ព័ត៌មានជាតិ
អង្គការភ្លែនរៀបចំកិច្ចសន្ទនារវាងយុវជន និងក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហារៀបការវ័យក្មេង
អង្គការភ្លែនអន្តរជាតិកម្ពុជា បានធ្វើកិច្ចសន្ទនាក្មេងស្រីថ្នាក់ជាតិ ដែលរៀបចំដោយក្រុមយុវជន ជាមួយនឹងតំណាងក្រសួងកិច្ចការនារី និងតំណាងក្រសួងអប់រំ ជុំវិញបញ្ហាកុមាររៀបការទាំងវ័យក្មេង។ សិក្ខាសាលានេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

កិច្ចសន្ទនាក្មេងស្រីថ្នាក់ជាតិនេះ ធ្វើឡើងក្រោមប្រធានបទ៖ “ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងសមភាពយេនឌ័រ ដើម្បីលុបបំបាត់ការសិក្សា និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ”។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់សុវត្ថិភាពដល់ស្ត្រី និងក្មេងស្រីអនុវត្តសិទ្ធិរបស់ពួកគេតាមរយៈពិភាក្សាជាមួយអ្នកពាក់ព័ន្ធថ្នាក់ជាតិ ដែលជាអ្នកបង្កើតគោលនយោបាយ និងចំណាត់ការរបស់ក្រសួង ចូលរួមដោះស្រាយបញ្ហារំលោភបំពានលើសិទ្ធិកុមារី និងវិសមភាពយេនឌ័រ និងបទដ្ឋានយេនឌ័រនៅកម្ពុជា។


លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា ស្ត្រីជាកម្លាំងចលករដ៏សំខាន់មួយរបស់កម្ពុជា ក្នុងនោះស្ត្រីបានធ្វើឱ្យសេដ្ឋកិច្ចមានការកើនឡើង៧% ក្នុងរយៈពេល១០ឆ្នាំ។ ជាមួយគ្នានោះ ស្រ្តីក៏មានឱកាសក្នុងការអនុវត្តសិទ្ធិ ចំណេះជំនាញ និងមានឥទ្ធិពលប្រកួតប្រជែងក្នុងទីផ្សារសេដ្ឋកិច្ច ដែលជួយឱ្យសេដ្ឋកិច្ចក្នុងគ្រួសារមានភាពប្រសើរឡើង និងកាត់បន្ថយភាពក្រីក្រក្នុងសង្គម។ លោកស្រីថា ការងារអាទិភាពមួយរបស់ក្រសួងកិច្ចការនារី គឺចូលរួមទប់ស្កាត់ និងជួយលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប ដែលជាកាតព្វកិច្ចរួម។
លោកស្រី ហ៊ូ សាមិត្ត មានប្រសាសន៍ថា៖ “ការលើកកម្ពស់សិទ្ធិកុមារ និងកិច្ចការពារកុមារ ជាពិសេសការចូលរួមបង្ការទប់ស្កាត់ ការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ និងអភិវឌ្ឍន៍ខ្លួនក្លាយជាមនុស្សពេញវ័យ គឺជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវដាក់ចូលនៅក្នុងក្របខណ្ឌច្បាប់ គោលនយោបាយ ផែនការសកម្មភាពជាតិ និងលិខិតបទដ្ឋានគតិយុទ្ធជាច្រើន”។
ចំណែក លោក យី គីមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា ទោះបីជាកម្ពុជាមានគោលនយោបាយជាច្រើន និងអនុវត្តបានច្រើនយ៉ាងណាក្តី ក៏ការបោះបង់ការសិក្សា និងការរៀបការវ័យក្មេងរបស់កុមារនៅតែកើតមាននៅតាមជនបទ ហើយចាំបាច់ត្រូវតែដោះស្រាយបញ្ហាទាំងអស់នេះ ព្រោះកុមារី និងក្មេងស្រីវ័យជំទង់ គឺជាធនធានដ៏សំខាន់សម្រាប់ជាតិនៅថ្ងៃអនាគត។

លោក យី គីមថាន បានលើកឡើងដែរថា នៅពេលដែលកុមារី ឬ ក្មេងស្រីជំទង់រៀបការទាំងវ័យក្មេង ពួកគេនឹងជួបហានិភ័យក្នុងថ្ងៃអនាគតដូចជា គ្មានបំណិនច្បាស់លាស់ សុខភាពរាងកាយមិនល្អ មានផ្ទៃពោះទាំងវ័យក្មេង មានអំពើហិង្សាក្នុងគ្រួសារ និងមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។
សូមជម្រាបថា មកដល់ពេលនេះ មានខេត្តគោលដៅចំនួន៣ហើយ ដែលអង្គការភ្លែនអន្តរជាតិកម្ពុជា បានទប់ស្កាត់លើការរៀបការទាំងវ័យក្មេង គឺខេត្តស្ទឹងត្រែង រតនគិរី និងខេត្តសៀមរាប។ អង្គការភ្លែនបានបង្ហាញថា កុមារ និងយុវជនមានអាយុ១០ឆ្នាំ ដល់២៤ឆ្នាំ បានបោះបង់ការសិក្សាក្រោមហេតុផលផ្សេងៗរួមបញ្ចូលគ្នា។ មូលហេតុចម្បងគឺ ភាពក្រីក្រ និងងាយរងគ្រោះ ការធ្លាក់ទឹកចិត្តដែលខ្លួនរៀនមិនបានពូកែ ផ្នត់គំនិតរបស់ម្តាយឳពុកចំពោះការសិក្សារបស់កូន បញ្ហាការងារ និងទីតាំងភូមិសាស្ត្រជាដើម។
បើតាមទិន្នន័យរបស់មូលនិធិសហប្រជាជាតិដែលបង្ហាញដោយអង្គការភ្លែនអន្តរជាតិកម្ពុជា គឺស្ត្រីវ័យក្មេង១៩% រៀបការមុនអាយុ១៨ឆ្នាំ ចំណែក បុរសមានតែ៦% ប៉ុណ្ណោះ។ ក្នុងនោះ មាន ១.៨% នៃកុមារីដែលរៀបការនៅអាយុ ១៥ឆ្នាំ៕



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ