ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ផ្ដល់អនុសាសន៍សំខាន់ៗ ៨ ចំណុច ក្នុងឱកាសខួបលើកទី ៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី ២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការផ្ដល់ជាអនុសាសន៍សំខាន់ៗ ៤ ចំណុច ក្នុងឱកាសខួបលើកទី ៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី ២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី ៧៤ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍កុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» និងខួបលើកទី ២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នា ដើម្បីបញ្ចប់ពលកម្មកុមារ» ដែលពិធីបានរៀបចំឡើងនៅសាលមហោស្រព នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣។
សម្ដេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធី ដោយក្ដីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្ដេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្ដមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឲ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌ នៃការរស់នៅ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងតម្លាភាពសង្គម ព្រមទាំងជំរុញឲ្យមានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត។ ក្នុងន័យនេះ យើងមានបេសកកម្មរួមគ្នាមួយគឺការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ គ្រួសារ សហគមន៍ រួមទាំងកុមារ ដើម្បីធ្វើឲ្យការអនុវត្តច្បាប់ ផែនការយុទ្ធសាស្ត្រជាតិ គោលនយោបាយ បទដ្ឋាន គតិយុត្តិ និងកម្មវិធីនានា សម្រេចបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងបន្តយកចិត្តទុកដាក់លើកកម្ពស់ការអនុវត្តអនុសញ្ញា ស្ដីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធ។
ដើម្បីចាត់វិធានការឲ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពចំពោះការអភិវឌ្ឍសិទ្ធិកុមារ ក៏ដូចជាសារាចរលេខ ០៦ សរ ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ ស្ដីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួន ដូចតទៅ ៖
១. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល លើការអនុវត្ត អនុសញ្ញាស្ដីពីសិទ្ធិកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការការពារកុមារប្រកបដោយប្រសិទ្ធភាព ជាពិសេសគោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ ២០១៩-២០២៩ រួមទាំងសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំរុញការអនុម័តច្បាប់ស្ដីពីកិច្ចការពារកុមារ នៃព្រះរាជាណាចក្រកម្ពុជា។
២. ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល និងសហគមន៍ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្ដូរឥរិយាបថសង្គមតាមរយៈការអប់រំ ទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាបង្ការ ការពារ និងអន្តរាគមន៍អំពើហិង្សាលើកុមារគ្រប់រូបភាពឲ្យបានសមស្រប ទាន់ពេលវេលា ជាពិសេសពង្រឹងការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ដើម្បីសម្រេចបាន តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងផែនការសកម្មភាពរបស់អាស៊ានស្ដីពីអំពើហិង្សាលើកុមារ។
៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ត្រូវយកចិត្តទុកដាក់បង្កើននូវការចូលរួមរបស់កុមារ និងយុវជនឲ្យបានគ្រប់កម្រិត ជាពិសេសរាល់ពេលរៀបចំច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធដល់ការរស់រានមានជីវិត តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់ពួកគាត់។
៤. ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ត្រូវចូលរួមចាត់វិធានការការពារកុមារពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយធ្វើការផ្សព្វផ្សាយដល់យុវជននិងកុមារ មាតាបិតានិងអ្នកថែទាំកុមារ រួមទាំងកម្លាំងសេវាសង្គមអំពីសុវត្ថិភាព កុមារតាមប្រព័ន្ធអនឡាញ ឲ្យយល់ដឹងពីទម្រង់ហានិភ័យនៃប្រព័ន្ធអនឡាញ ចេះកំណត់មុខងារសុវត្ថិភាពនិងឯកជនភាព ព្រមទាំងវិធីរាយការណ៍ និងការប្រើប្រាស់ថ្នាលកម្មវិធីប្រកបដោយសុវត្ថិភាព។
៥.ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តអនុសញ្ញាស្នូល នៃអង្គការអន្តរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់ នៃពលកម្មកុមារ រួមមានការលើកកម្ពស់ការយល់ដឹង ការបណ្ដុះបណ្ដាល ការផ្សព្វផ្សាយ និងពង្រឹងវិធានការអធិការកិច្ចក្នុងការដកហូតកុមារពីទម្រង់ពលកម្ម។
ជាចុងក្រោយ សម្ដេចកិត្តិសង្គហបណ្ឌិត បាននាំយកថវិការបស់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៧៣.១៦០.០០ រៀល ឧបត្ថម្ភកម្មវិធី រួមមាន ៖
១. កុមារា កុមារី សិស្ស និស្សិត ចំនួន ២.៣៥៣ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។
២. លោកគ្រូ អ្នកគ្រូ បុគ្គលិកថែទាំកុមារ ចំនួន ៣០២ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។
៣. ឧបត្ថម្ភក្រុមសិល្បៈ ១ លានរៀល។
៤. គណៈកម្មការរៀបចំកម្មវិធី ១០ លានរៀល៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ