ព័ត៌មានជាតិ
គ្រោងចំណាយថវិកាជាង ៤០ លានដុល្លារ សម្រាប់ផែនការអភិរក្សសត្វដំរីព្រៃអាស៊ី រយៈពេល ១០ ឆ្នាំ
តាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន ៤០,៥ លានដុល្លារ ជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នា ទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ខណៈបច្ចុប្បន្ន កម្ពុជា មានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាល។ នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងបរិស្ថាន។

នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ នេះ ក្រសួងបរិស្ថាន បានឲ្យដឹងថា ដោយយោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន ៤០,៥ លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នា ទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ក្រុមអ្នកអភិរក្ស មានសុទិដ្ឋិនិយមថា ជាមួយនឹងផែនការអភិរក្សសត្វដំរី ការដោះស្រាយជម្លោះរវាងមនុស្ស និងដំរី និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ លើការងារការពារ និងអភិរក្សតំបន់ការពារធម្មជាតិនោះ នឹងកាន់តែធ្វើឲ្យទីជម្រករបស់សត្វដំរីកាន់តែមានសុវត្ថិភាព រួមនឹងការយល់ដឹង និងការចូលរួមអភិរក្សពីសំណាក់ប្រជាពលរដ្ឋផងដែរ។ បន្ថែមនោះ ក្រសួងបរិស្ថាន ក៏បានបង្ហាញរូបភាពសត្វដំរីព្រៃអាស៊ីដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់អភិរក្សក្នុងភូមិភាគឦសាន នៃប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន កម្ពុជា មានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាល។ ជាការកត់សម្គាល់ រូបភាពដែលម៉ាស៊ីនថតស្វ័យប្រវត្តិចាប់បានក្នុងហ្វូងដំរី ក៏មានឃើញកូនដំរីតូចៗផងដែរ។ នេះបង្ហាញពីការបន្តពូជ និងការមានកូនដំរីព្រៃតូចៗ ដែលនឹងរក្សាបាននិរន្តរភាព នៃវត្តមានដំរីព្រៃក្នុងតំបន់អភិរក្ស។

ក្រសួងបរិស្ថាន បញ្ជាក់ថា ដំរីព្រៃភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ ក្បាល។

តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំ ចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាល ទៅ ៤៧ ៤២៧ ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយ រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ី ត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈសំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្ដានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។
ទោះបីជាស្ថានភាព នៃការអភិរក្សតំបន់ការពារធម្មជាតិមានភាពល្អប្រសើរ ផ្ដល់ទីជម្រក ប្រភពទឹក និងចំណីសម្រាប់សត្វដំរីរស់នៅ តែកត្តាគំរាមកំហែងមួយចំនួននៅតែមាន ជាពិសេសជម្លោះរវាងមនុស្ស និងដំរី ពោលគឺការរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់របស់ក្រុមជនខិលខូច បានប៉ះពាល់ដល់ទីជម្រករបស់សត្វដំរី និងកន្លែងដំរីធ្លាប់រស់នៅ និងរកចំណី និងប្រភពទឹក ដែលពេលខ្លះ មានការជាន់កម្ទេចដំណាំដាំដុះរបស់ប្រជាពលរដ្ឋពីសំណាក់សត្វដំរីជាដើម។ ម្យ៉ាងទៀត គេក៏បានរកឃើញថា កូនដំរីព្រៃ កំពុងទទួលរងការគំរាមកំហែងដោយសារតែការដាក់អន្ទាក់ និងការចាប់ដំរីព្រៃមកចិញ្ចឹម និងហ្វូងដំរីព្រៃមានចំនួនតិចតួចជាកត្តាគំរាមកំហែងផងដែរ។ កម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយពិភពលោកក្នុងការអភិរក្សសត្វដំរីដែលនៅសេសសល់លើពិភពលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ(IUCN)។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ជាមួយអង្គការដៃគូ បានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី។ ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ និងអង្គការផ្សេងៗទៀត ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព និងជំរុញឲ្យមានកំណើនចំនួនប្រភេទសត្វដំរីនេះនៅក្នុងព្រៃ នៃប្រទេសកម្ពុជា។
ផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីឲ្យនៅគង់វង្ស ត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន ៖
១) ការកាត់បន្ថយការបាត់បង់ទីជម្រក ,២) អភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ, ៣) ពង្រឹងការអនុវត្តច្បាប់, ៤) បង្ការមិនឲ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម, ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស,៦)អប់រំផ្សព្វផ្សាយ និងដាក់ ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ