ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សាទរកម្ពុជាចម្រាញ់រ៉ែមាសបាន ៦.៧២៧គីឡូក្រាម និងទទួលចំណូលបានពីសួយសារជាង ១០លានដុល្លារ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាមសម្ដែងនូវការអបអរសាទរ ខណៈដែលកម្ពុជាចម្រាញ់រ៉ែមាសបាន ៦.៧២៧គីឡូក្រាម និងទទួលចំណូលបានពីសួយសារជាង ១០លានដុល្លារ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ដែងការសាទរបែបនេះ ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីទស្សនកិច្ច ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមសេចក្ដីប្រកាសព័ត៌មាននេះបានបង្ហាញក្នុងពិធីទស្សនកិច្ច ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «បន្ទាប់ពីបានសម្ពោធដាក់ឲ្យដំណើរការការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ ជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត បានចម្រាញ់មាស ដែលមានគុណភាព៩០% បានចំនួនសរុប៦,៧២៧.៧០ គីឡូក្រាម។ ក្រុមហ៊ុនបានបង់សួយសារជូនរដ្ឋសរុបចំនួន១០,២២៨,២៣៩ដុល្លារ»។ នេះគឺជាសមិទ្ធផលដែលកើតចេញ ពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិ ជូនជាតិ និងមាតុភូមិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបានក្នុងការអនុញ្ញាតឲ្យមានការវិនិយោគទ្រង់ទ្រាយធំ នៅក្នុងវិស័យធនធានរ៉ែនេះ។

សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគ ពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿន ឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គម ផ្សេងៗទៀតជាច្រើន សម្រាប់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែម ក្នុងសេចក្ដីប្រកាសព័ត៌មាន។
ទន្ទឹមនឹងការចូលរួមចំណែក ដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែនេះ ក៏បាននឹងកំពុងបង្កើតបានផងដែរ នូវសមត្ថភាពជាតិ និងគំរូថ្មីសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សមិទ្ធផលនៃដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាស របស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់ នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នារយៈពេលកន្លងមក ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស និងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន និងសង្គម តាមស្តង់ដារអន្តរជាតិ។
ដែលក្នុងនោះ អនុញ្ញាតឲ្យកម្ពុជា អាចទាញយកបាននូវធនធានរ៉ែ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម បង្កើតបាននូវផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រជាជនកម្ពុជាជាច្រើនជំនាន់ក្នុងពេលអនាគត។

សូមបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី។ ក្រុមហ៊ុន Renaissance Minerals គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។
ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជិត២ឆ្នាំហើយ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ១២០លានដុល្លារអាមេរិក។

ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព ៩០% (Gold Doré Bars) បានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ។
គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់ (ក្នុងនោះស្រីចំនួន ៦១នាក់) និងជនជាតិបរទេសចំនួន ៨៧នាក់ (ក្នុងនោះស្រីចំនួន ៣នាក់)៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?