ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសហុងគ្រី នឹងបំពេញទស្សនកិច្ចផ្លូវការខាងមុខនេះ
តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ភីធើ ស៊ីចាតូ នឹងចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយជំនួបសម្តែងការគួរសមនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ រួមមាន ទី១. កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលហុងគ្រី, ទី២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី, ទី៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី។
លោក ភីធើ ស៊ីចាតូ នឹងមានជំនួបប្រជុំផ្លូវការជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម និងបន្តដោយសន្និសីទសារព័ត៌មានរួមគ្នា។
លោក ភីធើ ស៊ីចាតូ នឹងមានជំនួបដោយឡែកពីគ្នាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក សួស យ៉ារ៉ា សមាជិកសភា នៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត លោក ភីធើ ស៊ីចាតូ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការការិយាល័យ នៃស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញ។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ភីធើ ស៊ីចាតូ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងហុងគ្រី។
គួររំលឹកថា កាលពីឆ្នាំ២០១៦ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ក៏ធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជាម្តងដែរ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន។ នៅក្នុងឱកាសនោះ លោក Péter Szijjártó បានចំណាប់អារម្មណ៍ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ហើយដើម្បីបង្កើនកិច្ចសហប្រតិបត្តិកានេះ ហុងគ្រីបានបើកការិយាល័យតំណាងពាណិជ្ជកម្មមួយនៅកម្ពុជា ដើម្បីជួយសម្រួល និងជំរុញដល់ការវិនិយោគ។
ជាមួយគ្នានោះ ធនាគារនីហរ័ណអាហរ័ណហុងគ្រី ក៏បានត្រៀមផ្តល់ឥណទាន២៧ លានដុល្លារ ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងពាណិជ្ជកម្មរវាងក្រុមហ៊ុនកម្ពុជា និងហុងគ្រី ប្រទេសហុងគ្រីបានកំណត់វិស័យមួយចំនួនដូចជា កសិកម្ម ឧស្សាហកម្មម្ហូបអាហារ ឱសថ ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រវិស្វកម្មសម្រាប់ការវិនិយោគ ដើម្បីធ្វើការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រទេសហុងគ្រី គឺជាទីផ្សារនាំចេញសម្រាប់ទំនិញមួយចំនួនរបស់កម្ពុជា ដូចជា សម្លៀកបំពាក់ ស្បែកជើង ពិសេសអង្ករ និងផ្លែឈើ ចំណែកវិស័យទេសចរណ៍នៅកម្ពុជា ក៏មានសក្តានុពលទាក់ទាញភ្ញៀវពីហុងគ្រីផងដែរ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?