Connect with us

ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ ស្ដីពី គម្រោងអភិវឌ្ឍន៍អគ្គិសនី ៥ ខេត្ត គ្រោងសុំអនុម័តពីរដ្ឋសភា

បានផុស

នៅ

សេចក្តីព្រាងច្បាប់សម្រាប់គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីនៅខេត្តកោះកុង និងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅព្រៃវែង ពោធិ៍សាត់ ស្វាយរៀង និងខេត្តកំពង់ឆ្នាំង នឹងដាក់ជូនរដ្ឋសភា ដើម្បីសុំការអនុម័ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាសរបស់រដ្ឋសភា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់សម្រាប់គម្រោងអភិវឌ្ឍន៍អគ្គិសនីនៅខេត្តចំនួន៥ ឱ្យគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ដើម្បីពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ។

បន្ទាប់ពីទទួលបានការប្រគល់ភារកិច្ចនេះ នៅរសៀលថ្ងៃដដែល លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានដឹកនាំសមាជិក-សមាជិកា បើកកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៥នេះ មុនពេលបើកកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ហើយនឹងត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភា ពិភាក្សា និងអនុម័ត នាពេលខាងមុខនេះ។

សេចក្តីព្រាងច្បាប់ដែលទាក់ទងនឹងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី នៅខេត្តកោះកុង គឺសេចក្តីព្រាងច្បាប់ ស្ដីពី ការអនុម័តយល់ព្រមឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់។

រីឯសេចក្តីព្រាងច្បាប់ចំនួន៤ សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ រួមមាន៖ ១. សេចក្តីព្រាងច្បាប់ ស្ដីពី ការអនុម័តយល់ព្រមឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ នៅខេត្តព្រៃវែង។

២. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។

៣. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ នៅខេត្តស្វាយរៀង។

និង៤. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម