ព័ត៌មានជាតិ
កិច្ចព្រមព្រៀងរវាងធនាគារអេស៊ីលីដា ភីអិលស៊ី ជាមួយក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី ស្ដីពីការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដាម៉ូបាល
នៅថ្ងៃព្រហស្បតិ៍ ៥ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាចែករំលែកព័ត៌មានឥណទាន នៅកម្ពុជា។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងដើម្បីដាក់ឲ្យដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី (ស៊ីប៊ីស៊ី) ជាជំហានដំបូង ក្នុងឆ្នាំ ២០១៩ ក្នុងការផ្ដល់សេវាកម្មត្រួតពិនិត្យ សុខភាពហិរញ្ញវត្ថុ ជូនដល់អតិថិជន និងសាធារណជន តាមរយៈការស្នើសុំឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួននៅតាមបណ្តាការិយាល័យសាខា ធនាគារ អេស៊ីលីដា នៅរាជធានីភ្នំពេញ និងគ្រប់ខេត្តក្រុង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អតិថិជនធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ មុនដាក់ពាក្យស្នើសុំទទួលបានឥណទាន ដែលលក្ខខណ្ឌនេះជាការកំណត់ឡើងដោយច្បាប់ផង និងការជួយការពារដល់អតិថិជន និងវិស័យហិរញ្ញវត្ថុទាំងមូលពីហានិភ័យនានាផងដែរ”។
ឥឡូវនេះ វាជាជំហានទី ២ សម្រាប់ធនាគារ អេស៊ីលីដា និង ស៊ីប៊ីស៊ី បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីដាក់ឲ្យដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុ តាមរយៈ អេស៊ីលីដា ម៉ូបាល ដោយមានមុខងារ ស៊ីប៊ីស៊ី លើកម្មវិធីទូរស័ព្ទដៃ អេស៊ីលីដា ម៉ូបាល ដែលជាមធ្យោបាយកាន់តែងាយស្រួល លឿនឆាប់រហ័សជាងមុន សម្រាប់អតិថិជនអាចស្នើសុំរបាយការណ៍ឥណទានរបស់ពួកគាត់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយនឹងថ្លៃសេវាសមរម្យ។ មុខងារ ស៊ីប៊ីស៊ី នៅក្នុងកម្មវិធី អេស៊ីលីដា ម៉ូបាល នឹងមាន បង្ហាញនូវប្រវត្តិនៃការខ្ចីប្រាក់ និងការសងប្រាក់របស់អតិថិជន ជាមួយនឹងធនាគារ អេស៊ីលីដា ឬគ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ក៏បានលើកឡើងថា “យើងបន្តសហការជាមួយធនាគារអេស៊ីលីដា ដែលជាដៃគូដ៏យូរអង្វែងរបស់ស៊ីប៊ីស៊ី ក្នុងគោលបំណង ដើម្បីបន្តពង្រីកការផ្តល់សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជាឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ វាបានឆ្លុះបញ្ចាំងដល់ការប្ដេជ្ញាចិត្តក្នុងការផ្ដល់នូវរបាយការណ៍ឥណទានដែលមានភាពសុក្រឹត និងឆាប់រហ័សជូនដល់អ្នកខ្ចី និងជួយឲ្យពួកគេអាចធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុបានកាន់តែប្រសើរ ព្រមទាំងជាការគាំទ្រដល់បរិញ្ញាបន្នហិរញ្ញវត្ថុ ផងដែរ។ ស្របពេលជាមួយនឹងការវិវត្តន៍យ៉ាងឆាប់រហ័ស លើផ្នែកឌីជីថលទាំងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក៏ដូច ជាសង្គមទាំងមូល កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ហើយក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុឌីជីថលនៅទូទាំងប្រទេសផង”។
របាយការណ៍ឥណទានផ្ទាល់ខ្លួន គឺជាការដាក់បញ្ចូលនូវប្រវត្តិបង់សងឥណទានរបស់អ្នកខ្ចីពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលជាសមាជិករបស់ស៊ីប៊ីស៊ី។ អ្នកផ្តល់កម្ចីទាំងអស់ចាំបាច់ត្រូវធ្វើការត្រួតពិនិត្យលើប្រវត្តិឥណទានរបស់អ្នកស្នើសុំកម្ចី ដើម្បីពិនិត្យមើលលើលទ្ធភាពទទួលបានឥណទានរបស់អ្នកខ្ចី មុនពេលសម្រេចចិត្តផ្តល់ប្រាក់កម្ចី។ ប្រវត្តិឥណទានល្អ នឹងផ្តល់ភាពងាយស្រួលដល់អ្នកស្នើសុំកម្ចី ដើម្បីទទួលបានប្រាក់កម្ចី។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ ៖ ១) វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ ខែមីនា ឆ្នាំ ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៤៤ ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៨ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៧៩ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,០៧ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើនជាង ២,៧៦ លាននាក់ និងមានដៃគូអាជីវកម្ម ច្រើនជាង ២៤០.០០០ ដៃគូ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ ២០២៣។
អំពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដែលហៅកាត់ថា ស៊ីប៊ីស៊ី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទានដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១២ មក ស៊ីប៊ីស៊ី បានជួយដល់អតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងអត្ថប្រយោជន៍ជាច្រើនលើផ្នែកធុរកិច្ច និងការសម្រេចចិត្តបានកាន់តែប្រសើរតាមរយៈដំណោះស្រាយជាច្រើនដូចជា ៖ របាយការណ៍ឥណទានអតិថិជន របាយការណ៍ឥណទានក្រុមហ៊ុន ខេ-ស្ករ សេវាវិភាគទិន្នន័យ ផែនទីហានិភ័យឥណទាន សេវាតាមដានឥណទាន សេវាត្រួតពិនិត្យឥណទាន សេវាវិភាគទិន្នន័យតាមតម្រូវការ និងសេវាវាយតម្លៃអចលនទ្រព្យឌីជីថលជាដើម។ បច្ចុប្បន្នស៊ីប៊ីស៊ីមានសមាជិករហូតដល់ទៅ ១៩០ ស្ថាប័នហិរញ្ញវត្ថុ ដែលរួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ក្រុមហ៊ុនភតិសន្យា ប្រតិបត្តិករឥណទានជនបទ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ៖
លោក នេត ពិសិដ្ឋ
មុខងារ នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុ
ទូរស័ព្ទលេខ ៖ ០១៥ ៧០០ ១១១
អ៊ីមែល ៖ [email protected]
គេហទំព័រ ៖ www.acledabank.com.kh
លោកស្រី ហាក់ ស្រីនិត
មុខងារ ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនង
ទូរស័ព្ទលេខ ៖ ០៩៦ ៧៨៨ ១១ ០០
អ៊ីមែល ៖ [email protected]
គេហទំព័រ ៖ www.creditbureau.com.kh
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ