Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កម្ពុជា​ បំពាក់​គ្រឿង​ឥស្សរិយយស មេដាយ​សហ​មេត្រី ថ្នាក់​ធិ​ប​ឌិ​ន្ទ​ជូន​អ្នកជំនាញការ​បច្ចេកទេស​អន្តរជាតិ បារាំង

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​បំពាក់​គ្រឿង​ឥស្សរិយយស មេដាយ​សហ​មេត្រី ថ្នាក់​ធិ​ប​ឌិ​ន្ទ​ជូន​លោក​បណ្ឌិត Olivier Segeral អតីត​អ្នកជំនាញការ​បច្ចេកទេស​អន្តរជាតិ បន្ទាប់ពី​លោក​បណ្ឌិត​បាន​កសាង​នូវ​ស្នាដៃ​ជាច្រើន​ជូន​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រួចមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​នេះ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៣ ​ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។

លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ​ទីប្រឹក្សា​ក្រសួងសុខាភិបាល​និង​ជា​សកលវិទ្យាធិការ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​មានប្រសាសន៍ថា ​លោក​បណ្ឌិត Olivier Segeral បាន​សិក្សា និង​ទទួលបាន​សញ្ញាប័ត្រ ជាច្រើន​។​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ មក លោក​បណ្ឌិត បានចាប់ផ្តើម​អនុវត្ត​ការងារ ស្រាវជ្រាវ ដែល​ការងារ​ស្រាវជ្រាវ​ជា​ចម្បង​របស់​គាត់ ផ្តោតលើ ជំងឺឆ្លង រូ​ម​មាន Ebola virus, HIV, Hepatitis, HPV និង​ជំងឺ​ឱកាសនិយម​ផ្សេងៗ​ទៀត​។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា ​តាមរយៈ​កិច្ចសហប្រតិបត្តិការ រវាង សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង Agence Nationale de Recherche sur le sida et les hepatites virales (ANRS) នៅ​ឆ្នាំ​២០១៥ លោក​បណ្ឌិត Olivier Segeral បានមក បំរើកា​រងារ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ក្នុងតួនាទី​ជា អ្នកជំនាញការ​បច្ចេក​ទេស​អន្តរជាតិ​។

ក្នុង​តួនាទី​នេះ​ហើយ ដែល​លោក​បណ្ឌិត បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង ការបណ្ដុះបណ្តាល និង​ស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។ លោក​បណ្ឌិត បាន​ជួយ សម្របសម្រួល​ភាពជា​ដៃគូ និង​បណ្តាញ​ស្រាវជ្រាវ រវាង​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​ផ្សេងៗ ទាំង​ក្នុង​និង​ក្រៅប្រទេស ព្រមទាំង​បាន​ជួយ​សម្របសម្រួល ជាមួយ​ស្ថាប័ន​ផ្តល់ជំនួយ​នានា​។

សម្របសម្រួល​ដល់​ការអភិវឌ្ឍ​វិធីសាស្ត្រ​ស្រាវជ្រាវ និង​ដំណើរការ​អនុវត្ត​គម្រោង ស្រាវជ្រាវ​នានា ដែល​រួមមាន​លើក​សំណើ​គម្រោង​ស្រាវជ្រាវ​ស្នើសុំ​ថវិកា​ចំនួន ១១ សំណើ​គម្រោង និង​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​ANRS ចំនួន ១០ គម្រោង សរុប​ជា​ទឹកប្រាក់​ជាង ២ លាន​អឺរ៉ូ​។

ទន្ទឹម​នឹង​នេះ លោក​បណ្ឌិត បាន​បណ្តុះបណ្តាល និង​ដឹកនាំ និក្ខេបបទ​ដល់​និស្សិត និង​បុគ្គលិក នៃ​សាកល វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល អំពី​វិធីសាស្ត្រ​នៃ​ការស្រាវជ្រាវ និង​របៀប​សរសេរ គម្រោង​ស្រាវជ្រាវ បាន​ជាង ១០០​នាក់​និង​បាន​គាំទ្រ​ដល់​ការផ្សព្វផ្សាយ​លទ្ធផល​សិក្សា​ស្រាវជ្រាវ ចំនួន ២០ បទ​បង្ហាញ​។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ទៀត​ថា ​លោក​បណ្ឌិត Olivier : Segeral បានបញ្ចប់​បេសកកម្ម​របស់លោក នៅ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល ក្នុង​ឆ្នាំ​២០២២ និង​បច្ចុប្បន្នកំពុង​បម្រើការ​ងារ​ជា​អ្នកស្រាវជ្រាវ នៅ​មន្ទីរពេទ្យ សាកលវិទ្យាល័យ Geneva ប្រទេស​ស្វី​ស​។

​លោក សាស្ត្រាចារ្យ​សូម​ថ្លែងអំណរគុណ​ដល់​លោក​បណ្ឌិត Oivier Segeral ដែល​បាន​ជួយ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កន្លងមក និង​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​និង​សូម​សំដែង​ការ​អបអរសាទរ​ដោយ​ស្មោះ ចំពោះ​លោក​បណ្ឌិត ដែល​បានការ​ទទួលស្គាល់​ស្នាដៃ ពី​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់ជូន​លោក​បណ្ឌិត នូវ​គ្រឿង​ឥស្សរិយយស មេដាយ​សហ​មេត្រី​។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​សម្តែង​នូវ​ការកោតសរសើរ​ដោយស្មោះ​ដល់​លោក​បណ្ឌិត Olivier. Segeral ដែល​បាន​ខិតខំ​លើកស្ទួយ​កិច្ចការ​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ព្រមទាំង​បាន​ចូលរួម​បណ្តុះបណ្តាល ដឹកនាំ​និក្ខេបបទ អំពី​វិធីសាស្ត្រ​នៃ​ការស្រាវជ្រាវ និង​របៀប​សរសេរ​គ​ម្រោ​ង​ស្រាវជ្រាវ​ដល់​និស្សិត​និង​បុគ្គលិក​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ក្នុង​រយៈពេល​កន្លងមក​។

ជា​មួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា ដែល​បាន​ជួយ សម្របសម្រួល​ផ្តល់​នូវ​អ្នកជំនាញការ​បច្ចេកទេស​អន្តរជាតិ ជូន​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខា​ភិ បាល ដើម្បី​គាំទ្រ អនុវត្ត​ការងារ​ស្រាវជ្រាវ​និង​ជួយ​បណ្តុះបណ្តាល​មន្ត្រី បុគ្គលិក និស្សិត​របស់​សាកល វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់ អង្គការ ANRS ដែល​បាន​ជួយ ឧបត្ថម្ភ គាំទ្រ​គម្រោង​សិក្សា​ស្រាវជ្រាវ​នានា នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​« ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​ទាំងនេះ និង​ជាពិសេស ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ លោក​បណ្ឌិត Olivier Segeral. នាពេល​កន្លងមក​។ ខ្ញុំ​សង្ឃឹមថា លោក​បណ្ឌិត​នឹង​បន្ត​ជួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បន្តទៀត ទោះ​លោក​បណ្ឌិត បានបញ្ចប់​អាណត្តិ​ការងារ​របស់ខ្លួន​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រួចហើយ​ក្ដី​»​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ដើម្បី​ជា​សក្ខីភាព នៃ​ការដឹងគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​បណ្ឌិត រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្តល់ជូន​នូវ​គ្រឿង​ឥស្ស​វ័យ​យស រម​ដោយ​សហ​មេត្រី ថ្នាក់​ធិបឌិន្ទ។

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​« ដើម្បី​បង្កើន​គុណភាព នៃ​ការផ្តល់សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គាំទ្រ​យ៉ាង ពេញទំហឹង ដោយ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​វិស័យ​សុខាភិបាល ជាពិសេស​ការបណ្តុះបណ្តាល​ធនធាន មនុស្ស ប្រកបដោយ​សមត្ថភាព ដែល​នេះ​នឹង​នាំមក​នូវ​ភាពរឹងមាំ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​»​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ លើ​មូលដ្ឋាន​នេះ ក្រសួងសុខាភិបាល​លើកទឹកចិត្ត​ឱ្យ​សាស្ត្រាចារ្យ និស្សិត​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល ខិតខំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាប្រចាំ ដើម្បី​សម្រួច​ទាំង​ចំណេះដឹង ទ្រឹស្ដី និង​ការអនុវត្ត​ជាក់ស្ដែង ឱ្យ​កាន់តែ​ប្រសើរឡើង សំដៅ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការផ្តល់សេវា​សុខាភិបាល ជូន​ប្រជាពលរដ្ឋ​។ ក្រសួងសុខាភិបាល​តែងតែ​ជំរុញ​កិច្ចសហប្រតិបត្តិការ​និង​លើកកម្ពស់​ភាពជា​ដៃគូ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់ ដើម្បី​ពង្រឹង​ការងារ​បណ្តុះបណ្តាល និង​ការងារ ស្រាវជ្រាវ​ក្នុង​វិស័យ​សុខាភិបាល​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម