Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង គ្រោងពិព័រណ៍ផ្លែឈើ សំដៅបង្ហាញពីសក្ដានុពលវិស័យកសិកម្ម

បានផុស

នៅ

រដ្ឋបាល​ខេត្ត សហការ​ជាមួយ​ក្រសួងទេសចរណ៍ គ្រោង​រៀបចំ​ពិព័រណ៍​បង្ហាញ​ផលិត​ផលផ្លែឈើ សំដៅ​រំលេច​ពី​សក្ដានុពល​វិស័យ​កសិកម្ម ខណៈ​ជា​ស្នាដៃ​ដាំដុះ​របស់​កសិករ​នៅ​ក្នុង​ខេត្ត​ពិតៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ១៧ ដល់ ១៨ ខែ​មិថុនា ខាងមុខ ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្ត ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​នឹង​សហការ​គ្នា​រៀបចំ​កម្មវិធី​ពិព័រណ៍​ផលិតផល​ផ្លែឈើ រួមមាន ៖ ទុរេន សាវម៉ាវ និង​មង្ឃុត ដែល​ផលិត​ស្នាដៃ​បង្កបង្កើនផល​ពិតៗ​របស់​ប្រជាកសិករ​មកពី​ស្រុក​មណ្ឌលសីមា ស្រុក​កោះកុង និង​ស្រុក​ថ្ម​បាំង ជាដើម។

លោក អន សុធារិទ្ធ អភិបាល​រង​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៧ ខែ​មិថុនា ឆ្នាំ ២០២៣ ថា ការ​រៀបចំ​ពិព័រណ៍​ភូមិ ១ ផលិតផល ១ នេះ ធ្វើឡើង​នៅមុខ​អគារ​រដ្ឋបាល​ខេត្ត​ផ្ទាល់​តែម្ដង ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ នឹង​ផ្ដល់​ជា​ផ្លែឈើ​ជូន​ប្រជាពលរដ្ឋ និង​អ្នកទេសចរ ដើម្បី​តេស្ត​រសជាតិ​មួយ​ឆ្អែត​នៅ​កន្លែង​ប្រារព្ធ​ផង​ដែរ។ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​វេច​ខ្ចប់​នោះ​ទេ។

បើ​តាម​លោក អន សុធារិទ្ធ គោលបំណង​របស់​រដ្ឋបាល​ខេត្ត គឺ​ចង់​បង្ហាញ​ពី​សក្ដានុពល​គុណភាព​ផលិត​ផ្លែឈើ​ដាំ​ដុះ​ដោយ​ស្នាដៃ​ផ្ទាល់​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​ទៅកាន់​តែ​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក។

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ ២០២២ ធ្លាប់​បង្កើត​ជា​កម្មវិធី​ពិព័រណ៍​ផ្លែឈើ​នេះ​ម្ដង​មក​ហើយ នៅ​ផ្សារ​កោះកុង​ថ្មី ក្នុង​ក្រុង​ខេមរភូមិន្ទ តាមរយៈ​ការ​រៀបចំ​ជា​ស្តង់​ពិព័រណ៍​បង្ហាញ​ជូន​ពលរដ្ឋ និង​អ្នកទេសចរ​បាន​ពិសា​ផ្លែឈើ​ឥតគិតថ្លៃ ដើម្បី​អបអរសាទរ ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល។

គួរ​ជម្រាប​ថា ទិន្នផល​កសិកម្ម​ផ្លែឈើ​ហូប​ផ្លែ​កើន​ផល​ល្អ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ប៉ុន្តែ​អ្វី​ដែល​បារម្ភ គឺ​កសិករ​មិន​ទាន់​ចេះ​ស្វែង​ដៃគូ​ទីផ្សារ​មក​ទិញ​ដល់​ចម្ការ ឬ​កាត់​យក​ទៅ​លក់​ជូន​អតិថិជន គ្រា​បរិមាណ​ទុរេន សាវម៉ាវ និង​មង្ឃុត ខេត្ត​ណា​ក៏​មាន​អ្នក​ដាំ​ដុះ​ច្រើន។ ទន្ទឹម​នោះ រដ្ឋបាល​ខេត្ត​កោះកុង ដឹកនាំ​ដោយ​លោកស្រី មិថុនា ភូថង ក៏​ជំរុញ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ​សង្កាត់ ពិភាក្សា​គ្នា​ស្វែងរក​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​ខេត្ត​កាន់តែ​ទូលំទូលាយ​ជូន​ប្រជាកសិករ​ទូទាំង​ខេត្ត៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម