ព័ត៌មានជាតិ
កាកសំណល់បន្លែស្ពៃតាមទីផ្សារក្នុងក្រុងបាត់ដំបង មានមន្ត្រីយោធាម្នាក់ប្រមូលធ្វើចំណីសត្វ
ភាគរយតិចណាស់សម្រាប់ប្រជាពលរដ្ឋដែលបានប្រកបរបរកសិកម្មចិញ្ចឹមសត្វដូចជា មាន់ ទា ជ្រូក និងសត្វក្ងាន បានប្រើប្រាស់ចំណីតាមបែបធម្មជាតិសុទ្ធសាធ ជាមធ្យាបាយដើម្បីកាត់បន្ថយការចំណាយថវិកាទៅលើចំណីដែលបានកែច្នៃផលិតហើយនាំចូលយកមកលក់លើទីផ្សារ។
ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅស្រុកបាណន់សុំមិនបញ្ចេញឈ្មោះបានប្រាប់កម្ពុជាថ្មីថា ហេតុដែលគាត់ចិញ្ចឹមមាន់ផ្តល់ដោយចំណីកែច្នៃពីប្រទេសថៃ ដោយសាតែចង់ឲ្យសត្វមាន់ឆាប់ធំធាត់ក្នុងរយះខ្លីទៅតាមការកំណត់ដែលក្រុមហ៊ុនផ្តល់ចំណីទទួលទិញយកវិញដល់ទីតាំងមិនពិបាករកទីផ្សារ ដែលបានចំណេញខ្លះៗក្រោយពីទូទាត់ជាមួយថ្លៃចំណី។

មន្ត្រីនៃមន្ទីរកសិកម្មបានបញ្ជាក់ថា ការចិញ្ចឹមដោយផ្តល់ចំណីកែច្នៃមិនមែនជាការល្អសម្រាប់សុខភាពអ្នកបរិភោគនោះទេ ។
ការចិញ្ចឹមសត្វដែលប្រើចំណីកែច្នៃរសជាតិមិនដូចសត្វដែលចំណីតាមបែបធម្មជាតិ ប៉ុន្តែគេសង្កេតឃើញបងប្អូនកសិករដែលចិញ្ចឹមឲ្យចំណីតាមបែបធម្មជាតិមានការហត់នឿយបន្តិច តែរសជាតិសត្វចិញ្ចឹមល្អគួរឲ្យចង់បរិភោគ ហើយអ្នកបរិភោគក៏ដឹងច្បាស់តើមាន់ឬទាណាដែលចិញ្ចឹមដោយចំណីធម្មជាតិ គឺតាមរយះរសជាតិតែម្តងបើទោះបីយកពូជមាន់ស្រែទៅបំប៉នចំណីក៏ដោយ។
ស្របតាមការលើកឡើងពីមន្ត្រីជំនាញខាងលើ មន្ត្រីយោធាម្នាក់សំណូមពរដល់”កម្ពុជាថ្មី” ក្នុងបទសម្ភាសសុំមិនបញ្ចេញឈ្មោះបាននិយាយបណ្តើរផ្តល់ចំណីសត្វបណ្តើរថា ជិត ១ ឆ្នាំនេះលោកបានប្រកបមុខរបរចិញ្ចឹមសត្វគ្រាន់បានផ្សែផ្សំថវិកាបន្ថែមក្រៅពីប្រាក់ខែរបស់លោក ដើម្បីបង្កលក្ខណះគ្រួសារឲ្យបានប្រសើរទាំងអាហារប្រចាំថ្ងៃទាំងផ្គត់ផ្គង់កូនរៀន។
ការចិញ្ចឹមសត្វនេះគឺលោកជាអ្នកថែទាំ និងឲ្យចំណីរាល់ថ្ងៃមិនពឹងលើភរិយាទាំងស្រុងនោះទេ ប៉ុន្តែពេលខ្លះក៏គាត់ជួយខ្លះដែរ។ លោកអះអាងថា ការចិញ្ចឹមសត្វមិនមែនជាការងាយស្រួលនោះទេ ត្រូវការថែទាំនិងធ្វើចំណីតាមបែបធម្មជាតិលោកមិនឲ្យចំណីបែបកែច្នៃលក់លើទីផ្សារនោះទេ ខណះដំបូងលោកបានទិញចំណីលើទីផ្សារផ្តល់ឲ្យពួកវា ប៉ុន្តែលោកមិនអាច មានលទ្ធភាពគ្រប់គ្រាន់និងទិញចំណីលើទីផ្សារបន្តទៀត ទើបលោកសាកល្បងឲ្យចំណីតាមបែបធម្មជាតិវិញហើយចំណាយលុយទិញតែកន្ទក់ប៉ុណ្ណោះ តែក៏មានការលំបាកហត់នឿយបន្តិចតែវានឹងហុចផលឲ្យវិញនៅពេលក្រោយ ។
មន្ត្រីយោធាវ័យ ៥៥ ឆ្នាំរូបនេះបានរៀបរាប់បន្តថា សត្វដែលលោកបានចិញ្ចឹមមានដូចជា មាន់,ទាកាប៉ាពូជធំ,ទាកាបធម្មតា និងសត្វក្ងាន ហើយសត្វដែលត្រូវការចំណីច្រើនគឺសត្វ ក្ងាន និងសត្វទា។

លោកបន្តថា “ខ្ញុំសព្វថ្ងៃក្រៅពីម៉ោងការងារ ឡានកញ្ចាស់ខ្ញុំចូលផ្សាររាល់ថ្ងៃដើម្បីដើរប្រមូលកាកសំណល់បន្លែដែលបងប្អូនអាជីវករដាក់គរចោលក្នុងផ្សារ ដើម្បីដឹកមកធ្វើជាចំំណីសត្វ។ ភាគច្រើនគឺកាកសំណល់ដូចជា ស្ពៃក្តោប ស្ពៃខាត់ណា ស្ពៃជើងទាជាដើម ដែលវាខូចពិបាកក្នុងការលក់ដូរ ហើយខ្ញុំសុំឲ្យបងប្អូនអាជីវករប្រមូលទុកឲ្យខ្ញុំ ជាជាងការប្រមូលបោះចោល”។
លោកបន្តឲ្យដឹងរបៀបផលិតចំណីបែបធម្មជាតិខាងលើថា ការធ្វើចំណីគឺកាកស្ពៃយកមកហាន់តូចៗយកមកដាក់ស្ងោរជាមួយអង្ករ ១ កំប៉ុងបន្ទាប់មកយកកន្ទក់ ១ កំប៉ុងទៀតដាក់លាយជាមួយក្នុងនោះក៏មានដាក់អំបិលនិងស្ករផង ដើម្បីបង្កើនរសជាតិពេលអង្កររីកលើកចេញពីចង្ក្រានទុកឲ្យត្រជាក់ជាការស្រេច។ ចំណីបែបនេះធ្វើឲ្យសត្វឆាប់ធំមានសុខភាពល្អ ហើយរសជាតិក៏ឆ្ងាញ់ដែរព្រោះពេលខ្លះក្រុមគ្រួសារខ្ញុំក៏បានធ្វើម្ហូបទើបដឹងថារសជាតិវាឆ្ងាញ់មិនចាញ់សត្វស្លាបព្រៃនោះទេ។
លោកបន្តថា “ការលំបាកវាអស់និយាយហើយតែយូរទៅវាសមហើយ ណាមួយជាប្រយោជន៍ដោយសុចរិតរបស់យើងផង។ ធ្វើៗទៅទាន់នៅមានកម្លាំង ណាមួយយើងបានចូលរួមសំអាតបរិស្ថានរបស់ផ្សារផង ដោយយើងមិនទុកឲ្យសំណល់បន្លែរលួយចោល បង្កក្លិនអាក្រក់ក្នុងផ្សារនោះទេ។ យកច្នៃឲ្យក្លាយជាផលប្រយោជន៍ដែលអ្នកចិញ្ចឹមសត្វដូចគ្នាផ្សេងទៀតគេមិនធ្វើបែបនេះដូចខ្ញុំ ហើយខ្ញុំក៏មិនគិតថាខ្មាស់គេដែរ”។
មកដល់ពេលនេះសត្វដែលលោកចិញ្ចឹមស្ទុះធំលឿនជិតបានលក់ហើយ បើសត្វ ក្ងាន ១ ក្បាលយ៉ាងហោច ៣៥ ដុល្លារ ខណះរហូតដល់ពេលនេះលោកមានជាង ៣០ ក្បាល។ ពងក៏លក់បានថ្លៃដែរយ៉ាងតិច ១ គ្រាប់ចន្លោះពី ៧-៨ ពាន់រៀល។
ត្រង់សំណួរកម្ពុជាថ្មីសួរថា តើលោកបន្តចិញ្ចឹមទៀតឬបញ្ឈប់ពេលដែលលោកលក់អស់ ខណះការចិញ្ចឹមនេះជាលើកដំបូងរបស់លោកផង និងតាមការរៀបរាប់របស់លោកហាក់ដូចជាកំសត់ជាមួយការហត់នឿយបែបនេះ? លោកឆ្លើយថា “អត់បោះបង់ទេត្រូវបន្តការចិញ្ចឹម ព្រោះនេះជារបរសុចរិតរបស់យើងម្នាក់ៗ។ ក្រៅពីសំអាងលើប្រាក់ខែ ខ្ញុំអត់មានអីធ្វើទេចឹង សុខចិត្តហត់នឿយបន្តិច ដូចជាការហាត់ប្រាណចឹងដែរ បើទោះបីចំណាយពេលយូរខែក្នុងការចិញ្ចឹម តែក៏បានហុចផលប្រយោជន៍មកយើងវិញដដែលហ្នឹង”។
លោក ហេង សិទ្ធ ប្រធានការិយាល័យនៃមន្ទីរកសិកម្មបានផ្តល់មតិថា ជាការល្អប្រសើរសម្រាប់អ្នកចិញ្ចឹមសត្វលើដីភូមិដែលត្រូវប្រើប្រាស់កាកសំណល់ស្ពៃគ្រប់ប្រភេទយកទៅលាយធ្វើជាចំណីបែបធម្មជាតិ លោកលើកទឹកចិត្តបន្តការចិញ្ចឹមក្នុងការផ្តល់ចំណីបែបនេះធ្វើឲ្យសាច់ឈាមសត្វចិញ្ចឹមពោរពេញទៅដោយសារជាតិពីធម្មជាតិ១រយភាគរយ។
លោកបញ្ជាក់ថា មានភាគរយតិចណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តដែលបានចិញ្ចឹមសត្វ ក្ងាន ព្រោះពួកវាតម្រូវការចំណីច្រើន តែកសិករខ្លះគាត់ចិញ្ចឹមដើម្បីលក់ពង ព្រោះមានតម្លៃខ្ពស់ក្នុង ១ គ្រាប់លក់បានចន្លោះពី ២-៣ ដុលា្លរ ឬចន្លោះពី ៨ ពាន់ដល់១មុឺនរៀល។ ចំណែកសាច់ក៏មិនថោកដែរចន្លោះពី ២៥-៣៥ ដុល្លារ តាមប្រភេទពូជតូចឬធំ ហើយរយះពេលនៃការចិញ្ចឹមសត្វក្ងាន មិនខុសពីគ្នាប៉ុន្មានពីការចិញ្ចឹមមាន់ឬទាស្រែនោះទេ គឺមានរយះពេលពី ៦-៩ ខែ ទើបបានលក់លើទីផ្សារ។
លោកផ្តាំថាបើសិនកសិករចិញ្ចឹមសត្វប្រឈមជម្ងឺសត្វបក្សី លោកនឹងឲ្យមន្ត្រីជំនាញជួយណែនាំរបៀបការពារនិងទប់ស្កាត់តាមតម្រូវការ។
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ