ព័ត៌មានជាតិ
កូនខ្មែរមួយរូប ជោគជ័យខ្លាំងក្នុងការសិក្សានៅអាមេរិក រហូតក្លាយទីប្រឹក្សាសាលា
លោក គីម សម្បត្តិ ជាកូនខ្មែរមួយរូប ដែលត្រូវបានប្រជាជនសហរដ្ឋអាមេរិក ឱ្យតម្លៃលើសមត្ថភាពនៃការសិក្សារៀនសូត្រ ដោយទុកជាបុគ្គលគំរូ និងទទួលបានកិច្ចការជាអ្នកផ្តល់ប្រឹក្សាយោបល់របស់សាកលវិទ្យាល័យ Utah ក្នុងឆ្នាំ២០១៨ រហូតមានការចុះផ្សាយលើគេហទំព័រសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកមួយចំនួនផងដែរ។


យុវជនរូបនេះ ជានិស្សិតឆ្នើមមួយរូបក្នុងចំណោម ១៥នាក់ សម្រាប់ថ្នាក់សាកលវិទ្យាល័យ ដែលកាលណោះ គឺមានការចូលរួមពីបេក្ខភាពជាង ១០០០នាក់ ទូទាំងប្រទេស និងទទួលបានពានរង្វាន់សិក្សាជាច្រើនពីសាលា ព្រមទាំងបណ្ណសរសើរពណ៌មាសពីអតីតប្រធានាធិបតីទី៤៤ លោក បារ៉ាអូបាម៉ា ទៀតផង ពោលគឺអ្វីដែលមិនធ្លាប់មានជនជាតិអាស៊ីណាធ្លាប់ទទួលបានពីមុនមក។
សព្វថ្ងៃ លោក គីម សម្បត្តិ គឺជាអ្នកផ្ដល់ប្រឹក្សាមួយរូបរបស់សកលវិទ្យាល័យ Utah ចាំជួយសិស្សដែលផ្ទេរពីវិទ្យាល័យ ទៅឧត្តមសិក្សា ស្វែងរកមុខជំនាញសិក្សារបស់ពួកគេ។ ក្នុងតួនាទីនេះ លោកអះអាងថា បើសិនជានិស្សិតត្រូវការជំនួយ ក្នុងការដាក់ពាក្យសុំចូលរៀននៅមហាវិទ្យាល័យ ការដាក់ពាក្យសុំអាហារូបករណ៍ជំនួយហិរញ្ញវត្ថុ ឬចុះឈ្មោះសម្រាប់ ការប្រឡងចូល ACT ក៏ដូចជាការប្រឡងចូលមហាវិទ្យាល័យដទៃទៀតជាដើមនោះ លោកជាអ្នកផ្ដល់ជំនួយដល់សិស្សនិស្សិតទាំងនោះ ដោយការណែនាំពីគន្លឹះនៃការសិក្សា និងវិធីសាស្ត្រនៃការដាក់ពាក្យសុំអាហារករណ៍។ លោកបន្ថែមថា កន្លងមកលោកក៏បានជួយសិស្សវិទ្យាល័យ ឱ្យចូលរៀននិងបញ្ចប់ការអប់រំជាន់ខ្ពស់ដោយជោគជ័យ បានជាច្រើននាក់ផងដែរ។

បើតាមលោក គីម សម្បត្តិ ជារឿងគួរឲ្យរីករាយ និងមោទនភាពណាស់ នៅពេលដែលលោកអាចជួយសិស្សរបស់លោក បន្តក្តីស្រមៃរបស់ពួកគេ អាចចូលរៀនមហាវិទ្យាល័យ ដែលជាជម្រើសរបស់ពួកគេបាននោះ។


មុននឹងក្លាយខ្លួនជាទីប្រឹក្សាដ៏ឆ្នើម ដែលអាចជួយដល់សិស្សនិស្សិតជាច្រើននាក់បានដូចសព្វថ្ងៃនេះ គួរឱ្យដឹងដែរថា ក្នុងអំឡុងពេលសិក្សា សម្បត្តិ គឺជាសិស្សឆ្នើមមួយរូបដែលតែងទទួលបានលទ្ធផលល្អ ក្នុងការសិក្សារបស់ខ្លួន និងមានបំណងចង់ជួយអ្នកដទៃជោគជ័យ ក្នុងការដាក់ពាក្យចូលរៀននៅមហាវិទ្យាល័យ និងទទួលបានអាហារូបករណ៍ដូចជាខ្លួនដែរ។
គួរបញ្ជាក់ថា លោក គីម សម្បត្តិជាជនជាតិខ្មែរ បានកើតនៅលើទឹកដីប្រទេសកម្ពុជា និងបានសិក្សារៀនសូត្រភាសាខ្មែរ អង់គ្លេស និងចិន នៅកម្ពុជា ដោយរៀនភាសាជាតិបានត្រឹមថ្នាក់ទី៦។ បន្ទាប់មក សម្បត្តិក៏ត្រូវបានផ្លាស់ប្ដូរទៅរស់នៅរដ្ឋ Utah សហរដ្ឋអាមេរិក បន្តការសិក្សានៅទីនោះ។ ក្នុងឆ្នាំ២០១៣ យុវជនរូបនេះក៏បានក្លាយជាសិស្សឆ្នើមម្នាក់ នៅវិទ្យាល័យ Hunter ផ្នែកវិទ្យាសាស្ត្រ។
មុននឹងឈានមកដល់ចំណុចនេះ សម្បត្តិបានឱ្យដឹងថា បើនិយាយពីកម្រិតនៃការសិក្សាភាសារអង់គ្លេស សម្បត្តិ មិនបានទទួលការអប់រំនៅសាលាលំដាប់ខ្ពស់អ្វីនោះទេ ព្រោះគ្រួសារសម្បត្តិមិនមែនជាអ្នកស្តុកស្តម្ភអ្វីឡើយ តែក៏បានសិក្សារៀនសូត្រនៅវិទ្យាស្ថានមួយឈ្មោះថា ញ៉ូតុនធីឡាយ អំឡុងឆ្នាំ២០០៣-២០០៦ ជាសាលាដែលកៀកផ្ទះបំផុត។ សម្បត្តិ តែងទទួលបានពិន្ទុល្អជានិច្ចក្នុងការសិក្សារៀនសូត្ររបស់ខ្លូន តែបើទោះបីស្ថិតក្នុងលទ្ធផលល្អក៏ដោយ កុមារារូបនេះនៅតែបារម្ភពីអនាគតសិក្សារបស់ខ្លួន ពិសេសខ្លាចថាពេលដែលទៅសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក សមត្ថភាពនៃការសិក្សារបស់ខ្លួនអាចនឹងទៅមិនដល់គេ ព្រោះតែគេជាជនជាតិដែលប្រើភាសានេះស្រាប់។ ប៉ុន្តែដោយទទួលស្តាប់ពាក្យជំរុញកម្លាំងពីគ្រូបង្រៀនខ្លួនថា “ប្អូនពូកែណាស់ ទោះប្អូនទៅដល់ណាក៏អ្នកគ្រូជឿថា ជោគជ័យដែរ” ទើបសម្បត្តិ ផ្តើមជឿជាក់ខ្លួនឯងនិងបន្តទម្លាប់រៀនសូត្រមិនធុញទ្រាន់ រហូតទទួលបានលទ្ធផលតាមការចង់បាននៅពេលនេះ។
ទន្ទឹមនេះ សម្បត្តិលើកឡើងថា “មិនមែនទាល់តែរៀនសាលាថ្លៃៗ ទើបអាចទទួលបានការសិក្សាល្អនោះទេ”។ ជាក់ស្តែង មូលហេតុដែលលោកទទួលបានជោគជ័យខ្លាំង ចំពោះការសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក គឺសុទ្ធតែផ្តើមចេញពីការខិតខំរបស់ខ្លួនឯងទាំងស្រុង។

បើតាមលោក គីម សម្បត្តិ រយៈពេលជាច្រើនឆ្នាំដែលលោកបានរស់នៅសិក្សារៀនសូត្រ និងធ្វើការនៅទីនោះ ក៏មានផលលំបាកច្រើនផងដែរ មិនដូចជានៅកម្ពុជាទេ។ តាមការឱ្យដឹង ជាតិសាសន៍នៅទីនោះ មើលងាយជនជាតិអាសុីណាស់ ពិសេសកម្ពុជាយើងតែម្តង ដោយសារតែគេយល់ថា កម្ពុជាភាគច្រើនរៀនបានត្រឹមវគ្គជំនាញខ្លីៗប៉ុណ្ណោះ មិនអាចមានលទ្ធភាពសិក្សាកម្រិតស្តង់ដារដូចជាតិសាសន៍ដទៃឡើយ។ ប៉ុន្តែសម្រាប់លោកផ្ទាល់ លោកមិនដែលខ្វល់ខ្វាយនឹងបញ្ហានេះឡើយ គឺខំរៀនតែមួយមុខប៉ុណ្ណោះ រហូតដល់គ្រូៗស្ញប់ស្ញែងនឹងសមត្ថភាព និងល្បីដល់សិស្សៗដទៃទៀតដែលរួមសាលា។

លោកថា “នៅពេលដែលខ្ញុំប្រាប់គេថា ខ្ញុំជាជនជាតិខ្មែរ អ្នកនោះតែងសួរបញ្ជាក់ខ្ញុំម្តងហើយម្តងទៀតដោយភាពភ្ញាក់ ផ្អើល និងខ្លះមិនជឿទេថា ខ្ញុំជាខ្មែរ និងគិតថាជាជនជាតិចិនឬកូរ៉េអីជាដើម”។ លោកបន្តទៀតថា “ដោយសារតែសមត្ថភាព ខ្ញុំក៏ត្រូវបានគេទទួលស្គាល់ គោរពឲ្យតម្លៃជានិច្ច ហើយខ្ញុំមិនដែលបដិសេធ នៅពេលដែលនរណាម្នាក់មកសួរខ្ញុំ ពីមេរៀន ណាមួយដែលគេមិនយល់ឡើយ ខ្ញុំតែងតែពន្យល់ណែនាំគេជានិច្ច ក្នុងកម្រិតចំណេះដឹងដែលខ្ញុំមាន”។
មកដឹងពីសមិទ្ធផល និងជោគជ័យខ្លះៗដែលលោកទទួលបាន៖
ក្នុងឆ្នាំ២០១៧ សម្បត្តិជាប់អាហាររូបករណ៍សិក្សារយៈពេលខ្លីក្នុងសាលាល្បីឈ្មោះមួយរបស់តៃវ៉ាន់ National Taiwan University ដោយប្រើពេលជាង ១ខែ សិក្សានៅទីនោះ។ អំឡុងពេលសិក្សា រៀនសូត្រនៅទីនោះ សម្បត្តិទទួលបានជំនាញភាសាអភិវឌ្ឍទំនាក់ទំនងអន្តរវប្បធម៌ និងបានជួបមនុស្សថ្មីៗជុំវិញពិភពលោក។ ក្រៅពីថ្ងៃសម្រាក សម្បត្តិក៏បានចំណាយពេលរៀនភាសាចិនកុកងឺ និងវប្បធម៌ចិនផងដែរ។


ក្នុងឆ្នាំ២០១៨ លោកបានក្លាយជាទីប្រឹក្សាវ័យក្មេងដំបូងគេមួយរូប ប្រចាំសកលវិទ្យាល័យ Utah ដែលជាទូទៅ កិច្ចការនេះគឺសម្រាប់តែសាស្ត្រាចារ្យដែលមានបទពិសោធន៍ប៉ុណ្ណោះ ហើយកាលណោះ សម្បត្តិក៏នៅជាសិស្សទទួលការបណ្តុះបណ្តាលដែរ។ ប៉ុន្តែដោយផ្អែកលើសមត្ថភាព សម្បត្តិ ទទួលបានកាឱកាសបង្រៀនសិស្ស-និស្សិតជាច្រើនរូប ឱ្យជោគជ័យក្នុងការសិក្សា ពិសេសណែនាំពួកគេឲ្យយកបានអាហាររូបករណ៍ ក៏ដូចជាប្រឡងទៅសាកលវិទ្យាល័យល្បីៗ តាមបំណងរបស់ពួកគេទៀតផង។

ក្រោយមក ក្នុងឆ្នាំ២០២១ ទីប្រឹក្សាវ័យក្មេងរូបនេះក៏ទទួលបានពានរង្វាន់ជាទីប្រឹក្សាឆ្នើមទី១ ប្រចាំសកលវិទ្យាល័យ Utah (The University Of Utah College Advisor Of The Year) ដែលមិនធ្លាប់មានជនជាតិខ្មែរ ណាទទួលបាន។
រយៈពេល ៥ឆ្នាំ សម្រាប់ថ្នាក់មហាវិទ្យាល័យ ចន្លោះឆ្នាំ ២០១៣ – ២០១៨ យុវជនម្នាក់នេះ តែងឈ្នះបានអាហារ រូបករណ៍សិក្សា ដោយបូករួមទាំងការស្នាក់នៅនិងសម្ភារៈសិក្សា។

បើតាមលោក គីម សម្បត្តិ ក្នុងតួនាទីជាអ្នកប្រឹក្សាប៉ុន្មានឆ្នាំមកនេះ លោកបានជួយសិស្សមិនត្រឹមតែការជ្រើសរើស មហាវិទ្យាល័យផ្សេងៗនោះទេ គឺមានទាំងការណែនាំពួកគេអំពីផ្លូវអាជីពដែលពួកគេគួរចាប់យកផងដែរ។ ប៉ុន្តែក្នុងនោះលោកបន្ថែមបញ្ជាក់ដែរថា លោកក៏មានក្តីស្រមៃរបស់ខ្លួន ហើយជាង ១ឆ្នាំមុន លោកបានសម្រេចចិត្តប្តូរគោលដៅទៅរកអាជីពផ្សេងពីវិស័យឯកជន និងចាកចេញពីការងារវិស័យអប់រំសាធារណៈផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ