រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ខាងមុខនេះ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ខាងមុខនេះ

Published

on

តប​តាម​ការ​អញ្ជើញ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ភី​ធើ ស៊ី​ចា​តូ នឹង​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រោយ​ជំនួប​សម្តែង​ការគួរ​សម​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៣ រួមមាន ទី​១. កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី​, ទី​២. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុ​និយម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ហុង​គ្រី​, ទី​៣. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងកសិកម្ម​ហុង​គ្រី​។

លោក ភី​ធើ ស៊ី​ចា​តូ នឹង​មាន​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ប្រយោជន៍​និង​កង្វល់​រួម និង​បន្ត​ដោយ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​។

លោក ភី​ធើ ស៊ី​ចា​តូ នឹងមាន​ជំនួប​ដោយឡែក​ពី​គ្នា​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង លោក សួស យ៉ា​រ៉ា សមាជិកសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាងនេះទៅទៀត លោក ភី​ធើ ស៊ី​ចា​តូ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ការិយាល័យ នៃ​ស្ថានទូត​ហុង​គ្រី នៅ​រាជធានី​ភ្នំពេញ​។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ភី​ធើ ស៊ី​ចា​តូ នឹង​បន្ត​ពង្រីក និង​ពង្រឹង​បន្ថែមទៀត​នូវ ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​ជិតស្និទ្ធ និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​និង​ហុង​គ្រី​។​
​គួររំលឹក​ថា កាលពី​ឆ្នាំ​២០១៦ លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ក៏​ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តង​ដែរ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​។ នៅក្នុង​ឱកាស​នោះ លោក Péter Szijjártó បាន​ចំណាប់អារម្មណ៍ ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា ហើយ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិកា​នេះ ហុង​គ្រី​បាន​បើក​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​មួយ​នៅ​កម្ពុជា ដើម្បី​ជួយ​សម្រួល និង​ជំរុញ​ដល់​ការវិនិយោគ​។

ជាមួយគ្នា​នោះ ធនាគារ​នីហរ័ណ​អាហរ័ណ​ហុង​គ្រី ក៏បាន​ត្រៀម​ផ្តល់​ឥណទាន​២៧ លាន​ដុល្លារ ដើម្បី​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​រ​វាង​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​កម្ពុជា និង​ហុង​គ្រី ប្រទេស​ហុង​គ្រី​បាន​កំណត់​វិស័យ​មួយចំនួន​ដូចជា កសិកម្ម ឧស្សាហកម្ម​ម្ហូបអាហារ ឱសថ ព័ត៌មានវិទ្យា និង​វិទ្យាសាស្ត្រ​វិស្វកម្ម​សម្រាប់​ការវិនិយោគ ដើម្បី​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។

បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រទេស​ហុង​គ្រី គឺជា​ទីផ្សារ​នាំចេញ​សម្រាប់​ទំនិញ​មួយចំនួន​របស់​កម្ពុជា ដូចជា សម្លៀកបំពាក់ ស្បែកជើង ពិសេស​អង្ករ និង​ផ្លែឈើ ចំណែក​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក៏មាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវ​ពី​ហុង​គ្រី​ផងដែរ​៕
ដោយ ៖ កោះ​កែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម