ព័ត៌មានជាតិ
ពលរដ្ឋឃុំថ្មស កាន់តែទទួលបានសុវត្ថិភាព ក្រោយមានអគារសម្រាកប្រកបដោយផាសុកភាព
ក្រុមប្រជាពលរដ្ឋ ពិសេសស្ត្រីរស់នៅក្នុងឃុំថ្មស ស្រុកបូទុមសាគរ នឹងកាន់តែទទួលបានសុខសុវត្ថិភាពទ្វេដង បន្ទាប់ពីមានអគារថ្មីសម្រាកមុន និងក្រោយសម្រាល ប្រកបដោយផាសុកភាព។

ថ្លែងក្នុងពិធីសម្ពោធឲ្យប្រើប្រាស់សមិទ្ធផលថ្មីមានជាអគារសម្រាកមុន និងក្រោយពេលសម្រាលផ្ទៃពោះ លោក អ៊ួន សារុន ប្រធានមណ្ឌលសុខភាពថ្មស បានឲ្យដឹងថា អគារដែលជាសមិទ្ធផលថ្មីនៅក្នុងឃុំថ្មស មានចំនួន ៤ បន្ទប់ បែងចែកជាបន្ទប់សម្រាកត្រៀមសម្រាលកូន ,បន្ទប់ស្ត្រីសម្រាកសម្រាលកូន ,បន្ទប់ពលរដ្ឋសម្រាកថែទាំជំងឺរយៈពេលខ្លី ,និងបន្ទប់សង្គ្រោះបឋម និងវះកាត់តូច ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការរំកិល ៥ ឆ្នាំ របស់ឃុំ ជាអាទិភាពទៅក្នុងផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំនីមួយៗ។

លោក អ៊ួន សារុន គូសបញ្ជាក់ទៀតថា បើធៀបនឹងអគារចាស់សង់ពីឈើប្រក់ស័ង្កសីមាន ២ បន្ទប់ និងមានសំយាកសម្រាប់ចង្ក្រានដាំស្ល កន្លងមកដោយមានការពុកផុយ និងបាក់បែកជាបណ្តើរៗ។ ហើយការស្នើសុំនេះ ជិត ១០ ឆ្នាំ ទើបតែនៅដើមឆ្នាំ ២០២២ សមាជិកក្រុមប្រឹក្សាឃុំថ្មស ទាំងអស់ បានយល់ព្រមឯកភាពរួមគ្នា ដាក់ការសាងសង់អគារស្នាក់នៅមុន និងក្រោយសម្រាល ចូលក្នុងផែនការអភិវឌ្ឍន៍ឃុំសង្កាត់សម្រាប់ឆ្នាំ ២០២២ (អាទិភាពទី ១)។

តែទោះយ៉ាងណា ចាប់ពីថ្ងៃនេះទៅ លោកប្រធានមណ្ឌលសុខភាពថ្មស រំពឹងថា ស្ត្រីនៅក្នុងមូលដ្ឋាន នឹងលែងព្រួយបារម្ភពីការមកទទួលសេវាសម្រាកសម្រាលកូនទៀតហើយ ខណៈមានអគារថ្មីត្រៀមចាំបម្រើសេវាគ្រប់ពេលវេលា។

មណ្ឌលសុខភាពថ្មស មានការប្រចាំការ ២៤ ម៉ោង និងបម្រើសេវា ៧ ថ្ងៃ ក្នុង ១ សប្ដាហ៍។ បើគិតជាមធ្យម ក្នុង ១ ខែៗ មណ្ឌលសុខភាពបានផ្ដល់សេវាពិគ្រោះពិនិត្យជំងឺក្រៅចន្លោះពី ៣៥០ នាក់-៤៥០ នាក់។ ការពិនិត្យផ្ទៃពោះសរុប ចន្លោះពី ៤០-៥០ នាក់។ ចាក់វ៉ាក់សាំងដល់កុមារក្រោម ២ ឆ្នាំ ចន្លោះពី ៥០ នាក់-៦០ នាក់។ សម្រាលកូន ជាមធ្យមចំនួន ៨-១០ នាក់។ ការពន្យារកំណើតស្ត្រីវ័យបន្តពូជ បន្ត(មានប្ដី) ជិត ៩០០ នាក់។ និងប្រព័ន្ធបញ្ជូនទៅមន្ទីរពេទ្យបង្អែកចន្លោះពី ៣-៥ ជើង។

លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានចាត់ទុកសមិទ្ធផលថ្មីនេះជាអាទិភាពលើវិស័យសុខាភិបាលក្នុងមូលដ្ឋានដែលមានមណ្ឌលសុខភាពលក្ខណៈស្តង់ដារល្អប្រណិតមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាល មិនចាំបាច់ទៅកន្លែងផ្សេងឆ្ងាយ និងចំណាយថវិកាច្រើននោះទេ។

លោកអភិបាលស្រុកបូទុមសាគរ ក៏គាំទ្រពេញទំហឹងនូវសកម្មភាពចូលរួមរបស់សប្បុរសជន និងអាជ្ញាធរមូលដ្ឋាន ដែលប្រឹងប្រែងកៀរគរថវិកាមកអភិវឌ្ឍន៍ឲ្យចេញជារូបរាងនូវអគារថ្មីសន្លាងនេះឡើង ព្រមទាំងជាសក្ខីភាពផ្ដល់ទំនុកចិត្តពីមហាជនលើកិច្ចការលើកកម្ពស់វិស័យសុខាភិបាលកាន់តែល្អប្រសើរ។

មណ្ឌលសុខភាពថ្មស ចាប់ផ្ដើមសាងសង់ថ្មីក្នុងឆ្នាំ ២០០៥ និងដាក់ឲ្យមានដំណើរការបម្រើសេវាសុខភាពពេញលេញជូនប្រជាពលរដ្ឋ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០០៦ ដោយមានការគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋ មន្ទីរសុខាភិបាលខេត្តកោះកុង បានប្រគល់ឡានពេទ្យ ១ គ្រឿង ក្នុងឆ្នាំ ២០១៤ ដើម្បីងាយស្រួលក្នុងការបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក។
មណ្ឌលសុខភាពថ្មស សព្វថ្ងៃ មានបុគ្គលិកបម្រើការងារប្រុស-ស្រី ចំនួន ១០ នាក់ ក្នុងនោះមានឆ្មប ៣ នាក់ វេជ្ជបណ្ឌិត ១ នាក់ គិលានុបដ្ឋាក ៥ នាក់ និងកម្មករ ១ នាក់។ ក្រៅពីសេវាពិនិត្យជំងឺទូទៅ មណ្ឌលសុខភាព ក៏ត្រួតពិនិត្យមាត់ស្បូនដើម្បីស្រាវជ្រាវរកមហារីកស្បូនលើស្ត្រី និងមានចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនលើកុមារីក្នុងអាយុ ៩ ឆ្នាំ ក្នុងខែសីហា ក្រោយនេះ។ ផ្ដល់សេវាស្រាវជ្រាវរកមេរោគ ដើម្បីព្យាបាលជំងឺឆ្លង ដូចជាគ្រុនចាញ់ និងរបេងជាដើម(ដោយមិនគិតថវិកា) និងតាមដានជំងឺមិនឆ្លងក្នុងសហគមន៍ ដូចជាជំងឺទឹកនោមផ្អែម និងលើសសំពាធឈាម ពិសេសប្រជាជនដែលមានអាយុលើស ៥០ ឆ្នាំ។
បច្ចុប្បន្នមណ្ឌលសុខភាពគ្របដណ្ដប់ប្រជាជនចំនួន ៩ ៩៩៤ នាក់ មាន ១ ឃុំ និង ៥ ភូមិ ជារៀងរាល់ខែ បុគ្គលិក ២ រូប ធ្វើការចុះផ្ដល់សេវាសុខភាពដល់មូលដ្ឋានចំនួន ៣ នៃភូមិឆ្ងាយជាងគេ មានភូមិចំការលើ ភូមិស្រែថ្មី និងភូមិចំលងគោ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក