ព័ត៌មានជាតិ
យុទ្ធនាការមូលនិធិគន្ធបុប្ផា ឆ្នាំ២០២៣ កើនលើសការរំពឹងទុក ប៉ុន្តែនៅមិនទាន់គ្រប់ការចំណាយ
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ៣០ថ្ងៃ សម្រាប់កុមារកម្ពុជា ដោយចាប់ផ្ដើមជាផ្លូវការចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងរយៈពេល ២ សប្ដាហ៍នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាប្រមាណជាង ២ លានដុល្លារអាមេរិក ពីសប្បុរសជនចំនួនជាង ២ សែននាក់ ដែលភាគច្រើនជាការបរិច្ចាគតាមរយៈ Mobile Banking។ យុទ្ធនាការមូលនិធិឆ្នាំនេះ កើនលើសឆ្នាំមុន និងការរំពឹងទុកច្រើន ប៉ុន្តែនៅមិនទាន់គ្រប់ការចំណាយប្រចាំឆ្នាំ របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ នៅកម្ពុជា នៅឡើយ។

បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យ “កម្ពុជាថ្មី” ដឹងបន្ថែមថា បើធៀបនឹងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” កាលពីឆ្នាំ២០២២ ពេញមួយខែតែម្ដង, ឃើញថា រយៈពេលពាក់កណ្ដាល ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ មូលនិធី ទទួលបានថវិកាសប្បុរសធម៌ជាង ២ លានដុល្លារ ដោយមានការចូលរួមមានសន្ទុះខ្លាំង ទាំងចំនួនថវិកា ទាំងចំនួនអ្នកចូលរួម។ ព្រោះយុទ្ធនាការ ឆ្នាំ២០២៣នេះ មានការចូលរួមបរិច្ចាគ និងសហការផ្សព្វផ្សាយច្រើនពីក្រសួង-ស្ថាប័ន គ្រឹះស្ថានឯកជន ធនាគារដៃគូ សារព័ត៌មានជាតិ-អន្តរជាតិ បុគ្គលមានប្រជាប្រិយ និងជាពិសេសសប្បុរសជនគ្រប់ទិសទី ដោយមិនត្រឹមតែបានបរិច្ចាគប៉ុណ្ណោះទេ ថែមទាំងចូលរួមផ្សព្វផ្សាយបន្តយ៉ាងស្រុះដៃគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ។

បណ្ឌិត ចន ណារិទ្ធ បញ្ជាក់បន្ថែមថា មុនចាប់ផ្តើមយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ប្រចាំឆ្នាំ២០២៣នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា រំពឹងទុកថានឹងអាចប្រមូលថវិកាបានតែក្នុងរង្វង់ពី ៣០ ទៅ ៤០ម៉ឺនដុល្លារប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០២២ ក្នុងរយៈពេល ៣០ថ្ងៃ នៃយុទ្ធការ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណបានជាង ៣០ម៉ឺន ដុល្លារអាមេរិក។

បណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍បន្តថា៖ “មន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាប្រមាណ ១២ម៉ឺនដុល្លារអាមេរិកក្នុង ១ថ្ងៃ សម្រាប់ប្រតិបត្តិការសង្រ្គោះជីវិតកុមារដោយមិនគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ ដូចនេះយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដែលយើងរៀបចំប្រចាំឆ្នាំ២០២៣នេះ មានគោលបំណងបំផុសស្មារតី ខ្មែរជួយខ្មែរ ដើម្បីរួមគ្នាបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅកម្ពុជា”។

បណ្ឌិត ចន ណារិទ្ធ បានឱ្យដឹងបន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ទីតាំង ចំណាយប្រមាណ ៤០ លានដុល្លារ ក្នុង១ឆ្នាំ ដោយមានការជួយបំពេញបន្ថែមគ្នាទៅវិញទៅមក រវាងមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាពីសំណាក់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

បណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍បន្តថា៖ “ក្នុងន័យនេះ យើងមិនអាចនិយាយបានថា ការបរិច្ចាគនេះតែមួយអាចគ្រប់គ្រាន់នៅឡើយទេសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យនេះ មិនមែនជាស្ថាប័នដែលរកប្រាក់ចំណូលទេ តែផ្ទុយទៅវិញ មន្ទីរពេទ្យត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុ ជាពិសេស ពីមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ជាចាំបាច់ ក្នុងការបន្តសង្រ្គោះជីវិតទារក និងកុមារ នៅកម្ពុជា”។

បណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ក្រៅពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មូលនិធិគន្ធបុប្ផាកម្ពុជា ធ្វើសកម្មភាពកៀរគរថវិកាបរិច្ចាគតាមមធ្យោបាយនានាជាមួយក្រសួង-ស្ថាប័ន គ្រឹះស្ថានឯកជន និងធនាគារដៃគូ ដូចជា ការបង្កើតគណៈកម្មការទ្រទ្រង់ប្រចាំក្រសួង-ស្ថាប័ន និងក្រុមហ៊ុនឯកជនសំខាន់ៗ ព្រមទាំងសកម្មភាពផ្សេងៗទៀតដូចជា យុទ្ធនាការកៀរគរថវិកាបរិច្ចាគតាមរយៈការចូលរួម និងរៀបចំកម្មវិធីកីឡារត់ ជិះកង់ បាល់ទាត់ និងរៀបចំជាការប្រគុំតន្រ្តី និងយុទ្ធនាការធំៗជាច្រើនទៀតដើម្បីជំរុញការផ្សព្វផ្សាយកៀរគរការបរិច្ចាគពីសប្បុរសជនគ្រប់ទិសទី។

បណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍បន្តថា៖ “ក្នុងនាមមូលនិធិគន្ធបុប្ផាកម្ពុជា, ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា និងចូលរួមបរិច្ចាគឱ្យបានកាន់តែផុសផុលថែមទៀត ដើម្បីជួយសង្រ្គោះកុមារនៅកម្ពុជា។ ថវិកាបិរច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា”។

បណ្ឌិត ចន ណារិទ្ធ បញ្ជាក់បន្ថែមថា ទោះបីជា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានរយៈពេលតែ ១ខែ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក៏ដោយ មិនមែនមានន័យថា មូលនិធិឈប់ទទួលការបរិច្ចាគពីសប្បុរសជននោះទេ។ ដោយហេតុថា មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ៨៤ម៉ឺនដុល្លារក្នុង ១សប្តាហ៍ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា។

គួរបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើង និងសម្ពោពដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដែលមាន សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស។ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងកៀរគរអំណោយ ឧបត្ថម្ភធន និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានាធានាចីរភាព នៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព បម្រើដល់គោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ