ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ កម្ពុជាប្តេជ្ញាអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
លោក អាន សុខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោកអះអាងបែបនេះក្រោយមានការលើកឡើងថា គណបក្សភ្លើងទៀន ត្រូវបានរារាំងចូលរួមក្នុងការបោះឆ្នោតជាតិ នៅខែកក្កដាខាងមុខ។
បើតាមសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក អាន សុខឿន បានធ្វើការកត់សម្គាល់អំពីការបញ្ចេញមតិយោបល់ជាច្រើនជុំវិញបរិយាកាសនយោបាយរបស់កម្ពុជាក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខែកក្កដាខាងមុខ។
អាស្រ័យដោយមានការអធិប្បាយមួយចំនួនបានបង្កឲ្យមានការភាន់ច្រលំ ធ្វើឡើងដោយគ្មានមូលដ្ឋានការពិត និងមានលក្ខណៈលំអៀងក្រោមហេតុផលនយោបាយ លោក អាន សុខឿន បានបកស្រាយ និងបំភ្លឺយ៉ាងដូច្នេះថា៖«ការលើកឡើងថា គណបក្សភ្លើងទៀនត្រូវបានរារាំងមិនអោយចូលរួមក្នុងការបោះឆ្នោតជាតិ នាខែកក្កដា គឺមិនត្រឹមត្រូវឡើយ»។ លោកថា គណបក្សនេះមិនគោរពឲ្យបានហ្មត់ចត់តាមច្បាប់បោះឆ្នោត ទោះបីជាមានសេចក្តីជូនដំណឹង និងការណែនាំជាច្រើនលើកច្រើនសាររបស់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ។ លោកបន្ថែមថា ការខកខានមិនអនុវត្តតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតនេះ គឺជាការទទួលខុសត្រូវរបស់គណបក្សនេះខ្លួនឯង ក្នុងនាមជាគណបក្សដែលបានដាក់ពាក្យស្នើសុំ។
អ្នកនាំពាក្យរូបនេះ បានពន្យល់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលខុសត្រូវក្នុងការអនុវត្តដំណើរការបោះ ឆ្នោត ដោយប្រើប្រាស់ស្តង់ដារតែមួយ និងផ្អែកលើមូលដ្ឋាននៃគោលការណ៍យុត្តិធម៌ សមភាព និងនីតិវិធីត្រឹមត្រូវ ដូចដែលស្ថាប័នគ្រប់គ្រងការបោះឆ្នោតនៅក្នុងបណ្ដាប្រទេសដទៃផ្សេងទៀតអនុវត្តដោយគោរពតាមនីតិរដ្ឋ។ ប្រសិនបើគណបក្សនយោបាយ១៨ផ្សេងទៀតគោរពតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត នោះគណបក្សដែល មិនគោរពច្បាប់ មិនគួរទទួលបានបុព្វសិទ្ធិពិសេសឡើយ ដើម្បីភាពយុត្តិធម៌សម្រាប់គ្រប់គណបក្សទាំងអស់។ លោក ថា ការអនុញ្ញាតឲ្យមានបុព្វសិទ្ធិពិសេសណាមួយនឹងត្រូវចាត់ទុកថា ជាការអនុវត្តស្តង់ដារពីរ។ ប៉ុន្តែ គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលជាគណបក្សនយោបាយមួយទៀត មិនបានបំពេញកាតព្វកិច្ចដាក់ឯកសារគ្រប់គ្រាន់ ក៏បានប្រកាសទទួលយកដោយសុឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ។
លោក អាន សុខឿន បានអះអាងថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ត្រង់ន័យនេះ លោក បានលើកឡើងថា ល្គឹកណា គ្រប់គណបក្សនយោបាយទាំងអស់អនុវត្តសិទ្ធិក្នុងរង្វង់ដែនកំណត់នៃច្បាប់ នោះទើបបរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន មិនមែនសិទ្ធិទាំងអស់មានលក្ខណៈដាច់ខាតឡើយ។ លោក សង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មមួយមិនអាចធ្វើយុត្តិកម្មថា ជាការតស៊ូផ្នែកសីលធម៌ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ហើយការអវត្តមានគណបក្សចំនួនពីរនេះពីដំណើរការបោះឆ្នោត គឺដោយសារតែការមិនគោរពតាមច្បាប់ និងមិនធ្វើឲ្យប៉ះពាល់ដល់ភាពសេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ។
បន្ថែមពីនេះ ចំពោះវត្តមានរបស់អ្នកសង្កេតការបោះឆ្នោតវិញ កម្ពុជាសូមស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ ដើម្បីអញ្ជើញមកចូលរួមធ្វើជាសាក្សីដោយផ្ទាល់នៅក្នុងដំណើរការបោះឆ្នោត។ ជារដ្ឋអធិបតេយ្យមួយ សំឡេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវតែគោរពតាម ហើយសេចក្ដីអញ្ជើញជាចំហនេះបង្ហាញឲ្យឃើញអំពីសុច្ឆន្ទៈ និងភាពបើកចំហរបស់កម្ពុជាចំពោះពិភពលោកខាងក្រៅ៕
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ