនិយោគិនមកបណ្ដាក់ទុនច្រើន ដែលមានតម្រូវការនូវការប្រើប្រាស់ប្រព័ន្ធគមនាគមន៍ Internet ជាចាំបាច់ ក្នុងការទំនាក់ទំនងធ្វើអាជីវកម្មប្រចាំថ្ងៃទាំងក្នុង និងក្រៅប្រទេស។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដោយមើលឃើញពីសារៈសំខាន់នេះ ទើបរដ្ឋបាលខេត្តបានបង្កើនសមត្ថភាពជំនាញ ចំណេះដឹងថ្មីៗ ពីបច្ចេកវិទ្យាឌីជីថល និងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាផ្សព្វផ្សាយអំពីគោលនយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយប្រៃសណីយ៍ ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធដល់មន្ត្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍។
ជាងនេះទៀត បង្កើតឲ្យមានយន្តការចែករំលែកបទពិសោធន៍ល្អៗ ដែលបានមកពីការអនុវត្តការងារ និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពុងជួបប្រទះ គឺឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកអភិបាលខេត្ត បន្តទៀតថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ធ្វើឲ្យមានការប៉ះពាល់ដល់វិស័យប្រៃសណីយ៍ ដើម្បីសោភ័ណភាពទីក្រុង គឺបានបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៥៥០ គ្រាប់ នៅតាមបង្គោលចរាចរណ៍ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែមិនទាន់បានតភ្ជាប់ ដើម្បីការគ្រប់គ្រងការងារសន្តិសុខ សណ្ដាប់ធ្នាប់ បរិស្ថានកាន់តែទំនើប។ ដូចនេះ សូមជួយគាំទ្រវិស័យប្រៃសណីយ៍ ព្រោះវាមានសារៈសំខាន់។ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធនធានមនុស្ស ផ្លូវ ទឹក ភ្លើង វិស័យប្រៃសណីយ៍ ក៏ជាវិស័យអាទិភាពសម្រាប់សង្គមជាតិ សេចក្ដីប្រើប្រាស់កាន់តែមានទំហំធំទូលាយ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»