ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី
កម្ពុជា-វៀតណាម បានចុះចុះហត្ថលេខាលើ “កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល” សម្រាប់ឆ្នាំ២០២៣-២០២៤។ ពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ០២ មិថុនា តាមរយៈប្រព័ន្ធវីដេអូ។

តំណាងរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ដែលជាចលករមួយដ៏សំខាន់ក្នុងការជំរុញ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ដោយឈរលើមូលដ្ឋានភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោកបានគូសបញ្ជាក់ថា ការផ្តួចផ្តើមឱ្យមានកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី គឺធ្វើឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំនៃប្រទេសទាំងពីរ តាមរយៈសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម រវាងនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម សំដៅរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយសម្រាប់ទំនិញដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ តំណាងក្រសួងទាំងពីរបានចុះហត្ថលេខាលើឯកសារនេះចំនួន ០៧លើក រួចមកហើយ និងបានឯកភាពបន្តសុពលភាព ចំនួន ០១លើក លើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ តាមផ្លូវការទូត។

លោករដ្ឋមន្រ្តីបានបន្តថា ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនាថ្ងៃនេះ គឺជាការចូលរួមអនុវត្តនូវស្មារតី នៃកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅនាដើមឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិទ្វេភាគីដ៏ល្អប្រសើរ ជាពិសេសកិច្ចខិតខំបន្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច សំដៅជំរុញវិនិយោគ និងបង្កើនកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទ្បើងខ្ពស់បន្តទៀត ស្របតាមអាណត្តិនិងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដ៏យូរអង្វែង ទំនាក់ទំនងជាប្រពៃណី និងគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ជាពិសេសការផ្តួចផ្តើមឱ្យមានសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម រវាងព្រះរាជាណាចក្រកម្ពុជានិងវៀតណាម ក្នុងការរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយសម្រាប់ទំនិញដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។
លោក ង្វៀន ហុងហ្សៀន (NGUYEN HONG DIEN) បានលើកទ្បើងថា កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលបានចុះហត្ថលេខានាពេលនេះ គឺជាឯកសារដ៏សំខាន់សម្រាប់ធុរជន និងអ្នកនាំចេញនាំចូល ហើយថែមទាំងនឹងជួយជំរុញការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ បន្ថែមលើការព្រៀមព្រៀងគ្នាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានគូសបញ្ជាក់ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរក្នុងការជំរុញនិងលើកស្ទួយប្រទេសជាតិ ទោះបីជាពិភពលោកបានរងផលប៉ះពាល់នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។ ក្នុងន័យនេះ លោកបានបញ្ជាក់ពីសារៈសំខាន់នៃការចុះហត្ថលេខានិងការអនុវត្តនៃកិច្ចសម្របសម្រួលនេះក្នុងការបន្តជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែកើនទ្បើងបន្ថែមទៀត ជាពិសេស ទំនិញកសិកម្ម និងទំនិញឧស្សាហកម្ម៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ