ព័ត៌មានជាតិ
បច្ចេកវិទ្យាឌីជីថលកំពុងមានសក្ដានុពលទៅលើសេដ្ឋកិច្ចកម្ពុជា
នៅក្នុងបរិបទឧស្សាហកម្ម ៤.០ នេះ កម្ពុជារំពឹងថា នឹងជំរុញវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ឱ្យមានសន្ទុះ និងល្បឿនថ្មី ដោយចាប់យកវិស័យឌីជីថលជាមូលដ្ឋាន ដើម្បីទាញយកកាលានុវត្តភាព (ដំណើរវិវឌ្ឍត្រូវពេលវេលា) ថ្មីៗ និងជំរុញផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងសេដ្ឋកិច្ច។

យោងតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា (ឆ្នាំ២០២១-២០៣៥) បានបង្ហាញថា សក្តានុពលសំខាន់ៗ រួមមាន៖
ការតភ្ជាប់ខ្សែចង្វាក់ផលិតកម្ម ខ្សែចង្វាក់តម្លៃតំបន់ និងសកល៖ ផលិតកម្មនៅក្នុងស្រុកនឹងស្ថិតក្នុងវិសាលភាពទូលំទូលាយគ្មានព្រំដែននៃបច្ចេកវិទ្យាឌីជីថល និងសម្រចបាន តាមនិន្នាការសកលភាវូបនីយកម្ម តាមរយៈការតភា្ជប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល។ ជាពិសេស ការតភ្ជាប់សហគ្រាស ធុនតូច និង មធ្យម (SMEs) ទៅក្នុងខ្សែចង្វាក់ផលិតកម្មតំបន់ និងសកល ត្រូវបានរំពឹងថា នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ។
ការជំរុញសកម្មភាពពាណិជ្ជកម្ម និង ធុរកិច្ច៖ ប្រសិទ្ធភាពនៃប្រតិបត្តិការទិញ-លក់ទំនិញ និងសេវា ជាពិសេស ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការទូទាត់កាន់តែងាយស្រួល និងរហ័ស គួបផ្សំនឹងការដឹកជញ្ជូនលឿន និងមានថ្លៃសមរម្យ នឹងត្រូវបានលើកកម្ពស់។ បន្ថែមលើនេះ ការគ្រប់គ្រងអាជីវកម្ម និងផលិតកម្ម នឹងកាន់តែមានប្រសិទ្ធភាព ដោយសារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បូកផ្សំនឹងកម្លាំង ពលកម្មប្រកបដោយជំនាញ។ ជាមួយគ្នានេះដែរ ការរៀបចំពិព័រណ៍តាមប្រព័ន្ធអេឡិចត្រូនិក និងការរៀបចំថ្នាលសម្រាប់ដាក់លក់ និងផ្សព្វផ្សាយផលិតផល ដើម្បីជំរុញការនាំចេញ និងការផ្សារភ្ជាប់ទីផ្សារឱ្យដល់ អតិថិជនចុងក្រោយក៏អាចប្រពឹត្តទៅបានតាមបច្ចេកវិទ្យាឌីជីថល។
ការបង្កើតការងារ ជំនាញ និងការវិនិយោគ៖ ការងារ និងកម្រិតជំនាញ ត្រូវបានរំពឹងថា នឹងកើនឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ តាមរយៈយន្តការរដ្ឋ តួយ៉ាង កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និងការបណ្ដុះបណ្តាលជំនាញបន្ថែមដោយវិស័យឯកជន។ ជាមួយគ្នានេះ ការលើកកម្ពស់សហគ្រិន-ភាព និងនវានុវត្តន៍ នឹងរួមចំណែកក្នុងការបង្កើតធុរកិច្ចថ្មី និងការទាក់ទាញការវិនិយោគ នៅក្នុងស្រុក និងក្រៅស្រុក នៅក្នុងវិស័យ ICT (Information and communication technology)។
ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ៖ សម្រាប់វិស័យសាធារណៈ ការផ្តល់សេវាសាធារណៈ ត្រូវបានរំពឹងថា នឹងមានប្រសិទ្ធភាពកាន់តែប្រសើរ និងតម្លាភាពកាន់តែខ្ពស់ តាមរយៈការទទួលយកផ្នត់គំនិតឌីជីថល និងការលើកកម្ពស់សមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ និន្នាការនេះក៏បានបង្កើនឱកាស សម្រាប់ការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ នៅក្នុងវិស័យប្រពៃណី រួមទាំងវិស័យសេដ្ឋកិច្ច សង្គម និងសន្តិសុខ។

សូមបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលរយៈពេល ៥ ឆ្នាំ គឺពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ដើម្បីគាំទ្រនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ តម្លាភាព និងស័ក្តិសិទ្ធិភាព តាមរយៈបច្ចេកវិទ្យាឌីជីថល ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០៕
អត្ថបទ៖ ផល ធារិត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង