ព័ត៌មានជាតិ
លោក ប្រាក់ សុខុន៖ ជំនួយជប៉ុនបង្ហាញពីការគាំទ្រឥតងាករេដល់ការអភិវឌ្ឍរបស់កម្ពុជា
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន លើកឡើងថា ជំនួយរបស់ជប៉ុនបានបង្ហាញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តរបស់ជប៉ុន ក្នុងការគាំទ្រឥតងាករេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ លោក ប្រាក់ សុខុន លើកឡើងបែបនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីចុះហត្ថលេខាស្ដីពីការផ្តល់ឥណទានសម្បទានដល់កម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/IMG_6815-edited-scaled.jpg)
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងអំណរគុណជប៉ុនចំពោះការបន្តផ្ដល់ជំនួយដល់កម្ពុជា ដោយលោកបញ្ជាក់ថា កាយវិការនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រឥតងាករេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
លោក ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះសរជូនចំពោះ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសហការី ព្រមទាំងមន្ត្រី នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងកិច្ចគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា។ ប្រមុខការទូតកម្ពុជា បានបន្តថា តាមរយៈបេសកកម្មទាំងនេះបានធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ខណៈឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/IMG_6812-1-edited-scaled.jpg)
គួរបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ប្រាក់ សុខុន និង លោក UENO Atsushi បានចុះហត្ថលេខារួមគ្នាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពី ការផ្តល់ឥណទានសម្បទានជាប្រាក់យ៉េនដល់កម្ពុជា មានទឹកប្រាក់សរុបចំនួន ២៥ ៧៧៣ លានយ៉េន (ស្មើប្រមាណ ១៨៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តលើ ២ គម្រោង។
គម្រោងអភិវឌ្ឍន៍ទាំង២នេះ រួមមាន៖ ទី១ គឺគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដោយគម្រោងនេះមានគោលបំណងកែលម្អស្ថានភាពផ្លូវចំនួន ៣៨ ខ្សែ ចាប់ពីផ្លូវក្រួសដល់ផ្លូវក្រាលកៅស៊ូ កសាងស្ពាន និងដំឡើងបំពង់លូ ដែលមានប្រវែងសរុប ៥២៩,៧ គីឡូម៉ែត្រតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ គម្រោងនេះគឺស្របតាមគោលនយោបាយអភិវឌ្ឍជនបទរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ ២០១៩-២០២៣។ ការកែលម្អផ្លូវជនបទទាំងនោះ នឹងជួយសម្រួលដល់ការធ្វើដំណើរជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ សំដៅរួមចំណែកដល់ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទាំងនោះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/IMG_6816-edited-scaled.jpg)
រីឯគម្រោងទី២ គឺគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប ដំណាក់កាលទី៣ ដោយគម្រោងនេះនឹងទទួលបានថវិកាបន្ថែម ដើម្បីសាងសង់រោងចក្របន្សុទ្ធទឹក ដែលមានសមត្ថភាពបន្សុទ្ធទឹកចំនួន ៦០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងស្ថានីយ៍បូមទឹក និងប្រព័ន្ធចែកចាយទឹក សំដៅជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តសៀមរាប៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?