Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​ចៅក្រម សិស្ស​ក្រឡាបញ្ជី សិស្ស​អាជ្ញាសាលា និង​សិស្ស​សារការី ជិត​២​ពាន់​នាក់

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៣​រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៣ ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង “​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​នៃ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា​” និង “​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​សិស្ស​ចៅក្រម​, សិស្ស​ក្រឡាបញ្ជី សិស្ស​អាជ្ញាសាលា និង​សិស្ស​សារការី ដែល​បានបញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា​”​សរុប​ចំនួន​១៨៣៥ នាក់ ។

តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹងថា វត្តមាន​ដ៏​ឧត្តុង្គឧត្តម​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ បានបង្ហាញ​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី លើ​ការបណ្តុះបណ្តាល និង​ការពង្រឹង​សមត្ថភាព​ធ​ន​ធាន​មនុស្ស​ក្នុង​វិស័យ​យុត្តិធម៌ ដែលជា​ផ្នែក​មួយ​នៃ​ការងារ​កែទម្រង់​វិស័យ​យុត្តិធម៌​របស់​រាជរដ្ឋាភិបាល សំដៅ​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព នៃ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ជាការ​លើកទឹកចិត្ត​ដ៏​សំខាន់បំផុត​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​នៃ​ក្រសួងយុត្តិធម៌ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និង​សិស្ស​វិជ្ជាជីវៈ​ទាំង​អស់នៃ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ក្នុង​ការបន្ត​អនុវត្ត​ការងារ​របស់ខ្លួន​ឱ្យ​កាន់តែ​សកម្ម និង​កាន់​តែមាន​ប្រសិទ្ធភាព​បន្តទៀត​។

ឯកឧត្តម​បន្តទៀតថា នៅមុន​ឆ្នាំ​២០០២, កម្ពុជា​ពុំមាន​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តុលាការ​នោះទេ ដោយ​នៅពេលនេះ ចៅក្រម​, ព្រះរាជអាជ្ញា និង​ក្រឡាបញ្ជី ត្រូវបាន​ជ្រើស​ចេញពី​ធនធានមនុស្ស​ដែល​នៅ​រស់រានមានជីវិត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រួច​បញ្ជូនទៅ​បណ្តុះបណ្តាល​នៅក្រៅ​ប្រទេស ឬ​បំពាក់បំប៉ន​ជំនាញ​រយៈពេល​ខ្លី មុននឹង​ត្រូវ​ជ្រើស​ឱ្យចូល​បំពេញការងារ​នៅតាម​សាលាជម្រះក្តី និង​អយ្យការ​អម​សាលាជម្រះក្តី​នានា​។

ដោយមាន​ជំនួយ​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​បារាំង ក្រោម​កម្មវិធី “​ការគាំទ្រ​នីតិរដ្ឋ​”, ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​តុលាការ​នេះ​បានចាប់ផ្តើម​ដំបូង​នៅ​ឆ្នាំ​២០០២ តាមរយៈ​ការបង្កើតឱ្យមាន​ជា “​សាលា​ភូមិន្ទ​ចៅក្រម​” ដោយ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០០២​។ បន្ទាប់មក នៅ​ឆ្នាំ​២០០៥, ក្នុង​ក្របខណ្ឌ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ របស់​រាជរដ្ឋាភិបាល​, សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​តុលាការ​នេះ ក៏បាន​អភិវឌ្ឍ​ខ្លួន​ទៅជា “​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​”​។ ចុងក្រោយ​នេះ​, តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៣២៣/៥២០ ចុះ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៣, “​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​” ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា “​បណ្ឌិត្យសភា​-​ភូមិន្ទ​យុត្តិធម៌​កម្ពុជា​” ដែលជា​ផ្នែក​មួយ​នៃ​ការកែទម្រង់​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​ច្បាប់ និង​តុលាការ​របស់​កម្ពុ​ជាមួយ​នេះ សំដៅ ៖ ទី​១)-​ពង្រឹងគុណភាព​នៃ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និង​សារការី​, ទី​២)-​ពង្រីក​សក្តានុពលភាព​នៃ​ស្ថាប័ន​នេះ ដើម្បី​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​បច្ចេកទេស​របស់​មន្ត្រី​កាន់​ការងារ​ច្បាប់​ផ្សេងទៀត ក្នុង​វិស័យ​យុត្តិធម៌ ជាពិសេស មន្ត្រី​ក្រសួងយុត្តិធម៌ មន្ត្រី​របស់​អង្គភាព​រដ្ឋបាល​តុលាការ និង​មន្ត្រី​អនុវត្ត​ច្បាប់​ផ្សេងទៀត និង ទី​៣)-​លើកកម្ពស់​សមត្ថភាព​ផ្នែក​សិក្សា​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​នូវ​ស្នាដៃ​ផ្សេងៗ ដែលជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​វិស័យ​ច្បាប់ និង​យុត្តិធម៌​នៅ​កម្ពុជា​។

ដើម្បី​អនុវត្ត​បេសកកម្ម​បន្ថែម​ថ្មី​នេះ​, “​សាលា​ច្បាប់​” (Law School) មួយ​ត្រូវបាន​បង្កើតឡើង ជា​រចនាសម្ព័ន្ធ​ថ្មី​បន្ថែម​ចំណុះឱ្យ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា​។​

​បច្ចុប្បន្ន​, បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា គឺជា​គ្រឹះស្ថាន​បណ្តុះបណ្តាល​សាធារណៈ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងយុត្តិធម៌ និង​ដឹកនាំ​ដោយ​ក្រុមប្រឹក្សាភិបាល​មួយ ហើយ​មាន​រចនាសម្ព័ន្ធ​ចំណុះ រួមមាន​៖ សាលា​ភូមិន្ទ​ចៅក្រម​និង​ព្រះរាជអាជ្ញា​, សាលា​ភូមិន្ទ​ក្រឡាបញ្ជី​, សាលា​ភូមិន្ទ​អាជ្ញាសាលា​, សាលា​ភូមិន្ទ​សារការី​, សាលា​ច្បាប់ និង​អគ្គលេខាធិការដ្ឋាន ព្រមទាំង​មាន​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​និង​គរុកោសល្យ​មួយ ជា​សេនាធិការ​។ ដោយឡែក​, មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី ដែលជា​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី ក្រោម គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ស្ថិតនៅក្រោម​អាណាព្យាបាល​ផ្នែក​រដ្ឋបាល​នៃ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា​ផងដែរ។

បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា មាន​ថ្នាក់ដឹកនាំ​, មន្ត្រីរាជការ​, មន្ត្រី​ជាប់កិច្ចសន្យា និង​គ្រូ​បណ្តុះបណ្តាល ដែល​កំពុង​បម្រើ​ការងារ​សរុប​ចំនួន ១២១ នាក់ (​នារី ២៦ នាក់​) ក្នុងនោះ គ្រូ​បណ្តុះ​-​បណ្តាល មាន​ចំនួន ៥០ នាក់ (​នារី ៩ នាក់​) ដែល​សុទ្ធសឹង​ជា​ឥស្សរជន ដែលជា​ចៅក្រម ជា​ព្រះរាជអាជ្ញា និង​ជា​អ្នក​ប្រកប​វិជ្ជាជីវៈ​ច្បាប់ ដែលមាន​ចំណេះដឹង និង​បទពិសោធន៍​ខ្ពស់​ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌​។​

​ជា​លទ្ធផល​ការងារ គិត​ចាប់ពី​ឆ្នាំ​២០០២ រហូតមកទល់​បច្ចុប្បន្ន​, បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ផលិត​បាន​ធនធាន​ជា​ចៅក្រម​, ព្រះរាជអាជ្ញា​, ក្រឡាបញ្ជី​, អាជ្ញាសាលា និង​សារការី សរុប​ចំនួន ១ ៩៤៣ នាក់ (​នារី ៤៤៥ នាក់ និង​មាន​ជនពិការ​ចំនួន ៣ នាក់​) ក្នុងនោះ​រួមមាន​៖

-​សិស្ស​ចៅក្រម​ជំនា​ន់ទី​១ ដល់​ជំនា​ន់ទី​៩ សរុប​ចំនួន ៥១០ នាក់ (​នារី ៩២ នាក់​, និង​ពិការ​ដៃ ១​នាក់​)

-​សិស្ស​ចៅក្រម​ផ្ទៃក្នុង​ជំនា​ន់ទី​១ ចំនួន ៣២ នាក់ (​នារី ៥ នាក់ និង​ពិការ​ជើង ១ នាក់​)

-​សិស្ស​ក្រឡាបញ្ជី​ជំនា​ន់ទី​១ ដល់​ជំនា​ន់ទី​៧ សរុប​ចំនួន ៦៥៤ នាក់ (​នារី ១៨១ នាក់​)

-​សិស្ស​ក្រឡាបញ្ជី​ផ្ទៃក្នុង​ជំនា​ន់ទី​១ ដល់​ជំនា​ន់ទី​៣ សរុប​ចំនួន ៦៦ នាក់ (​នារី ២៤ នាក់​)

-​សិស្ស​មន្ត្រី​សុក្រឹតការ​ក្រឡាបញ្ជី​ជំនា​ន់ទី​១ ដល់​ជំនា​ន់ទី​៨ សរុប​ចំនួន ៦១៦ នាក់ (​នារី ១២៧ នាក់​)

-​សិស្ស​អាជ្ញាសាលា​ជំនា​ន់ទី​១ ចំនួន ២៨ នាក់ (​នារី ២ នាក់​)

-​សិស្ស​សារការី​ជំនា​ន់ទី​១ និង​ជំនា​ន់ទី​២ សរុប​ចំនួន ៣៧ នាក់ (​នារី ១៤ នាក់ និង​ពិការ​ជើង ១នាក់)។

ដោយឡែក​, សិស្ស​វិជ្ជាជីវៈ​ទាំងអស់ ទាំង​សិស្ស​ចៅក្រម​, ក្រឡាបញ្ជី​, អាជ្ញាសាលា និង​សារការី ដែល​កំពុង​សិក្សា​នៅ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា មាន​ចំនួន​សរុប ២៧០ នាក់ (​នារី ៨៧ នាក់)។

ក្នុងចំណោម​សិស្ស​វិជ្ជាជីវៈ​ទាំង ១ ៩៤៣ នាក់ ដែល​បានបញ្ចប់​ការសិក្សា​នាពេល​កន្លងមក មានតែ​សិស្ស​ចៅក្រម​ជំនា​ន់ទី​១ ចំនួន ៥៥ នាក់ (​នារី ៦ នាក់​) និង​សិស្ស​មន្ត្រី​សុក្រឹតការ​ក្រឡាបញ្ជី​ជំនា​ន់ទី​១ ចំនួន ៥៣ នាក់ (​នារី ៧ នាក់​) ប៉ុណ្ណោះ ដែល​បានទទួល​សញ្ញាបត្រ​រួច​។

​សម្រាប់​ពិធី​ប្រគល់​សញ្ញាបត្រ​នាពេលនេះ​ជា​លើក​ទី​២ ដល់​សិស្ស​វិជ្ជាជីវៈ​ទាំងអស់ ចំនួន ១ ៨៣៥ នាក់ (​នារី ៤៣២ នាក់​) ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​តាំងពី​ឆ្នាំ​២០០៨ រហូតដល់​ឆ្នាំ​២០២២​។​បច្ចុប្បន្ន​, សិស្ស​វិជ្ជាជីវៈ​ទាំងអស់​ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ទាំង​សិស្ស​ចៅក្រម សិស្ស​ក្រឡាបញ្ជី សិស្ស​អាជ្ញាសាលា និង​សិស្ស​សារការី បាននិងកំពុង​បំពេញ​មុខងារ​ជា​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និង​ជា​អាជ្ញាសាលា នៅតាម​សាលាជម្រះក្តី និង​អយ្យការ​អម​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ និង​ជា​សារការី​នៅតាម​មន្ទីរ​សារការី​នានា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មួយចំនួន កំពុង​បំពេញការងារ​រដ្ឋបាល​សាធារណៈ​ផងដែរ​។​

​ទន្ទឹមនឹង​ការបណ្តុះបណ្តាល​ដំបូង​, បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ក៏បាន​អនុវត្ត​ផងដែរ​នូវ​កម្មវិធី បណ្តុះបណ្តាល​បន្ត​ដល់​ចៅក្រម​, ព្រះរាជអាជ្ញា​, ក្រឡាបញ្ជី​, អាជ្ញាសាលា និង​សារការី ព្រមទាំង​មន្ត្រី​អនុវត្ត​ច្បាប់​ផ្សេងទៀត តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល​រយៈពេល​ខ្លី​, សិក្ខាសាលា និង​បទ​ប​ឋ​កថា​នានា សំដៅ​បន្ត​ពង្រឹង និង​លើកកម្ពស់​ជាប់​ជាប្រចាំ នូវ​សមត្ថភាព​នៃ​មន្ត្រី​វិជ្ជាជីវៈ​ច្បាប់ និង​តុលាការ ឱ្យ​ឆ្លើយតបបាន​ទៅនឹង​ការវិវត្ត​រីកចម្រើន​ឥតឈប់ឈរ​របស់​សង្គម​ជាតិ និង​វិស័យ​ច្បាប់​។

​គេហទំព័រ Facebook , បណ្តាញ Telegram និង YouTube សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live)​ពិធី​នេះ នៅ​ម៉ោង 7:00 ព្រឹក​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម