ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្តតាកែវក្តាប់ឱ្យបាននូវប្រាក់ចំណូលពលរដ្ឋក្នុងខេត្ត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែឱ្យនាំឱ្យអភិបាលខេត្តតាកែវ ត្រូវក្ដាប់ឱ្យបាននូវចំណូលចំណាយរបស់ខេត្តខ្លួន ជាពិសេសចំនួនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួនតែម្តង។ ការណែនាំនេះ គឺបន្ទាប់ពីសម្ដេចតេជោបានសាកសួរអភិបាលខេត្តតាកែវ ពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់កម្មករ កម្មការិនី ក្នុងខេត្ត តែអភិបាលខេត្តតាកែវមិនបានដឹងច្បាស់លាស់។
ក្នុងឱកាសសំណេះសំណាលជាមួយនឹងកម្មករកម្មការិនីជាង២ម៉ឺននាក់នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះនៅក្នុងស្រុកត្រាំកក់ខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលនៅថ្ងៃនេះ កំពុងដំណើរការអាជីវកម្មនៅក្នុងស្រុកត្រាំកក់ និងស្រុកសំរោង ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង១២នេះ ជាប្រភេទរោងចក្រផលិតគ្រឿងអេឡិចត្រូនិកចំនួន៦, កាត់ដេរសម្លៀកបំពាក់ចំនួន៣, ផលិតស្បែកជើងចំនួន២ និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។ល។
លោក អ៊ួច ភា អភិបាលខេត្តតាកែវបានមានប្រសាសន៍ថា ក្នុងមួយឆ្នាំខេត្តតាកែវ ទទួលបានប្រាក់ចំណូលប្រមាណ ១៨២លានដុល្លារអាមេរិក ពីវិស័យកាត់ដេរ និងដេរស្បែកជើង។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅខេត្តតាកែវនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៩កន្លងទៅ។សម្តេចតេជោបានមានប្រសាសន៍ថា រោងចក្រសហគ្រាសដែលបានពង្រាយនៅទូទាំង ២៥ ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា គឺជាគោលនយោបាយពង្រាយរោងចក្រ ទៅតាមបណ្ដាខេត្ត របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការងារជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន មិនមែនមានរោងចក្រនៅតែរាជធានីភ្នំពេញមួយប៉ុណ្ណោះទេ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បន្ទាប់ពីបានចុះជួបជាមួយកម្មករ និយោជិតនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនរួចហើយ សម្ដេចនឹងបន្តចុះជួបជាមួយកម្មករនិយោជិតនៅតាមបណ្ដាខេត្តមួយចំនួនទៀត ដូចជា ខេត្តពោធិ៍សាត់ កំពង់ចាម និងខេត្តស្វាយរៀងជាដើម។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើសិនជាអត់មានរោងចក្រនៅក្នុងខេត្តតាកែវនោះទេ កម្មករនិយោជិតទាំងអស់ច្បាស់ណាស់ថា នឹងធ្វើចំណាកស្រុកទៅរកការងារធ្វើនៅកន្លែងផ្សេង ហើយពលរដ្ឋខ្លះទៀតនឹងបន្តប្រកបរបរចិញ្ចឹមជីវិតធ្វើស្រែចម្ការធម្មតាជាមួយឪពុកម្ដាយជាក់ជាមិនខាន។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះ កម្លាំងពលកម្មមួយភាគធំ ត្រូវចូលមកវិស័យឧស្សាហកម្ម សេវាកម្ម និងមួយផ្នែកទៀតកំពុងធ្វើការនៅតាមបណ្ដាប្រទេសជិតខាង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យកាត់ដេរនៅកម្ពុជា បានចាប់ផ្ដើមពីជាង៦០រោងចក្រ ដោយមានកម្មករនិយោជិតតែជាង៨ម៉ឺននាក់ប៉ុណ្ណោះកាលពីឆ្នាំ ១៩៩៧ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រជិត១៤០០រោងចក្រជាមួយនឹងកម្មករនិយោជិតជាង ៨០ម៉ឺននាក់ ដែលនេះបង្ហាញពីការរីកចម្រើនលើគោលនយោបាយវិស័យឧស្សាហកម្មរោងចក្រកាត់ដេររបស់ប្រទេសកម្ពុជាយើង។
សម្តេចតេជោក៏បានបញ្ជាក់ថា តាមរយៈជំនួបរបស់សម្ដេច ជាមួយកម្មករនិយោជិត បានធ្វើឱ្យរោងចក្រមានភាពល្អប្រសើរឡើង ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រោងចក្រ និងការរៀបចំគោលនយោបាយនានា ដើម្បីគាំពារដល់កម្មករនិយោជិតទាំងអស់។សម្ដេចតេជោបានអំពាវនាវឱ្យខិតខំរួមគ្នា ធ្វើឱ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ត ដោយមិនឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមិនឱ្យមានក្រុមបងធំ បងតូច នៅក្នុងរោងចក្រនោះឡើយ។
សម្តេចតេជោក៏បានបន្តអំពាវនាវដល់កម្មករនិយោជិតរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជា ខណៈសង្គ្រាមបានបំផ្លាញអ្វីគ្រប់បែបយ៉ាង និងធ្វើឱ្យមានសោកនាដកម្មជាច្រើន ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍ។មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះចំនួន ៧១៤នាក់ក្នុងម្នាក់ៗ ២០០ដុល្លារ និងស្ត្រីមានកូនភ្លោះ ៤០០ដុល្លារ ផងដែរ៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ