ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់វិស័យការងារឈរលើកត្តាបី បរិមាណ គុណភាព និងសមធម៌
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែករបស់រោងចក្រ-សហគ្រាស មកពីខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល និងតាកែវ កាលពីថ្ងៃទី ១៨ មិថុនា។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការលើកកម្ពស់វិស័យការងារ គឺត្រូវឈរលើកត្តាចំនួន ៣ សំខាន់ៗ គឺ បរិមាណ គុណភាព និងសមធម៌។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ទី. បរិមាណ គឺសំដៅដល់ការជំរុញការវិនិយោគឱ្យទៅដល់មូលដ្ឋាន ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការរស់នៅរបស់កម្មករ-និយោជិត, ទី២. គុណភាព សំដៅទៅលើប្រភេទនៃការវិនិយោគ ឬការធ្វើអាជីវកម្មដែលមានយុទ្ធសាស្ត្រច្បាស់លាស់ និងភាពយូរអង្វែង, ការផ្តល់ឱកាសដល់កម្មករ-និយោជិតទទួលបានបៀរវត្សរ៍ និងអត្ថប្រយោជន៍ល្អប្រសើរ ព្រមទាំងមានលទ្ធភាពបង្កើនសមត្ថភាព និងចំណេះដឹងកាន់តែខ្ពស់, ការការពារសិទ្ធិ និងការយកចិត្តទុកដាក់លើសុខមាលភាពរបស់កម្មករ-និយោជិត, ការយកចិត្តទុកដាក់ទៅលើបរិស្ថាន និងសហគមន៍ និងការចូលរួមពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារ តាមរយៈការនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗ; និងទី៣. សមធម៌ សំដៅទៅលើការថែរក្សានូវសុខដុមនីយកម្ម នៃទំនាក់ទំនងរវាងនិយោជក និងនិយោជិត ដែលប្រៀបបាននឹងប្តីប្រពន្ធ ហើយរាជរដ្ឋាភិបាលប្រៀបដូចជាឪពុកម្តាយ-អាណាព្យាបាល ដោយក្នុងនេះចាំបាច់ត្រូវយកចិត្តទុកដាក់លើកការគាំពារសិទ្ធ, អត្ថប្រយោជន៍ និងការពង្រឹងការទទួលខុសត្រូវរបស់ភាគីនិយោជក និងនិយោជិត ក្នុងក្របខ័ណ្ឌច្បាប់។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាអាណាព្យាបាល, រាជរដ្ឋាភិបាលបានខិតខំបំពេញនូវកិច្ចការជាច្រើន ជាអាទិ៍៖ ទី១. បានខិតខំបង្កើតការងារតាមរយៈការទាក់ទាញ និងបង្កលក្ខណៈដល់អ្នកវិនិយោគ ដើម្បីឱ្យពួកគេមកបណ្តាក់ទុននៅកម្ពុជា ជាប្រយោជន៍ដើម្បីជីវភាពផ្ទាល់របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ; ទី២. បានផ្តល់ការឧបត្ថម្ភគាំទ្រដល់អ្នកវិនិយោគ និងកម្មករ-និយោជិត តាមរយៈការដាក់ចេញនូវគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តដល់ការប្រកបធុរកិច្ចរបស់អ្នកវិនិយោគ ក៏ដូចជាគោលនយោបាយគាំពារសង្គមបម្រើឱ្យសុខុមាលភាពរបស់កម្មករ-និយោជិត ។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ការខិតខំប្រឹងប្រែងបំពេញការងាររបស់ប្រធានរដ្ឋបាល និងប្រធានផ្នែកនៅតាមរោងចក្រ-សហគ្រាស គឺអាចជាគុណតម្លៃមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា តាមរយៈការជួយដល់វិនិយោគិនក្នុងការពង្រីកគម្រោងវិនិយោគដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន និងការទាក់ទាញវិនិយោគិនថ្មីៗមកបន្ថែមទៀត។
នាឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចុះជួបផ្ទាល់ជាមួយកម្មករ-និយោជិត ដើម្បីដឹងសុខទុក្ខជាក់ស្តែង និងដើម្បីដោះស្រាយបញ្ហា ព្រមទាំងសំណូមពរផ្សេងៗ ពីព្រោះនេះ គឺជាទម្លាប់ការងាររបស់សម្តេចតេជោ តាំងពីដើមរៀងមក។ ទម្លាប់ចុះមូលដ្ឋាន គឺជាការត្រួតពិនិត្យប្រសិទ្ធភាពគោលនយោបាយ សំដៅកែលម្អបំពេញបន្ថែមចំណុចខ្វះខាត និងសម្រេចចិត្តឱ្យចំគោលដៅ តាមរយៈការជួបសាកសួរផ្ទាល់ជាមួយនឹងអ្នកទទួលផលជាក់ស្តែងពីគោលនយោបាយដែលបានដាក់ចេញនីមួយៗ ។ បើទោះបីជាសម្តេចតេជោ មានភារកិច្ចរវល់មមាញឹកយ៉ាងណាក៏ដោយ គឺទម្លាប់ចុះផ្ទាល់នៅមូលដ្ឋានបែបនេះ គឺជារបៀបរបបការងាររបស់លោក ដោយឈរលើឆន្ទៈ និងមនសិការនៃផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់ពេលវេលា។
បេក្ខភាពអនាគតនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងអំពី ទិសស្លោក “អតីតកាលឈឺចាប់ បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង” គឺជាមាគ៌ាសំខាន់ក្នុងការអភិវឌ្ឍប្រទេស ដែលមានគោលដៅធ្វើឱ្យប្រជាជនមានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ តាមរយៈការផ្តល់នូវសិទ្ធិសេរីភាព, ជីវភាព, សុខសន្តិភាព និងសេចក្តីសុខសុភមង្គល ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការរៀបចំផែនការជីវិតសម្រាប់អនាគតរបស់ខ្លួន ។ រាជរដ្ឋាភិបាល បានខិតខំបង្កលក្ខណៈតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋអាចបំពេញនូវសក្តានុពល និងសម្រេចនូវក្តីស្រមៃរបស់ខ្លួន តាមរយៈការដាក់ចេញនូវគោលនយោបាយរបបសេដ្ឋកិច្ចទីផ្សារសេរី, កម្មសិទ្ធិឯកជន, ការលើកកម្ពស់វិស័យអប់រំ និងការទាក់ទាញការវិនិយោគ ដើម្បីបង្កើនឱកាសការងារជូនដល់ប្រជាជន៕







-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ