ព័ត៌មានជាតិ
សម្ដេច ស ខេង នឹងជួបគណៈកម្មការសភាពិនិត្យលើសេចក្ដីព្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

កិច្ចប្រជុំរវាងតំណាងរាជរដ្ឋាភិបាល និងគណៈកម្មការជំនាញនៃរដ្ឋសភា នៅថ្ងៃស្អែក ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចអនុម័តប្រគល់សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ដើម្បីពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
បើតាមការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត នៅរសៀលថ្ងៃទី១៩ ខែមិថុនានេះ ប្រសិនបើមិនមានការប្រែប្រួលទេ ក្រោយកិច្ចពិភាក្សារបស់តំណាងរាជរដ្ឋាភិបាល និងគណៈកម្មការជំនាញនៃរដ្ឋសភារួចរាល់ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ នឹងដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺមិនមែនគ្រាន់តែកែប្រែលក្ខខណ្ឌកំណត់នៃអ្នកឈរឈ្មោះឳ្យគេបោះឆ្នោតទេ តែក៏ត្រូវមានវិធានការជាក់លាក់មួយចំនួន ដើម្បីធានាដល់ដំណើរការបោះឆ្នោតទាំងមូល ប្រកបដោយភាពរលូន ហើយមិនអនុញ្ញាតឳ្យមានសកម្មភាពណាដែលរារាំងដល់ដំណើរការបោះឆ្នោត ក៏ដូចជាការបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានឡើយ។
សម្ដេចតេជោ បានបន្តថា រាជរដ្ឋាភិបាលត្រូវតែពង្រឹង និងចាត់វិធានការស្របតាមច្បាប់ជាធរមាន ដើម្បីការពារ និងរារាំងគ្រប់សកម្មភាពដែលប៉ុនប៉ងដល់ដំណើរការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមិនមានការលើកលែងឡើយ។

គួរជម្រាបថា សេចក្តីព្រាងច្បាប់ពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ មាន៨មាត្រា ក្នុងនោះ មាត្រា១ ចែងអំពីគោលបំណងនៃការធ្វើវិសោធនកម្ម មាត្រា២ ចែងអំពីការធ្វើវិសោធនកម្មមាត្រា២៣ មាត្រា១៤២ និងមាត្រា១៤៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា៣ ចែងអំពីការធ្វើវិសោធនកម្មមាត្រា៣៥ មាត្រា១៧១ និងមាត្រា១៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មាត្រា៤ ចែងអំពីការធ្វើវិសោធនកម្មមាត្រា១៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
រីឯមាត្រា៥ ចែងអំពីការធ្វើវិសោធនកម្មមាត្រា១៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ មាត្រា៦ ចែងអំពីវិសោធនកម្មដោយការកែប្រែមាត្រាពាក់ព័ន្ធមួយចំនួននៅក្នុងច្បាប់បោះឆ្នោត មាត្រា៧ ចែងអំពីអន្តរប្បញ្ញត្តិសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងមាត្រា៨ ចែងអំពីការអនុវត្តច្បាប់ជាការប្រញាប់៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា