ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិ ២៣ ពីស្រុកកោះធំ-លើកដែកបើក ការដ្ឋានលើកកម្រិតជួសជុលគ្រោងចំណាយ ២១ លានដុល្លារ
កំណាត់ផ្លូវជាតិលេខ ២៣ ប្រវែង ២០ គីឡូម៉ែត្រចាប់ពីស្ពានកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល ទៅដល់ស្រុកលើកដែក បានចាប់បើកការដ្ឋានលើកកម្រិតជួសជុលនៅថ្ងៃទី ២០ ខែមិថុនានេះ បន្ទាប់ពីកំណាត់ផ្លូវលេខ៣១២ ស្ថិតក្នុងខេត្តព្រៃវែង ត្រូវបានបើករួចហើយកាលពីថ្ងៃទី ៩ សប្ដាហ៍មុន។
ពិធីបើកការដ្ឋានធ្វើឡើងក្រោមអធិបតីភាពរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រីលោកស្រី យូតសាណា វ៉ាម៉ា (Jyotsana Varma) នាយិកាធនាគារអភិវឌ្ឍន៍ អាស៊ី(ADB) ប្រចាំកម្ពុជា។
កំណាត់ផ្លូវជាតិលេខ ២៣ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ ២៣ ដែលជាខ្សែផ្លូវតភ្ជាប់រវាងខេត្តកណ្ដាល និងខេត្តតាកែវ ដោយឆ្លងកាត់ស្រុកសំរោង ស្រុកព្រៃកប្បាស ស្រុកកោះធំ និងស្រុកលើកដែក។
បច្ចុប្បន្នស្ថានភាពរបស់កំណាត់ផ្លូវលេខ ២៣ ពុំទាន់ស្ថាបនាឱ្យបានល្អប្រសើរនៅឡើយ ខណៈកន្លែងមួយចំនួនជាតម្រាយផ្លូវថ្មី និងតម្រាយផ្លូវចាស់ ដែលចាំបាច់ត្រូវស្ថាបនាលើកកម្រិតឱ្យបានល្អប្រសើរដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការតភ្ជាប់របស់ប្រជាពលរដ្ឋទៅមកឆ្លងកាត់ស្រុកកោះធំ និងស្រុកលើកដែក។
គម្រោងលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ២០ គីឡូម៉ែត្រ ចាប់ផ្ដើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ ចាប់ពីគល់ស្ពានកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក តភ្ជាប់ជាមួយផ្លូវជាតិលេខ ១៤ នៃភូមិសាស្ត្រខេត្តកណ្ដាល គម្រោងនេះ នឹងត្រូវស្ថាបនាពង្រីកទទឹងផ្លូវ ប្រវែង ១១ ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨ សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ ម៉ែត្រ មានពីរគន្លងទៅមក។
ការសាងសង់ប្រើប្រាស់ពេល ២៤ ខែ ម៉ៅការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ ខូអិធីឌី។ គម្រោងនេះប្រើប្រាស់ថវិកា ដែលជាឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ជាង ២១ លានដុល្លារអាមេរិក (២១,៦៨) រួមជាមួយថវិការបដិភាគរបស់រាជរដ្ឋាភិបាល។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ ២៣ ជាខ្សែផ្លូវដ៏មានសក្ដានុពល និងមានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវខេត្តលេខ ១១០ និងផ្លូវជាតិលេខ ២១ ឆ្ពោះទៅរាជធានីភ្នំពេញ និងព្រំប្រទល់កម្ពុជា-វៀតណាម និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ១៤ (អ្នកលឿង)។
កំណាត់ផ្លូវនេះ នឹងចូលរួមលើកកម្ពស់បន្ថែមនូវការតភ្ជាប់ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខេត្តកណ្ដាល និងខេត្តជាប់ព្រំប្រទល់គ្នា ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ច-សង្គម ជំរុញការដឹកជញ្ជូន និងកសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ធនាគារអភិវឌ្ឍអាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨២ លានដុល្លារអាមេរិក ដើម្បីលើកកម្រិតជួសជុល និងថែទាំផ្លូវជាតិលេខ ២៣ ប្រវែង ២០ គីឡូវម៉ែត្រ ដែលបើកការដ្ឋាននៅថ្ងៃទី ២០ ខែមិថុនា នេះ និងផ្លូវខេត្តលេខ៣១២ ប្រវែង ២៨ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តព្រៃវែង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀងភាគខាងត្បូង នៃអនុតំបន់ទន្លេមេគង្គ។
លោកស្រី Lyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «ការផ្ដល់ជំនួយនេះ គឺជាដំណាក់កាលទី២ នៃគម្រោងលើកកម្រិតបណ្ដាញផ្លូវជាតិ ដែលមានគោលបំណងពង្រីកការតភ្ជាប់រវាងកម្ពុជាជាមួយវៀតណាម និងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន នៅក្នុងខេត្តទាំងពីរ»។
ការស្ដារឡើងវិញថ្មីនេះនឹងប្រើប្រាស់ការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ និងជួយឱ្យក្រសួងសារធារណការ និងដឹកជញ្ជូន គ្រប់គ្រងផ្លូវថ្នល់បានប្រសើរជាងមុន ដោយកាត់បន្ថយការផ្ទុកលើសទម្ងន់របស់យានយន្ត ដែលធ្វើឱ្យខូចផ្លូវជារឿយៗ និងនាំឱ្យមានការជួសជុលមុនកាលកំណត់៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន