ព័ត៌មានជាតិ
មុនក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល ត្រូវប្រឡង ៣ ដំណាក់កាល
និយាយទៅដល់សាលាភូមិន្ទរដ្ឋបាល សិស្សជាច្រើនបានដឹងហើយថា ជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលសាធារណៈ ចំណុះក្រោមក្រសួងមុខងារសាធារណៈ ដែលមានតួនាទីនៅក្នុងការជ្រើសរើស អប់រំ បណ្ដុះបណ្ដាល ដល់សិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការ ឬមន្ត្រីចូលថ្មីក្នុងក្របខ័ណ្ឌ នៃវិស័យរដ្ឋបាលទៅតាមការជ្រើសរើសនៃឆ្នាំនីមួយៗ។

មុននឹងអាចឈានដល់ជាសិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល តើពួកគេត្រូវឆ្លងកាត់ការប្រឡង និងលក្ខណ្ឌបែបណាខ្លះ?
សិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល គឺជាសិស្សមន្ត្រីដែលត្រូវបានប្រឡងជ្រើសរើស ហើយចម្រាញ់ចេញពីក្នុងចំណោមសិស្សនិស្សិត ឬមន្ត្រីរាជការស្រាប់ ដែលមានសញ្ញាប័ត្រអប្បបរមាត្រឹមបរិញ្ញាបត្រ ឬសញ្ញាប័ត្រសមមូល តែមិនកំណត់ជំនាញសញ្ញាប័ត្រនោះទេ។

សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ សាលាមានបែងចែកជា ៣ ជំនាញផ្សេងៗគ្នា សម្រាប់បណ្ដុះបណ្ដាលពោលគឺ ជំនាញរដ្ឋបាលសាធារណៈ, សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជំនាញទំនាក់ទំនងអន្តរជាតិ ហើយសិស្ស-និស្សិតអាចសិក្សាយ៉ាងតិច ១៨ ខែ។
ដើម្បីចម្រាញ់ពីសិស្សមន្ត្រី ឱ្យក្លាយទៅជាសិស្សមន្ត្រីជាន់ខ្ពស់បាន សាលាភូមិន្ទរដ្ឋបាលក៏មានរៀបចំការប្រឡងជារៀងរាល់ ២ ឆ្នាំម្ដងដោយចែកជា ៣ ដំណាក់កាលរួមមាន៖
ដំណាក់កាលទី១៖ សំណួរចម្លើយពហុជ្រើសរើសទូទៅ ១០០ សំណួរ និងពហុភាសាបរទេស អង់គ្លេស និងបារាំង។ ដំណាក់កាលទី២៖ អធិប្បាយជំនាញ, ចំណេះដឹងទូទៅ និងការដោះស្រាយករណីសិក្សា (តក្កវិទ្យា)។
ដំណាក់កាលទី៣៖ ជាសំណួរផ្ទាល់មាត់ ដែលធ្វើការសម្ភាសទៅតាមជំនាញ។

បើយោងតាមសេចក្ដីសម្រេចស្ដីពីការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាលជំនាន់ទី ១២ បេក្ខជនត្រូវជ្រើសរើសជំនាញមួយក្នុងចំណោមជំនាញទាំងបី មុនពេលដាក់ពាក្យប្រឡងចូលជាមន្ត្រីជាន់ខ្ពស់។ មានតែបេក្ខជនដែលប្រឡងជាប់វិញ្ញាសាទី ១ ទើបអាចប្រឡងវិញ្ញាសាទី ២ ទើបអាចឈានចូលដល់វិញ្ញាសាទី ៣ ផ្ទាល់មាត់បន្តទៀត។ ទៀតសោត ក្រោយសិក្សាទ្រឹស្ដីនៅសាលា សិស្សមន្ត្រីជាន់ខ្ពស់ត្រូវបំពេញកម្មសិក្សានៅតាមក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមុនចាប់ប៉ុស្តិ៍បំពេញការងារ។
បេក្ខជនដែលបានប្រឡងជាប់ដោយស្ថាពរក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ត្រូវបានទទួលស្គាល់ដោយសេចក្ដីសម្រេចចុះដោយក្រសួងមុខងារសាធារណៈ។ បន្ថែមពីនេះសិស្សមន្ត្រីជាន់ខ្ពស់ត្រូវទទួលការបណ្ដុះបណ្ដាលចំនួន ២ ឆ្នាំ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភជាប្រចាំខែ ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

គួរជម្រាបថា ចំពោះសិស្សមន្ត្រីជាន់ខ្ពស់ដែលទទួលបានការបណ្ដុះបណ្ដាល ត្រូវជ្រើសរើសកន្លែងបំពេញការងារនៅតាមក្រសួង ស្ថាប័ន ទៅតាមចំណាត់ថ្នាក់ (គោលការណ៍គុណាធិបតេយ្យ) និងត្រូវតាំងស៊ប់ក្នុងឋានន្តរសក្ដិអនុមន្ត្រីថ្នាក់លេខ១ (ក.៣.១)។ រីឯសិស្សមន្ត្រីជាន់ខ្ពស់ដែលរើសចេញពីចំណោមមន្ត្រីរាជការត្រូវបន្ថែម ២ ថ្នាក់នៃសន្ទស្សន៍ខ្ពស់បន្ទាប់ទៅក្នុងក្របខណ្ឌប្រភេទ ក ផ្អែកលើអត្ថប្រយោជន៍មន្ត្រី និងទទួលបានប្រាក់បំណាច់មុខងារស្មើអនុប្រធាននាយកដ្ឋាន៕
ប្រភព៖ សាលាភូមិន្ទរដ្ឋបាល

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?